អន្តរជាតិ
ចិនព្រមានពីអូសបន្លាយការផ្ទុះជំងឺកូវីដ-១៩ ខណៈករណីឆ្លងថ្មីកើនឡើងជាបន្តបន្ទាប់
25, Oct 2021 , 11:29 am        
រូបភាព
មន្ត្រីសុខាភិបាលចិន នៅថ្ងៃទី២៤ ខែតុលា ព្រមានថា ការផ្ទុះឡើងជំងឺកូវីដ-១៩ នៅពេល​ចុង​ក្រោយ​នេះ អាចនឹងបន្តកើនឡើងបន្ថែមទៀត។ អាជ្ញាធរ ជំរុញឱ្យគ្រប់​តំបន់ទាំងអស់​បង្កើន​ការរឹតត្បិត​យ៉ាង​តឹងរ៉ឹងក្នុងការធ្វើដំណើរឆ្លងកាត់​ពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់រលកឆ្លងចុងក្រោយ។

 
មួយសប្ដាហ៍គិតត្រឹមថ្ងៃទី២៤ ខែតុលា តួលេខឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកនៅចិន មានច្រើនជាង១០០ ករណីនៅខេត្តចំនួន១១ ដែលភាគច្រើនករណីឆ្លងទាំងនោះមានពាក់ព័ន្ធជាមួយក្រុមទេសចរណ៍ចំនួន ១៣ផ្សេងៗគ្នា។ អាជ្ញាធរសុខាភិបាលចិន ព្រមានពីហានិភ័យដែលរលកឆ្លងចុងក្រោយនេះ បន្តរយៈពេលវែងទៀត។
អ្នកនាំពាក្យគណៈកម្មការសុខាភិបាលចិន លោក Mi Feng ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែតុលា ថា ហានិភ័យកំពុងកើ​នឡើងដែលអាចនឹងបណ្ដាលឱ្យមានការរាតត្បាតបន្ថែមទៀត។ ទន្ទឹមនេះ អនុ​ប្រធានគណៈកម្មការសុខាភិបាលចិន Wu Liangyou បានបញ្ជាក់ថា ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ទម្រង់ដែលតា ងាយនឹងធ្វើឱ្យករណីឆ្លងហក់ឡើងយ៉ាងឆាប់រហ័ស ហើយការផ្ទុះឡើងលើក​នេះមាន​ប្រភពពីករណីនាំចូលពីបរទេស។
 
ដើម្បីទប់ស្កាត់ករណីឆ្លង អាជ្ញាធរចិន បានហាមឃាត់ក្រុមហ៊ុនទេសចរណ៍ពីការរៀបចំដំណើរឆ្លងខេត្ត ណាដែលត្រូវបានចាត់ទុកថាជាតំបន់មានហានិភ័យខ្ពស់។ អាជ្ញាធរក៏បានផ្អាកសេវាកម្មទេសចរណ៍​ទូទាំងប្រទេសមួយចំនួនផងដែរ។
 
បន្ថែមពីនេះ​ ទីក្រុងប៉េកាំងអះអាងថា ខ្លួននឹងដាក់បម្រាមយ៉ាងតឹងរ៉ឹងបំផុតចំពោះរាល់អ្នកដំណើរ​ដែល​មកពីប្រទេសដែលនៅមានករណីឆ្លងជំងឺកូវីដ-១៩ ហើយទោះបីជាបុគ្គលនោះ​មកពី​ប្រទេស​ដែល​មាន​ករណីឆ្លងតែមួយក៏ដោយ។
ក្រៅពីនេះ ជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាជ្ញាធរសុខាភិបាលបានលើកឡើង ថា គិតត្រឹមថ្ងៃទី២៣ ខែតុលា ប្រជាជនចិនជាង៧៥ភាគរយបានទទួលការចាក់វ៉ាក់សាំងពេញលេញ។ ចិន ក៏កំពុងបន្តចាក់ដូសជំរុញសម្រាប់ក្រុមមនុស្សពេញវ័យដែលបានចាក់ ដូសចុងក្រោយបង្អស់យ៉ាងហោចណាស់ប្រាំមួយខែមុន។ ក្រុមអាទិភាពរួមមាន បុគ្គលិកធ្វើការជួរមុខ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយក៏ទទួលបានដូសជំរុញដែរ។
 
យ៉ាងណាមិញ ប្រធានអ្នកជំនាញសម្រាប់កម្មវិធីចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិន លោក Wang Huaqing បានបញ្ជាក់ថា ប្រសិទ្ធភាពដូសជំរុញ អាចមានកំណត់ ដូច្នេះនៅពេលអនាគតវាគួរតែមានវ៉ាក់សាំងដែលល្អជាងនេះ និងនីតិវិធី ក្នុងការចាក់ថ្នាំបង្ការដែលប្រសើរដើម្បីសម្រេចបានការការពារដ៏រឹងមាំសម្រាប់សាធារណជន៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com