ជាតិ
៤ខែ អាជ្ញាធររកឃើញ ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ៣៩៩ទីតាំង ដែលកិ​បកេងបរិមាណ និងគុណភាព
25, Oct 2021 , 8:59 pm        
រូបភាព
ដោយ៖ វ៉ា សុភានុត 
 
៤ខែនេះ  មន្ត្រីស៊ើបអង្កេតនៃនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង​ និងបង្ក្រាប​ការក្លែងបន្លំ រកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ជិត ៤០០កន្លែង ដែលកេងបន្លំបរិមាណ និងគុណភាព។

 
លោក ផាន អូន​ អគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង​ និងបង្ក្រាប​ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ​ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១មក អាជ្ញាធរបានចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមស្ថានីយ និងដេប៉ូ តាមបណ្ដារាជធានី-ខេត្ត ចំនួន៨៧៧ ទីតាំង ក្នុងនោះរកឃើញ ៣៩៩ទីតាំង ដែលមិនបានអនុលោមតាមច្បាប់។
 


លោក ផាន អូន បានសង្កត់ធ្ងន់ថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងនោះ បានលក់ក្លែងបន្លំ ដោយដាក់សាំងធម្មតា បន្លំជាសាំងស៊ុបពែរ​ ខណៈបរិមាណក៏មិនគ្រប់។ តែយ៉ាងណា ករណីលើកទីមួយនេះ អាជ្ញាធរគ្រាន់តែអប់រំណែនាំ និងពិន័យជាប្រាក់ប៉ុណ្ណោះ។  
 
បើតាមលោក ផាន អូន ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនៅកម្ពុជា សរុបជាង ៥០០០ទីតាំង។ លោក ផាន អូន និយាយថា៖ «ស្ទើតែគ្រប់ខេត្ត គ្រាន់តែមិនដល់ស្រុក គ្រាន់តែខេត្តខ្លះបានដល់ស្រុកមួយចំនួន។ ដំបូងគ្រាន់តែអប់រំគាត់ ឱ្យមានសុចរិតភាពក្នុងការរកស៊ី»។ 
 


កាលពីថ្ងៃទី២០ តុលាកន្លងមក មន្ត្រីស៊ើបអង្កេត ក.ប.ប. បានចុះត្រួតពិនិត្យប្រេងឥន្ធនៈ តាមបណ្តាស្ថានីយ និងដេប៉ូ ក្នុងស្រុកខ្សាច់កណ្តាល កោះធំ ស្អាង ឧត្តុង្គ កងមាស និងស្រុកកំពង់ត្របែក សរុបចំនួន ៣៩ស្ថានីយ/ដេប៉ូ ដែលក្នុងនោះ ១៧ស្ថានីយ/ដេប៉ូ ត្រូវបានមន្ត្រីជំនាញរកឃើញថាមិនបានអនុលោមត្រឹមត្រូវ។ ជាលទ្ធផល មន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍ និងតម្រូវឱ្យម្ចាស់អាជីកម្មទាំងនោះ ធ្វើកិច្ចសន្យាកែតម្រូវឡើងវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com