ជាតិ
សង្គមជាតិ
កូរ៉េខាងជើង រិះគន់អាម៉េរិកចំៗជុំវិញជំហរជួយតៃវ៉ាន់
24, Oct 2021 , 4:59 pm        
រូបភាព
 
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃទី២៣ ខែតុលា ចោទប្រកាន់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ជុំវិញការបង្កើនភាពតានតឹងផ្នែកយោធាជាមួយចិនតាមរយៈការគាំទ្រតៃវ៉ាន់ ហើយថា វត្តមានយោធាអាម៉េរិកដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ គំរាមយ៉ាងខ្លាំងដល់កូរ៉េខាងជើង។



នៅក្នុងបទអត្ថាធិប្បាយមួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អនុរដ្ឋមន្រ្តីកូរ៉េខាងជើងលោក Pak Myong Ho រិះគន់អាម៉េរិកចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងផ្តល់ឱ្យតៃវ៉ាន់នូវប្រព័ន្ធសព្វាវុធនិងការហ្វឹកហ្វឺនយោធា។ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ លោក Pak បន្ថែមថា ការជ្រៀតជ្រែកដោយគ្មានការគិតពិចារណានៅក្នុងបញ្ហាទាក់ទិននឹងតៃវ៉ាន់របស់អាម៉េរិក គំរាមកំហែងដល់ស្ថានភាពមិនល្អស្រាប់នៅឧបទ្វីបកូរ៉េ។

សេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងនេះ ធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន អះអាងនៅថ្ងៃទី២២  ខែតុលាថា នឹងប្តេជ្ញាការពារកោះតៃវ៉ាន់ប្រសិនបើវាត្រូវបានវាយប្រហារដោយចិន។

លើសពីនេះទៅទៀត លោក Pak លើកឡើងថា វាច្បាស់ណាស់ដែលថាការតាំងមូលដ្ឋានរបស់កងទ័ពនិងយោធាអាម៉េរិកនៅកូរ៉េខាងត្បូង ជាការដាក់សម្ពាធដល់ចិន។ លោកបន្តថា កងកម្លាំងដ៏ធំរបស់អាម៉េរិកនិងរដ្ឋរណបរបស់អាម៉េរិកដែលកំពុងប្រមូលផ្តុំនៅជិតកោះតៃវ៉ាន់ អាចនឹងធ្វើប្រតិបត្តិការយោធាប្រឆាំងទៅនឹងកូរ៉េខាងជើងនៅពេលណាក៏បាន។

សម្រាប់ លោក Pak ការអះអាងដែលអាម៉េរិកថាការកើនឡើងនៃវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ដើម្បីទប់ស្កាត់ការបង្កបញ្ហារបស់កូរ៉េខាងជើងនិងចិននៅឧបទ្វីបកូរ៉េនិងតៃវ៉ាន់ គឺគ្រាន់តែជាលេសឥតយកជាការបានតែប៉ុណ្ណោះ។ លោក Pak បន្ថែមថា ការពិតនេះសបញ្ជាក់ឱ្យឃើញថា អាម៉េរិកកំពុងប៉ុនប៉ងរារាំងកូរ៉េខាងជើងនិងចិនដែលជាប្រទេសសង្គមនិយមទាំងពីរ ដើម្បីរក្សាឧត្តមភាពកំពូលរបស់ខ្លួននៅក្នុងសកលលោកតែប៉ុណ្ណោះ៕




Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com