អន្តរជាតិ
ចិនថា ការកុហកនៅតែជាការកុហក ក្រោយរងរិះគន់ខ្លាំងជុំវិញសិទ្ធិមនុស្សនៅស៊ីនជាំងនៅ UN
22, Oct 2021 , 8:29 pm        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ Zhang Jun ។ រូបថត Xinhua
អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ Zhang Jun ។ រូបថត Xinhua
ប្រទេសជាច្រើន បានបន្តដាក់សម្ពាធលើចិននៅអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ២១ ខែតុលា ជុំវិញការរំលោភសិទ្ធិជនជាតិមូស្លីមវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង។ ការចោទប្រកាន់នេះ បានធ្វើឱ្យមានការឆ្លើយតបភ្លាមៗពីប្រេសិតចិននៅ UN ។


ការឆ្លើយឆ្លើងសម្ដីដាក់គ្នាជុំវិញស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងរវាងចិន និងបណ្តាប្រទេសលោកខាងលិចភាគច្រើនរួមទាំងអាម៉េរិកផង បានក្លាយជារឿងធម្មតាទាំងនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក និងនៅទីក្រុងហ្សឺណែវដែលមានក្រុមប្រឹក្សាសិទ្ធិមនុស្សផង។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអានដោយឯកអគ្គរដ្ឋទូតបារាំងនៅ UN លោក Nicolas de Rivière ទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សនៃមហាសន្និបាត ប្រទេសចំនួន ៤៣ បានបង្ហាញការព្រួយបារម្ភអំពីកំណើនរបាយការណ៍នៃការរំលោភសិទ្ធិមនុស្សដែលរីករាលដាល និងជាប្រព័ន្ធនៅខេត្តស្វយ័តមួយនេះ។ ប្រទេសទាំងនេះ ចោទប្រកាន់ចិនថា បានឃុំខ្លួនមនុស្សជាង១លាននាក់នៅក្នុងជំរំនានា។
 
ប្រទេសទាំង ៤៣ បានចោទប្រកាន់រដ្ឋាភិបាលចិនពីការរំលោភបំពានជាច្រើនដូចជាការធ្វើទារុណកម្ម ឬអំពើឃោរឃៅ អមនុស្សធម៌ និងការធ្វើទុក្ខបុកម្នេញអមនុស្សធម៌ អំពើហិង្សាផ្លូវភេទ និងការបំបែកកុមារដោយបង្ខំលើជនជាតិភាគតិច។
 
កន្លងមក ទីក្រុងប៉េកាំង បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយពិពណ៌នាជំរំទាំងនោះថាជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម។ ក្នុងកិច្ចប្រជុំដដែល ឯកអគ្គរដ្ឋទូតចិននៅ UN លោក Zhang Jun ក៏បានវាយបកវិញដែរ។
 
«ទៅកាន់អាម៉េរិក និងប្រទេសមួយចំនួនទៀត! ការប៉ុនប៉ងរបស់អ្នកដើម្បីបិទបាំងកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់អ្នកនឹងមិនធ្វើទៅរួចទេ។ មិនថានិយាយដដែលៗប៉ុន្មានដងទេ ការកុហកគឺនៅតែជាការកុហក។ អ្នកកំពុងប្រើសិទ្ធិមនុស្សជាលេសសម្រាប់ការធ្វើនយោបាយដើម្បីបង្កការប្រឈមមុខដាក់គ្នា»។ លោក Zhang បានតបតបែបនេះទៅកាន់អាម៉េរិកនិងប្រទេសមួយចំនួនដែលបានចោទប្រកាន់ចិនពីបញ្ហាសិទ្ធិមនុស្ស។ 
 
ជុំវិញសិទ្ធិមនុស្សនៅស៊ីនជាំង លោកស្រី Michelle Bachelet ប្រមុខសិទ្ធិមនុស្សរបស់ UN បានចរចាជាមួយចិនដើម្បីចូលទៅកាន់តំបន់ស៊ីនជាំងចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ មក។ ក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីខែមិថុនាន លោកស្រីសង្ឃឹមថា នឹងមានការយល់ព្រមលើលក្ខខណ្ឌសម្រាប់ធ្វើដំណើរទស្សនកិច្ចនៅឆ្នាំនេះ ដើម្បីពិនិត្យមើលរបាយការណ៍នៃការរំលោភធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិ វីហ្គ័រមូស្លីមនៅចិន។ ប្រទេសជាង៤០នៅបានក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏បានជំរុញឱ្យចិនផ្តល់សិទ្ធិឱ្យលោកស្រី Bachelet ចុះត្រួតពិនិត្យជាបន្ទាន់ផងដែរ៕
 

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com