ជាតិ
រថយន្ត
ឈ្វេងយល់ពីការចុះបញ្ជីយានជំនិះ
25, Oct 2021 , 7:59 pm        
រូបភាព
នៅក្នុងប្រទេសកម្ពុជា ប្រសិនបើលោកអ្នកចង់ចរាចរយានជំនិះរបស់លោកអ្នក នៅតាមដងផ្លូវ ដោយស្របច្បាប់ លោកអ្នកត្រូវតែធ្វើការចុះបញ្ជីយានជំនិះរបស់លោកអ្នក ទៅតាមនីតិវិធីច្បាប់ដែលបាន កំណត់។

 
ចំពោះការចុះបញ្ជីរថយន្ត លោកអ្នកអាចធ្វើការស្នើសុំចុះបញ្ជីដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ដែលមានអាសយដ្ឋាន https://vehicle.mpwt.gov.kh ដោយលោកអ្នកអាច ជ្រើសរើសផ្លាកលេខដែលលោកអ្នកពេញចិត្ត ហើយធ្វើការបំពេញព័ត៌មានចុះបញ្ជីដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើការចំណាយក្រៅផ្លូវការផ្សេងៗ។
 
លក្ខខណ្ឌដែលអាចចុះបញ្ជីរថយន្តដោយខ្លួនឯងបាន លោកអ្នកត្រូវបង្កើតគណនីមួយ រួចបំពេញព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានរថយន្ត ព្រមទាំងបញ្ចូលរូបភាពបង្កាន់ដៃពន្ធនាំចូល លិខិតទិញលក់រថយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស រួមជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ របស់ម្ចាស់រថយន្ត។
 
 ក្រោយបំពេញព័ត៌មានគ្រប់គ្រាន់ហើយ លោកអ្នកធ្វើការ បោះពុម្ពវិក្កយបត្រ ដើម្បីបង់ប្រាក់ជាមួយបញ្ជរ វីង ឬស្មាតលុយ ឬលីហួរ ឬក៏តាមគណនីវីងផ្ទាល់ខ្លួន របស់លោកអ្នក។ សម្រាប់តម្លៃសេវានៃការចុះបញ្ជីរថយន្ត លោកអ្នកត្រូវបង់ប្រាក់ចំនួន ១២៥,០០០ រៀល បូកជាមួយនឹងតម្លៃផ្លាកលេខនីមួយៗដែលលោកអ្នកពេញចិត្ត។
 
ចំពោះការចុះបញ្ជីទោចក្រយានយន្ត ឬត្រីចក្រយានយន្ត លោកអ្នកអាចធ្វើការចុះបញ្ជីជាមួយនឹង ហាងលក់ម៉ូតូទូទាំងប្រទេស និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តនីមួយៗ ឬនៅ តាមការិយាល័យច្រកចេញចូលតែមួយ គ្រប់ខណ្ឌនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនីមួយៗ។ 

 
 
សម្រាប់តម្លៃនៃការចុះបញ្ជីទោចក្រយានយន្ត និងត្រីចក្រយានយន្ត លោកអ្នកត្រូវចំណាយ ៤០,០០០ រៀល ហើយលោកអ្នកអាចទទួលបានផ្លាកលេខភ្លាមៗនៅនឹងកន្លែង ដែលលោកអ្នកស្នើសុំចុះបញ្ជី។ ដោយឡែក បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្តរបស់លោកអ្នក នឹងត្រូវចេញជូនតាម ក្រោយបន្ទាប់ពីរង់ចាំមន្ត្រីពិនិត្យ និងអនុម័ត ដើម្បីធ្វើការបោះពុម្ព៕
 
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
 

© រក្សាសិទ្ធិដោយ thmeythmey.com