អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រសួងការបរទេសចិន៖ ចិននិងរុស្ស៊ី មិនមែនជាសម្ព័ន្ធមិត្ត តែជិតស្និទ្ធជាងសម្ព័ន្ធមិត្ត
23, Oct 2021 , 8:30 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២២ ខែតុលា។ រូបថតពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២២ ខែតុលា។ រូបថតពីក្រសួងការបរទេសចិន
 អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin នៅថ្ងៃទី២២ ខែតុលា បានហៅទំនាក់ទំនងចិន និងរុស្ស៊ីមានលើសពីសម្ព័ន្ធមិត្ត។ បើតាមលោក Wang ចិន និងរុស្ស៊ី បានចាប់ដៃគ្នាជាច្រើនឆ្នាំក្នុងនាមជាអ្នកជិតខាងល្អ និងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយភាពជាដៃគូរវាងមហាអំណាចទាំងពីរ ក៏មិនមែនដើម្បីប្រឆាំងប្រទេសទីបីដែរ។


នាសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី២២ ខែតុលា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានចោទសួរដោយអ្នកកាសែតនៃទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass ពីការអធិប្បាយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លើទំនាក់ទំនងចិន និងរុស្ស៊ី។ ពីវេទិកាជជែកនៅថ្ងៃទី២១ ខែតុលា លោក ពូទីន និយាយថា ខុសពីណាតូ រុស្ស៊ី និងចិន មិនបានបង្កើតសម្ព័ន្ធភាពយោធា ឬប្លុកយោធាឡើយ។

ជាការឆ្លើយតប លោក Wang បានលើកឡើងពីសមិទ្ធផលពីរទសវត្សរ៍ក្នុងទំនាក់ទំនងចិន និងរុស្ស៊ី។ មន្ត្រីក្រសួងការបរទេសចិនបញ្ជាក់ថា ទំនាក់ទំនងចិន និងរុស្ស៊ីធ្វើការរួមគ្នាដើម្បីអភិវឌ្ឍភាពជាអ្នកជិតខាងល្អនៅរយៈពេលវែង និងទំនាក់ទំនងដែលផ្ដល់ប្រយោជន៍ទៅមក ដោយផ្អែកលើគោលការណ៍មិនចងសម្ព័ន្ធភាព មិនប្រឈមមុខ និងមិនសំដៅប្រទេសទីបី ព្រមទាំងបានជំរុញសន្តិភាព និងការអភិវឌ្ឍសាកលលោក។

«ចិន និងរុស្ស៊ីមិនមែនជាសម្ព័ន្ធមិត្ត តែជិតស្និទ្ធជាងសម្ព័ន្ធមិត្ត។» អ្នកនាំពាក្យក្រសួងការបរទេសចិនសង្កត់ធ្ងន់បែបនេះ មុនបន្តថា ចិន ត្រៀមខ្លួនជាស្រេចដើម្បីចាប់ដៃរុស្ស៊ី និងសហគមន៍អន្តរជាតិក្នុងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងទំនាក់ទំនងអន្តរជាតិថ្មីដែលផ្អែកលើគោលការណ៍សមធម៌ និងយុត្តិធម៌ផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ២០២១ ជាខួបទី២០ នៃសន្ធិសញ្ញាភាពជាអ្នកខាងល្អ និងកិច្ចសហប្រតិបត្តិល្អរវាងចិន និងរុស្ស៊ី។ ទំនាក់ទំនងរវាងអំណាចទាំងពីរ ត្រូវបានមើលឃើញថា ខិតជិតគ្នាខ្លាំង ស្របពេលកំពុងប្រឈមមុខគ្នាជាមួយលោកខាងលិចដូចគ្នា។ រុស្ស៊ីប្រឈមមុខជាមួយអាម៉េរិក និងអឺរ៉ុបលើបញ្ហាអ៊ុយក្រែន និងការលួចស៊ើបការណ៍ ចំណែកចិនមានបញ្ហាចម្បងជាមួយអាម៉េរិកលើរឿងជាច្រើនដូចជាសិទ្ធិមនុស្ស ពាណិជ្ជកម្ម និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម៕


Tag:
 ចិន
  រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com