ជាតិ
អាជ្ញាធរ ផ្អាកចរាចរណ៍រថយន្តធុនធំបណ្ដោះអាសន្នពីរង្វង់មូលកួរស្រូវ ទៅផ្សារកំពង់កន្ទួត
25, Oct 2021 , 10:39 pm        
រូបភាព
អាជ្ញាធរ សម្រេចផ្អាកការចរាចរណ៍រថយន្តធុនធំលើផ្លូវ ២០អា ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្សារកំពង់កន្ទួត បណ្ដោះអាសន្ន ដោយសារស្ថានភាពទឹកឡើងខ្លាំង។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

  
 
ទឹកឡើងខ្លាំងតាមបណ្ដោយផ្លូវលេខ២០អា នេះ បណ្ដាលមកពីទឹកស្ទឹងព្រែកត្នោតឡើងយ៉ាងគំហុក ដែលបានធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដាយស្ទឹង និងធ្វើឱ្យប៉ះពាល់ផលដំណាំស្រូវជាច្រើនហិកតា ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នៅថ្ងៃទី២៥ ខែតុលា ។
 
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗថា ទឹកស្ទឹងព្រែកត្នោតឡើងខ្លាំង ដែលបណ្ដាលឱ្យផ្ទះពលរដ្ឋ នៅតាមស្ទឹងទាំងសងខាងជន់លិច នៅតាមដីសណ្តស្ទឹងព្រែកត្នោត និងតាមដីទំនាប ក្នុងនោះរួមមាន ក្នុងក្រុងច្បារមន ទាំងផ្នែកខាងជើង និងផ្នែកខាងត្បូង។ ក្រៅពីនេះ ទីតាំងផ្សេងៗនៅជិតទីនោះដូចជា ស្រុកសំរោងទង មានឃុំរលាំងគ្រើល ឃុំរលាំងចក ក៏មានការលិចតិចតួចដែរ។
 
« មកដល់ពេលនេះ មិនទាន់មានប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វទេ។ ចំពោះដំណាំស្រូវមានប៉ះពាល់ ព្រោះខែនេះជារដូវស្រូវចេញផ្លែ មានខ្លះឱនដាក់គ្រាប់ហើយ ខ្លះទៀតក៏កំពុងផើមដែរ ចឹងវាលិចនៅក្នុងទឹកនោះ តែទំហំប៉ុន្មាន យើងមិនទាន់អាចសរុបបានជាហិកតាទេ»។ នេះជាការបកស្រាយរបស់លោក វី សំណាង។
 
ជាមួយគ្នានេះ អភិបាលខេត្តកណ្ដាល ក៏បានត្រៀមកម្លាំង ទូក សម្ភារផ្សេងៗ ជាពិសេសទីទួលសុវត្ថិភាព ដើម្បីបង្ការទឹកជន់លិច។ ជាងនេះទៅទៀត លោកក៏បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅតាមបណ្តោយដឹងស្ទឹងព្រែកត្នោត ឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួន កុំប្រហែសចំពោះស្ថានភាពទឹកជំនន់នេះ។
 
ទឹកស្ទឹងព្រែកត្នោតបានប៉ះពាល់ដល់ពលរដ្ឋខ្លះ ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅផងដែរ។ បើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ការហក់ឡើងនៃទឹកស្ទឹងព្រែកត្នោតនេះ មិនទាន់បង្កឲ្យមានហានិភ័យខ្ពស់ឡើយ ព្រោះទឹកនៅទំនប់៧មករា មិនឡើងខ្លាំង ដូចឆ្នាំមុន។
 
ដ្បិតមិនទាន់មានហានិភ័យខ្ពស់ តែអភិបាលខេត្តកណ្ដាល ក៏បានត្រៀមកម្លាំង ទូក សម្ភារផ្សេងៗ ជាពិសេសទីទួលសុវត្ថិភាព ដើម្បីបង្ការទឹកជន់លិច។ ជាងនេះទៅទៀត លោកក៏បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅតាមបណ្តោយដឹងស្ទឹងព្រែកត្នោត ឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួន កុំប្រហែសចំពោះស្ថានភាពទឹកជំនន់នេះ។ ជាមួយគ្នានេះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានស្នើមន្ទីរធនធានទឹក និងឧតុនិយម ត្រូវតាមដានស្ថានភាពទឹកជាប់ជាប្រចាំ។ 
 
លើសពីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវទៅដល់ពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និង ២៧ តុលា ព្រោះទឹកអាចឡើងខ្ពស់លិចលង់លំនៅដ្ឋាន។ ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានស្នើក្រសួងធនទឹក និងឧត្តុនិយម បង្វែរទឹកកុំឲ្យជន់លិចរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com