ជាតិ
រថយន្ត
ហុងកុងមានសេវាឡានក្រុង សម្រាប់អ្នកឡើងឡានភ្លាមងងុយគេងភ្លាម ខណៈគេងនៅផ្ទះមិនលក់
25, Oct 2021 , 8:29 pm        
រូបភាព
រូបថត AP
រូបថត AP
ដោយ: ធីតា
“Sleeping Bus Tour” បានក្លាយជាសេវាកម្មដឹកជញ្ជូនថ្មីមួយនៅហុងកុង សម្រាប់អ្នកដែលគេងនៅផ្ទះមិនលក់ ប៉ុន្តែស្ងាបភ្លាមៗ ពេលឡើងអង្គុយក្នុងរថយន្ត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

 
លើចម្ងាយផ្លូវសរុប៧៦គីឡូម៉ែត្រ សម្រាប់រយៈពេល៥ម៉ោង សេវាកម្ម «Sleeping Bus Tour» ដែលផ្តួចផ្តើមដោយក្រុមហ៊ុនទេសចរណ៍ Ulu Travel ឆ្លើយតបទៅនឹងតម្រូវការអ្នកដែលឆាប់ងុយគេងនៅលើសេវាដឹកជញ្ជូនសាធារណៈ។
 
«នៅពេលដែលយើងចាប់ផ្តើមបង្កើតដំណើរទេសចរណ៍ថ្មីនេះ ខ្ញុំបានឃើញការបង្ហោះនៅលើបណ្តាញសង្គមរបស់មិត្តខ្ញុំ ដែលស្មុគស្មាញនឹងការងារ ហើយមិនអាចគេងលក់បានស្រួលនៅពេលយប់»។ នេះជាការលើកឡើងរបស់លោក Kenneth Kong អ្នកគ្រប់ទីផ្សារ និងអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Ulu Travel។
 
យោងតាម AP លោក Kenneth បានបន្ថែមថា៖ «ប៉ុន្តែនៅពេលដែលមិត្តខ្ញុំធ្វើដំណើរនៅលើរថយន្តក្រុង គាត់បានគេងលក់យ៉ាងស្រួល។ ការបង្ហោះរបស់គាត់ បានធ្វើឲ្យមានគំនិតផ្តួចផ្តើមបង្កើតសេវាកម្មនេះឡើយ ដើម្បីឲ្យភ្ញៀវគេងលក់យ៉ាងស្រួលនៅលើរថន្តក្រុង»។
 
សំបុត្រសម្រាប់ដំណើរទស្សនាគេងលើរថយន្តក្រុងនេះ មានតម្លៃចន្លោះពី១៣ដុល្លារ ទៅ៥១ដុល្លារ ដោយអាស្រ័យលើទីតាំងកៅអីជាន់លើ និងជាន់ក្រោម។ សេវាកម្មនេះ ក៏មានការបម្រើជូននៅម៉ាស់បិទភ្នែក និងកាសត្រចៀកផងដែរ ខណៈភ្ញៀវមួយចំនួនមានបានយកភួយ ខ្នើយទៅតាមខ្លួន។
 
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល៥ម៉ោង អ្នកដំណើរក៏អាចក្រោកដើម្បីថតរូបទេសភាព ឬសែលហ្វី នៅទីតាំងមួយចំនួននៅកោះ Lantau និងតំបន់ក្បែរអាកាសយានដ្ឋាន ហុងកុង ផងដែរ។
 
វេជ្ជបណ្ឌិត Shirley Li អ្នកជំនាញពីសាកលវិទ្យាល័យ University of Hong Kong បានអះអាងថា ទំនោរងុយគេងនៅលើសេវាដឹកជញ្ជូនសាធារណៈ ជាប្រភេទដែលមានលក្ខខណ្ឌមួយ។ «ពលរដ្ឋនៅហុងកុង មិនមានពេលគេងគ្រប់គ្រាន់ឡើយ នេះហើយជាមូលហេតុដែលយើងត្រូវឆ្លៀតប្រើពេលវេលាផ្សេងទៀតដើម្បីគេង ជាពិសេសនាដំណើរប្រចាំថ្ងៃនៅលើរថយន្តក្រុង។ សកម្មភាពនេះ ក៏បានក្លាយទៅជាទម្លាប់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com