ជាតិ
សង្គមជាតិ
ខេត្តស្ទឹងត្រែង កំពុងសិក្សាស្រាវជ្រាវមុខម្ហូបប្រាំមុខ ដាក់ជាមុខម្ហូបអត្តសញ្ញាណ
26, Oct 2021 , 2:00 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ មន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងខេត្តស្ទឹងត្រែងកំពុងសិក្សា និងស្រាវជ្រាវម្ហូបតាមតំបន់ ដើម្បីបង្ហាញដល់ពលរដ្ឋ និងតាមបណ្ដាខេត្តផ្សេងៗ ឱ្យបានស្វែងយល់និងស្គាល់ម្ហូបអត្តសញ្ញាណខេត្ត។



លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា សព្វថ្ងៃក្រុមការងារមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ កំពុងកំណត់យកម្ហូបប្រាំមុខ នៅក្នុងខេត្តស្ទឹងត្រែង សម្រាប់ធ្វើជាម្ហូបប្រចាំខេត្ត។ ម្ហូបទាំងនោះរួមមាន ភ្លាត្រីជ្រលក់ ឆាគ្រឿងត្រីក្របី ស្ងោរជ្រកត្រីប៉ាស៊ីអី សេក និងឡាប រួមជាមួយនំអន្សម។
ប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែង បានបញ្ជាក់បន្ដែមថា សកម្មភាពនៃការសិក្សាស្រាវជ្រាវ ឬកំណត់ម្ហូបប្រចាំតំបន់នេះ ជារឿងមួយដែលសំខាន់សម្រាប់វិស័យទេសចរ ព្រោះវាជាផ្នែកមួយ ដែលអាចជួយជំរុញវិស័យទេសចរនៅក្នុងខេត្តបានមួយកម្រិត។ លោក ប៉ោសឿន បានបន្ថែមថា ប្រសិនបើខេត្តស្ទឹងត្រែង មានអាហារប្រចាំតំបន់ អាចជាលក្ខណៈពិសេសមួយ សម្រាប់ទទួលទេសចរដែលមកកម្សាន្ត ។

ម្យ៉ាងវិញទៀត សកម្មភាពនៃការបង្ហាញម្ហូប ដែលជាអត្តសញ្ញាណរបស់ខេត្តក៏ជាផ្នែកមួយ អាចជួយបង្ហាញនូវវប្បធម៌នៃការរស់នៅ និងការបរិភោគអារហារខុសប្លែកជាងខេត្តដទែផងដែរ។ នេះជាការបញ្ជាក់របស់លោក អ៊ន់ ប៉ោសឿន។

ប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែងរូបនេះ បាននិយាយដូច្នេះថា៖« ទេសចរភាគច្រើនចូលចិត្តទៅកម្សាន្ថតាមខេត្ត ដែលមានតំបន់ទេសចរណ៍។ ក្រៅពីនេះ បង្អែម ឬម្ហូបអារហារប្រចាំតំបន់ក៏ជាផ្នែកមួយ អាចជួយទាក់ទាញពួកគាត់ចង់សាករសជាតិថ្មីៗ ដែលកើតចេញពីការបរិភោគផងដែរ។ លើសពីនេះ ពាក្យថាម្ហូបអត្តសញ្ញាណ មានន័យថា ជាអាហារដែលពលរដ្ឋនៅក្នុងខេត្ត ឬក្នុងតំបន់នោះពេញនិយម ឬឱ្យតម្លៃ អាចមកពីមានរសជាតិ ឬ ជាអាហារដែលត្រូវបានបន្សលទុកមកតាំងពីជំនាន់មុន អាចខេត្តផ្សេងមិនមានដូចទេ»។

លោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងបានថ្លែងថា ចំពោះដំណើរការនៃការសិក្សា ស្វែងយល់ពីម្ហូបតាមតំបន់ ពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់ បង្ហាញរបៀបរបបនៃការរស់នៅ ចំណងចំណូលចិត្តពលរដ្ឋ ដើម្បីបង្ហាញទៅកាន់សាធារណៈជន ដែលរស់នៅក្នុងខេត្តផ្សេងឱ្យបានដឹង។

ក្នុងនាមជាប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក ធាវី គាំទ្រ សកម្មភាពខាងលើ ព្រោះខេត្តស្ទឹងត្រែង ជាខេត្តមួយដែលមានវប្បធម៌នៃរស់នៅ និងការបរិភោគ ខុសប្លែកបន្តិចពីពលរដ្ឋនៅតាមភូមិភាគកណ្ដាល និងឦសាន។ ដូច្នេះវប្បធម៌ទាំងនេះគួរតែត្រូវបានបង្ហាញ ឱ្យបានទូលំទូលាយ។

« នៅទីនោះម្ហូបភាគច្រើនគេស្លមិនដូចជាម្ហូបខ្មែរទេ ទោះបីជាមានមុខម្ហូបខ្លះមានឈ្មោះដូចគ្នាក៏ដោយ។ ខ្ញុំរស់នៅទីនេះយូរហើយ រហូតបានស្វែងយល់ពីរបៀបនៃការចម្អិនម្ហូបមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋនៅទីនេះតែងតែនិយមធ្វើទៀតផង។ ខ្ញុំឧទាហរណ៍ ម្ហូបភ្លាមួយមុខចុះ ភាគច្រើននៅខាងភ្នំពេញ ភាគច្រើនយកសាច់គោ ឬសាច់ជ្រូក ទៅចិញ្ច្រាំដាក់នឹងយករលីង តែនៅស្ទឹងត្រែងមានរបៀបខុសតាមគ្នាដាច់ពីតំបន់នានា។ មិនមែនខុសតែម្ហូបប្រភេទនេះទេ ម្ហូបផ្សេងក៏ខុសគ្នាដែរ ភាគច្រើនរបៀបធ្វើ និងរសជាតិមិនដូចគ្នាតែម្ដង»។ នេះជាការពបកស្រាយ របស់លោក ធាវី។

ប្រធានមន្ទីររូបនេះបន្តថា មូលហេតុចម្បងដែលធ្វើឱ្យ ម្ហូបអារហារមួយចំនួនធំក្នុងខេត្តនេះ ខុសប្លែកទាំងរស់ជាតិ និងរបៀបធ្វើ ក៏ដោយសារថា ពលរដ្ឋភាគច្រើនដែលរស់នៅក្នុងខេត្តស្ទឹងត្រែ ជាកូនកាត់ឡាវ ដូច្នេះទម្លាប់ភាគច្រើន តែងរួមបញ្ចូលគ្នា។

លោក អ៊ន់ ប៉ោសឿន បានបន្ថែមថា ប្រសិនបើមានការសម្រេចជាក់លាក់ នៃការជ្រើសរើសម្ហូប ដែលជាអត្តសញ្ញាណខេត្ត នោះក្រុមការងារមន្ទីរទេសចរណ៍ ដើម្បីទទួលទេសចរ។ មិនតែប៉ុណ្ណោះខាងមន្ទីរ ក៏នឹងព្យាយាមដាក់ម្ហូបទាំងនេះ ឱ្យមាននៅតាមទីតាំងអាហារដ្ឋានតូចៗ ក្នុងខេត្ត ឬនៅតាមតំបន់ទេសចរទៀតផង។ នេះជាការបញ្ជាក់របស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍៕





Tag:
 ខេត្តស្ទឹងត្រែង
  ម្ហូបតាមតំបន់
  មន្ទីរវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com