ជាតិ
សង្គមជាតិ
ជនជាតិចិន និងបង់ក្លាដេស ៤នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់ នៅបន្ទាយមានជ័យ
25, Oct 2021 , 1:50 pm        
រូបភាព
ដោយ៖ វ៉ា សុភានុត 
 
អាជ្ញាធរឃាត់ខ្លួនជនជាតិចិន ២នាក់ និងបង់ក្លាដេស ២នាក់ ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងការស៊ីណូមួយកន្លែង ក្នុងបុរី សាន ហូ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 
យោងតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ការឃាត់ខ្លួនជនសង្ស័យ៤នាក់ ជុំវិញការបង្ខាំងមនុស្សដោយខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីគ្រួសារជនរងគ្រោះ បានមកប្ដឹងសម្ថកិច្ចឱ្យជួយអន្តរាគមន៍ ដោយអះអាងថា សាច់ញាតិពួកគេត្រូវបានមេការជនជាតិចិនបង្ខាំងទុក បង្អត់អាហារ ដាក់ខ្នោះ និងថតរូបឱ្យសាច់ញាតិ មកលោះក្នុង១នាក់ មួយពាន់ដុល្លារ។
 
ក្រោយការចុះស្រាវជ្រាវមក កម្លាំងសមត្ថកិច្ច ឃាត់បានជនសង្ស័យ ១-ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។ ឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ៣១ឆ្នាំ និង មៀ ហាប៊ីប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិបង់ក្លាដេស។
 
ប្រភពដដែលបន្តថា បច្ចប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
 
កាលពីដើមខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិក បានចេញរបាយការណ៍របស់ខ្លួន ដែលបន្តដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីឃ្លាំមើល (Tier 2 Watch List) នៃការជួញដូរមនុស្ស មានន័យថា កម្ពុជាបានខិតខំតិចតួចបំផុតក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សនៅឆ្នាំ២០២១នេះ៕
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com