អន្តរជាតិ
ខួប៥០ឆ្នាំនៃការទទួលអាសនៈនៅ UN, លោក ស៊ី ថា ចិនប្រឆាំងអនុត្តរភាព​និងការប្រើប្រាស់​អំណាច
25, Oct 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងទៅកាន់កិច្ចប្រជុំអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងទៅកាន់កិច្ចប្រជុំអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
ថ្ងៃទី២៥ ខែតុលា ២០២១ ជាខួបលើកទី៥០ ដែលចិនទទួលបានអាសនៈនៅអង្គការសហប្រជាជាតិ (UN) ជំនួសតៃវ៉ាន់។ នាឱកាសនេះ ប្រធានាធិបតីចិន ស៊ី​ ជិនភីង បានអំពាវនា​វ​ឱ្យ​សហគមន៍​អន្តរជាតិ ជ្រើស​រើសកិច្ចសហប្រតិបត្តិការលើការប្រឈមមុខដាក់គ្នា និងផលប្រយោជន៍រួមលើផល​ប្រយោជន៍តែផ្ដាច់មុខឯង។

 
«ចិនតែងតែអនុវត្តគោលនយោបាយការបរទេសឯករាជ្យនៃសន្តិភាព រក្សាយុត្តិធម៌ និង ប្រឆាំង​ដាច់​ខាតចំពោះអនុត្តរភាព និងនយោបាយអំណាច។ យើងត្រូវតែប្ដេជ្ញាប្រឆាំងគ្រប់ទម្រង់នៃអនុត្តរភាព និងអំណាចនយោបាយ ព្រមទាំងគ្រប់ទម្រង់នៃលទ្ធិឯកតោភាគី និងការគាំពារនិយម»។ ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងបែបនេះនៅក្នុងសន្និសីទអបអរខួបទី៥០ឆ្នាំនៃការទទួលបានអាសនៈនៅអង្គការសហប្រជាជាតិ។
 
ថ្ងៃទី២៥ ខែ តុលា ឆ្នាំ១៩៧១ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតផ្ដល់អាសនៈតំណាងចិនទៅឱ្យរដ្ឋាភិបាលកុម្មុយនីស្តទីក្រុងប៉េកាំង ហើយបញ្ចប់សមាជិកភាពរបស់សាធារណរដ្ឋចិន។ នេះជាលទ្ធផលនៃការត្រូវរ៉ូវគ្នារវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ទីក្រុងប៉េកាំងចាត់ទុកការទទួលអាសនៈនេះ ជារឿងស្របច្បាប់។
 
នាកិច្ចប្រជុំដដែល លោក ស៊ី ក៏បានសន្យាថា ចិននឹងប្រកាន់ខ្ជាប់មាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព ហើយប្រជាជាតិនានាគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាដូចជា អំពើភេរវកម្ម ការប្រែប្រួល អាកាសធាតុ និងសន្តិសុខអ៊ីនធឺណិតជាដើម។ ប្រធានាធិបតីចិនសង្កត់ធ្ងន់ថា មានតែ​តាម​រយៈ​ការបង្កើតអភិបាលកិច្ចសកលដែលរួមបញ្ចូលគ្រប់ភាគី យន្តការពហុភាគីដែលមានប្រសិទ្ធភាព និង​កិច្ចសហប្រតិបត្តិការក្នុងតំបន់សកម្មជាងមុន ទើបអាចដោះស្រាយបញ្ហាទាំងនោះប្រកបដោយ ប្រសិទ្ធភាព។
 
ប៉ុន្មានថ្ងៃមុនខួបទី៥០ឆ្នាំនេះ តៃវ៉ាន់ និងអាម៉េរិកឯណោះ បានជួបពិភាក្សាគ្នាពីការចូលរួមរបស់តៃវ៉ាន់នៅស្ថាប័នរបស់អង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិនានា។ ដូចដឹងស្រាប់ អាម៉េរិក គ្មានចំណងការទូតជាមួយតៃវ៉ាន់ឡើយ តែរដ្ឋាភិបាលអាម៉េរិកត្រូវចងភ្ជាប់ដោយច្បាប់ក្នុងស្រុករបស់ខ្លួនដោយត្រូវជួយតៃវ៉ាន់ក្នុងការប្រឈមមុខនានា។ កាលពីសប្ដាហ៍មុន លោក ចូ បៃឌិន និយាយចំៗថា អាម៉េរិកនឹងជួយតៃវ៉ាន់ ពេលរងការវាយប្រហារ៕

Tag:
 ចិន
  UN
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com