ជាតិ
សង្គមជាតិ
អ្នកជំនាញ ចាប់ផ្តើមជួសជុលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត
24, Oct 2021 , 5:30 pm        
រូបភាព
 
ខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ដែលមានសភាពទ្រុឌទ្រោម ទទួលបានការជួលជុលពីអ្នកជំនាញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ ខ្លោងទ្វារខាងកើតអង្គរវត្ត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលទេសចរចូលទស្សនាប្រាសាទអង្គរវត្តនេះ បានរងការខូចខាត ដោយសារបញ្ហាអាកាសធាតុ អាយុកាល និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។ អ្នកជំនាញបារម្ភថា ថ្មមួយចំនួនអាចនឹងធ្លាក់បាក់បែក ដែលបង្កហានិភ័យដល់តួប្រាសាទ និងទេសចរ ហើយដែលមូលហេតុជំរុញឱ្យមានការជួលជុលខ្លោងទ្វារដ៏មានសារសំខាន់នេះ។



លោកស្រី  ភិន វិជ្ជាសច្ចរ៉ា បុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត មិនមានការខូចខាតធ្ងន់ធ្ងរឡើយ ដោយខូតខាតផ្នែកខ្លះៗដូចជាជណ្តើរ ដំបូល ព្រំដំបូល និងហោជាងជាដើម។
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រើថ្មដើម្បីយកទៅវិភាគ និងផ្គុំសាកល្បង។ រូបភាពពី អាជ្ញាធរជាតិអប្សរា

បើតាមអ្នកស្រី វិជ្ជាសច្ចរ៉ា បច្ចុប្បន្ន អ្នកជំនាញកំពុងរើថ្មដែលធ្លាក់រាយប៉ាយ យកទៅផ្គុំ ដើម្បីវិភាគកំណត់ផ្នែកណាមួយនៃសំណង់។ បន្ទាប់ពីផ្គុំសាកល្បងហើយ អ្នកជំនាញនឹងសិក្សាពីទម្ងន់ និងវិភាគថាតើអាចលើកដាក់វិញបាន ឬអត់។ សម្រាប់បូរាណវិទូ វិជ្ជាសច្ចរ៉ា ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ មិនមានការលំបាកអ្វីច្រើនឡើយ។ ទោះយ៉ាងណា  អ្នកស្រី វិជ្ជាសច្ចរ៉ា មិនអាចបញ្ជាក់ពីរយៈពេលនៃការជួសជុលបានឡើយ ដោយអ្នកជំនាញរូបនេះ លើកឡើងថា បញ្ហាអាកាសធាតុ អាចរារាំងដល់ដំណើរការជួសជុលនេះខ្លះដែរ៕









Tag:
 អង្គរវត្ត
  ខ្លោងទ្វារខាងកើត
  សៀមរាប
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com