ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
១ឆ្នាំនៃការឧបត្ថម្ភប្រាក់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជួយរក្សាលំនឹងសេដ្ឋកិច្ចជាង៧០ម៉ឺនគ្រួសារ
25, Oct 2021 , 9:59 pm        
រូបភាព
ក្រុមជំនាញចុះជួបពលរដ្ឋនៅខេត្តសៀមរាប កាលពីថ្ងៃទី១០ កញ្ញា ២០២០។ (រូបពីក្រសួងសង្គមកិច្ច)
ក្រុមជំនាញចុះជួបពលរដ្ឋនៅខេត្តសៀមរាប កាលពីថ្ងៃទី១០ កញ្ញា ២០២០។ (រូបពីក្រសួងសង្គមកិច្ច)
ភ្នំពេញ៖ តាមរយៈការជួយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះរបស់រដ្ឋាភិបាល បានជួយរក្សាលំនឹងសេដ្ឋកិច្ចពលរដ្ឋជាង៧០ម៉ឺនគ្រួសារ​ ខណៈពេលជួបវិបត្តិកូវីដ-១៩។ លើសពីនេះ រដ្ឋនៅតែបន្តជួយឧបត្ថម្ភ និងចុះធ្វើបណ្ណសមធម៌ដល់ពលរដ្ឋជាប្រចាំ ជាពិសេសសម្រាប់ពលរដ្ឋចំណាកស្រុក។

 
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា បាននិយាយថា ជាងមួយឆ្នាំនេះ រដ្ឋបានឧបត្ថសាច់ប្រាក់ជាង៤០០លានដុល្លារ ដល់ពលរដ្ឋជាង៧០ម៉ឺនគ្រួសារ ស្មើនឹងពលរដ្ឋ៣លាននាក់។ 
 
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្នុងមួយគ្រួសារនៃពលរដ្ឋដែលមានបណ្ណសមធម៌ បានទទួលប្រាក់ឧបត្ថម្ភប្រមាណ២០ទៅ៥០ម៉ឺនរៀល ដោយផ្អែកតាមសមាជិកគ្រួសារ ដែលមានចំនួនតិចឬច្រើន។ ថិវកានៃគម្រោងឧបតម្ភនេះ បានចូលរួមចំណែកជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលគ្មានចំណូលនៅអំឡុងពេលកូវីដ-១៩ កុំឲ្យជួបការលំបាក។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៥ តុលានេះ លោក តូច ចាន់នី បានថ្លែងថា៖ «ថវិការទាំងអស់ហ្នឹង(ការឧបត្ថម្ភសាច់ប្រាក់) បានជួយរក្សាលំនឹងពួកគាត់ មិនឲ្យធ្លាក់ទៅភាពលំបាកខ្លាំង ព្រោះមួយខែគ្រួសារខ្លះជាមធ្យមបាន៣០ទៅ៤០ម៉ឺនរៀល ហើយបើអ្នកនៅជនបទ គឺពួកគាត់ចាយវាយតិចតួចប៉ុណ្ណោះ។ ដូច្នេះ លុយដែលពួកគាត់ទទួលបានអាចដោះស្រាយជីវភាពពួកគាត់បាន»។ 
 

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច។ (រូបពីក្រសួងព័ត៌មាន) 

ជាមួយគ្នានេះ លោក តូច ចាន់នី អំពាវនាវឲ្យពលរដ្ឋស្នើសុំធ្វើបណ្ណសមធម៌បន្ថែមទៀត ពិសេស ពលករត្រឡប់ពីក្រៅប្រទេស និងអ្នកចំណាកស្រុកតាមខេត្តនីមួយៗជាដើម។ យ៉ាងណាក៏ដោយ លោកក៏កត់សម្គាល់ឃើញបញ្ហាមិនប្រក្រតីមួយចំនួនដែរ គឺមន្រី្តភូមិ ឃុំ ឆ្លៀតឱកាសទាំងកេងចំណេញយកប្រាក់ពីពលរដ្ឋ កន្លែងបើកប្រាក់ រួមទាំងការបាត់និងខូចបណ្ណសមធម៌ជាដើម។ បញ្ហាទាំងអស់នេះ មន្រី្តនិងពលរដ្ឋជួបការលំបាក។ ប៉ុន្តែ ក្រុមការងាររបស់ក្រសួងអាចគ្រប់គ្រង និងដោះស្រាយលើបញ្ហាទាំងអស់នេះ។ 
 
អ្នកនាំពាក្យក្រសួងផែនការ​ លោក ស្រី ដា បានបញ្ជាក់កន្លងមកថា ក្រុមការងារបាន​ដក​បណ្ណ​សមធម៌​ពី​ពលរដ្ឋ​ក្រីក្រ​ ជាង​១,៤​ម៉ឺន​គ្រួសារ ក្រោយ​រកឃើញថា ពួកគេ​មាន​ជីវភាព​ប្រសើរ​ឡើងវិញ ។ លោកថា ភាពមិនប្រក្រតី​នៃ​ការធ្វើ​បណ្ណសម​ធម៌​ខ្លះ ​កើតឡើង​ដោយសារ​ការយោគយល់ ​និង​ខ្វះ​ការពិនិត្យ​ពី​សំណាក់​អាជ្ញាធរ​។ ក្រសួង​ក៏បាន​ព្រមាន​និង​ណែនាំ​អាជ្ញាធរ​លើ​បញ្ហា​ការងារ​ទាំង​នេះដែរ​។ 
 
អ្នកនាំពាក្យ​រូបនេះ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្រសួងផែនការ​នៅតែ​បន្ត​ដោះស្រាយ​នូវ​រាល់​បាតុភាព ​ដែល​កើតមានឡើង​ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ យើង​មាន​ក្រុមការងារ​ទទួលខុសត្រូវ​អនុវត្ត​ភ្លាមៗ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ភាពមិនប្រក្រតី​នោះ តាម​បណ្តាញសារព័ត៌មាន ,​ការរាយការណ៍​ណាមួយ​, តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​ក្នុង​នេះដែរ​យើង​នៅតែ​បន្ត​ស្វែងរក​គ្រួសារ​ ដែល​បាន​កំពុង​ធ្លាក់ខ្លួន​ក្រីក្រ​ ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​»​។ 
នាពេលថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់​ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ-១៩ រយៈពេល៣ខែបន្តទៀត ពោលគឺគិតចាប់ពីខែតុលានេះតទៅ៕ 

Tag:
 សង្គម
  កិច្ចគាំពារសង្គម
  ការឧបត្ថ​ម្ភសាច់ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com