កីឡាអន្តរជាតិ
អន្តរជាតិ
​ចិន ផ្អាកធ្វើព្រឹតិ្តការណ៍រត់ម៉ារ៉ាតុងនៅប៉េកាំង ដ្បិតកូវីដ-១៩ រាលដាលជាថ្មី
26, Oct 2021 , 2:00 pm        
រូបភាព
ព្រឹតិ្តការណ៍រត់ម៉ារ៉ាតុងក្រុងប៉េកាំងដែលត្រូវធ្វើចុងសប្តាហ៍នេះ ត្រូវផ្អាកវិញរហូតដល់មានការជូនដំណឹងជាថ្មី ស្របពេលប្រទេសចិនធ្វើការដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ទម្រង់ដែលតា។ ចិនសម្រេចពន្យារពេលកីឡានេះ ដើម្បីធ្វើឱ្យមានភាពប្រាកដប្រជាថាកូវីដ-១៩នឹងគ្មាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២។



ចិន នៅថ្ងៃទី២៥ ខែតុលា បានរាយការណ៍ពីការឆ្លងកូវីដ-១៩ ទម្រង់ដែលតា ក្នុងស្រុកជាថ្មីចំនួន ៣៩ករណី ដែលកើតឡើងលើក្រុមអ្នកទេសចរមួយក្រុម ខណៈប្រទេសយក្សអាស៊ីមួយនេះកំពុងប្រើធម៌ក្តៅក្នុងការការពារប្រទេសមិនឱ្យមានអ្នកឆ្លងថ្មីត្រឹម១០០ថ្ងៃមុនអូឡាំពិកក្រុងប៉េកាំងចាប់ផ្តើម។
 
អ្នករៀបចំ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងប៉េកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រឹត្តិការណ៍នេះនឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងជាថ្មីទៀត ដើម្បីការពារការរីករាលដាលឡើងវិញនៃជំងឺកូវីដ-១៩ ដែលមានវត្តមានជាថ្មីនៅទឹកដីចិន។ 
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ព្រឹត្តិការណ៍ម៉ារ៉ាតុង ដែលគ្រោងរៀបចំនៅថ្ងៃទី៣១ ខែតុលា ក្នុងក្រុងប៉េកាំង ត្រូវបានគេរំពឹងថានឹងមានមនុស្សប្រមាណ៣ម៉ឺនាក់។ ដោយសារមានចំនួនច្រើនបែបនេះហើយ ទើបអ្នករៀបចំសម្រេចពន្យារពេលបណ្តោះអាសន្ន ដ្បិតកីវីដ-១៩ ប្រភេទដែលតា ត្រូវបានរកឃើញជាថ្មី។
 
មិនតែក្រុងប៉េកាំងឡើយ ម៉ារ៉ាតុងក្រុង Wuhan ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះដែរនោះ ក៏ត្រូវបានលុបចោលផងដែរ ចំពេលមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃមេរោគឆ្លងនេះ។
 
អូឡាំពិករដូវរងាក្រុងប៉េកាំង ដែលមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលកីឡដ្ឋានដូចអូឡាំពិករដូវក្តៅក្រុងតូក្យូ នឹងធ្វើឡើងនៅថ្ងៃទី៤ កុម្ភៈ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២៕
 

Tag:
 Beijing 2022
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com