ជាតិ
សង្គមជាតិ
វត្តភ្នំព្រះទេវៈ ដាំដើមត្នោតជាង ២ម៉ឺនដើម ក្នុងបរិវេណព្រៃសហគមន៍ ក្នុងស្រុកបន្ទាយស្រី
24, Oct 2021 , 10:59 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ចាប់ពីខែកក្កដា ឆ្នាំ២០២១មក ព្រះសង្ឃនៅក្នុងវត្តភ្នំព្រះទេវៈ បានផ្ដើមបិណ្ឌបាត និងដាំគ្រាប់ត្នោតបានជាង២ម៉ឺនគ្រាប់ហើយ ក្នុងគម្រោង ៥ម៉ឺនដើម សម្រាប់ដាំជាព្រំប្រទល់ការពារដីសហគមន៍ ដែលមានផ្ទៃដីសរុប៦៣ហិកតា។ បច្ចុប្បន្ន គម្រោងនេះកំពុងជួបបញ្ហាអស់គ្រាប់ត្នោតដាំ និងខ្វះថវិកាចំណាយលើដំណើរការ រួមទាំងបញ្ហាបច្ចេកទេសផងដែរ។



ព្រះចៅអធិការ ត សន ស៊ាន មានសង្ឃដីកាថា បច្ចុប្បន្នវត្តព្រះទេវៈ មានគម្រោងបិណ្ឌបាត និងដាំកូនត្នោត ធ្វើជារបងព័ទ្ធតាមព្រំដីសហគមន៍ចំនួន៥ម៉ឺនដើម លើផ្ទៃដីសរុប៦៣ហិកតា។ ដំណើរជិត៣ខែមកនេះ ព្រះអង្គទទួលបានកូនត្នោតចំនួន២,២ម៉ឺនគ្រាប់ ដែលអាចយកទៅដាំបានហើយ។

ភិក្ខុ សន ស៊ាន បញ្ជាក់ដូច្នេះ៖ « ពេលនេះនៅក្នុងឃុំរំចេកគ្រាប់ត្នោតអស់ហើយ។ យើងដាំបាន២ម៉ឺន២ពាន់ដើម បើគិតត្រឹមថ្ងៃ២៤ខែតុលា។ ជាគម្រោងអាត្មាក៏មិនទាន់អាចប្រាកដថា នឹងបញ្ចប់នៅពេលណាដែរ។ តែអ្វីដែលសំខាន់ បើគិតទៅយើងអាចដាំបានប្រហែលជា ២០ទៅ ៣០ភាគរយនៃគម្រោងហើយ។ ត្នោតក្នុងភូមិអស់ យើងអាចទទួលពីសប្បុរពីខាងក្រៅ និងអាចចាំក៏ថាពេលក្រោយក៏ថាបាន»។
រូបភាព ដោយជ្រៃ តន្ត្រីទេវៈ

ព្រះចៅអធិការបានប្រាប់សារព័ត៌មានថ្មីៗ ថា ជាគោលបំណងរបស់វត្ត គឺចង់បានដើមត្នោតធំ យកមកដាំតែម្ដង ប៉ុន្ដែដោយសារមិនមានថវិកាគ្រប់គ្រាន់ក្នុងការចំណាយ ទើបព្រះសង្ឃសម្រេចចិត្តរៃអង្គាសត្រឹមកូនត្នោតតូចៗ និងគ្រាប់ត្នោតមកបណ្ដុះដាំ។ ព្រះតេជគុណ សន ស៊ាន បានបន្ថែមថា សព្វថ្ងៃមានសប្បុរសជនជិតឆ្ងាយជាច្រើន ដែលបានបរិច្ចាគដើមត្នោតធំឱ្យវត្ត  តែដោយសារខ្វះកម្លាំងបច្ចេកទេស និងថវិកាទើបធ្វើឱ្យវត្ត មិនអាចដាំបាននៅឡើយ។

« គ្រាប់ត្នោតដែលបិណ្ឌបាតបាន អាត្មាយកទៅដាំ ហើយក៏មិនអាចប្រាកដថានឹងរស់១០០ភាគរយនោះដែរ។ កូនត្នោតក្នុងចំណោម២ម៉ឺន២ពាន់ដើមដែលបាន ដាំរួចហើយមានងាប់ខ្លះដែរ តែមិនច្រើនទេ។ ជាពិសេសក្នុងរដូវវស្សា ការដាំកូនត្នោតមានឧបសគ្គតិចតូច តែមិនមានហានិភ័យខ្ពស់ទេ ព្រោះយើងដាំគ្រាប់។ បើដាក់គ្រាប់ មួយមិនដុះ ក៏មានបីឬពីរដុះដែរ»។ នេះជាបញ្ហាប្រឈមក្នុងពេលក្នុងពេលដាំកូនត្នោតនៅក្នុងសហគមន៍។

ទន្ទឹមនឹងនេះ ព្រះចៅអធិការវត្តភ្នំព្រះទេវៈ ដែលស្ថិតក្នុងភូមិភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក៏បានអំពាវនាវរកអ្នកជំនាញដាំដើមត្នោតបន្ថែមដែរ ប៉ុន្ដែមិនទាន់មានអ្នកជំនាញណាមួយ អាចជួយលើដំណើការទាំងនេះនៅឡើយទេ។
រូបភាព ដោយជ្រៃ តន្ត្រីទេវៈ
បើតាមសង្ឃដីកាព្រះចៅអធិការខាងលើ គោលបំណងធំបំផុត ក្នុងការចូលរួមដាំដើមត្នោតនេះ រួមមាន៖  ទី១ ដាំធ្វើជារបង ជាព្រំការពារដីសហគមន៍។ ទី២ ដោយសារចង់រក្សាវត្តមានដើមត្នោតឱ្យនៅតែមាននៅលើទឹកដីខេត្តសៀមរាប ក៏ដូចជាក្នុងស្រុកបន្ទាយស្រី ព្រោះសព្វថ្ងៃមានដើមត្នោតច្រើន ត្រូវបានគេកាប់ចេញ ដើម្បីបំពេញតម្រូវការឯកជន ដែលជាហេតុធ្វើឱ្យត្នោត កាន់តែមានចំនួនតិចទៅៗ។ ចុងក្រោយ គឺដើម្បីរក្សាដើមឈើអត្តសញ្ញណ ទុកឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ និងប្រើជាប្រយោជន៍បន្តទៅទៀត។

« អាត្មាមិនប្រាកដថា នៅរហូតដល់ពេលណាទេ តែអ្វីដែលធ្វើបានគឺចង់សាងអ្វីដែលជាប្រយោជន៍សម្រាប់បន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយឃើញ។ ណាមួយវិញទៀត បច្ចុប្បន្នដើមត្នោតភាគច្រើន ត្រូវបានគេកាប់ចោល ហើយមិននាំគ្នាដាំទេ។ ដើមឈើអត្តសញ្ញាណមួយនេះអាចកាន់តែបាត់បងទៅជាបណ្ដើរដូច្នេះឯង បើសិនមិននាំគ្នាអភិរក្ស និងដាំបន្ដ»។ ការពន្យល់បន្ថែមរបស់ ភិក្ខុ សន ស៊ាន។

ព្រះតេជគុណ ក៏បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបនាំគ្នា ជួយចូលរួមការពារ និងថែរក្សាដើមត្នោត ក្នុងស្រុកភូមិ កុំឱ្យបាត់បង់ ព្រោះវាអាចជួយបញ្ជាក់ពីអត្តសញ្ញាណជាខ្មែរ និងអាចជួយជាប្រយោជន៍ សម្រាប់ជីវភាពពលរដ្ឋតាមតំបន់ផងដែរ៕






Tag:
 ខេត្តសៀមរាប
  បន្ទាយស្រី
  ដើមត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com