អន្តរជាតិ
ចិន គ្រោងកាត់បន្ថយការប្រើប្រាស់ថាមពលផូស៊ីលឱ្យនៅក្រោម២០ភាគរយត្រឹមឆ្នាំ២០៦០
26, Oct 2021 , 9:59 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖ ឡាយ ស្រីពេជ្រ
 
ចិន កំពុងកំណត់គោលដៅថាមពលស្អាតរបស់ដោយ ដោយគ្រោងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីលឱ្យនៅក្រោម២០ភាគរយនៅត្រឹមឆ្នាំ២០៦០។ នេះបើយោងតាមផែនការផ្លូវការដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃទី២៤ ខែ តុលា។

 
ការកំណត់ការប្រើប្រាស់ថាមពលផូស៊ីលក្រោម២០ភាគរយនៅត្រឹមឆ្នាំ២០៦០ ជាអនុវត្តតាមការសន្យារបស់ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមេដឹកនាំស្តីពីអាកាសធាតុនៅថ្ងៃទី២២ ខែមេសា ក្នុងការកាត់បន្ថយការបំពុលធ្យូងនៅក្នុងពិភពលោក។ ឯកសារនេះមានគោលដៅកំណត់ការបញ្ចេញឧស្ម័នកាបូនឱ្យខ្ពស់បំផុតត្រឹមឆ្នាំ២០៣០ និងសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូនក្នុងរយៈពេល៣០ឆ្នាំបន្ទាប់។
 
ក្នុងឯកសារដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua គោលដៅជាច្រើនឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន ត្រូវដាក់បានដាក់ចេញ។ ក្នុងចំណោមនោះ ចិននឹងបង្កើនការប្រើប្រាស់ឥន្ធនៈមិនមែនផូស៊ីលឱ្យឈានដល់ប្រហែល ២៥ ភាគរយធៀបទៅនឹងការប្រើប្រាស់ថាមពលសរុបនៅឆ្នាំ ២០៣០។ នៅពេលនោះ ការបំភាយឧស្ម័នកាបូនិចក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបនឹងធ្លាក់ចុះជាង៦៥ភាគរយធៀបនឹងកម្រិតឆ្នាំ២០០៥ ។ ចំណែកគោលដៅនៃការបង្កើនសមត្ថភាពសរុបនៃថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យ ត្រូកំណត់ដល់ជាង១,២ពាន់លានគីឡូវ៉ាត់។
 
សូមបញ្ជាក់ថា ចិនជាប្រទេសបញ្ចេញឧស្ម័នកាបូនិចធំជាងគេរបស់ពិភពលោក។ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានដាក់ចេញគោលដៅចម្បងជាច្រើនដើម្បីសម្រេចឱ្យបានអាព្យាក្រឹត្យកាបូននៅឆ្នាំ២០៦០ ពិសេសការលែងផ្ដល់ហិរញ្ញប្បទានដល់គម្រោងរោងចក្រផលិតថាមពលដើរធ្យូងថ្មនៅក្រៅប្រទេស។ ប៉ុន្តែ ចិន​ត្រូវ​បាន​រិះគន់ខ្លាំង​ចំពោះ​ការ​ជំរុញ​ឱ្យ​មាន​ការ​បើក​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​រាប់​សិប​កន្លែងផងដែរ។
 
ចិនខ្លួនឯង ប្រឈមមុខនឹងការពិបាកក្នុងការផ្តាច់ខ្លួនចេញពីធ្យូងថ្មដែលជាកត្តាជំរុញសេដ្ឋកិច្ចជិត៦០ភាគរយ។ អ្នករៀបចំផែនការសេដ្ឋកិច្ចក៏ព្រួយបារម្ភចំពោះការបន្ថយការប្រើប្រាស់ធ្យូងថ្មលឿនពេកនេះដែរព្រោះវាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ បច្ចុប្បន្ន ចិនកំពុងប្រឈមមុខកង្វះថាមពលប្រើប្រាស់ ដែលតម្រូវឱ្យរដ្ឋាភិបាលចិនបង្កើនការប្រើប្រាស់ធ្យូងថ្មកាន់ខ្លាំង ដែលការណ៍នេះអាចប៉ះពាល់គោលដៅកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មថែមទៀត៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com