ជាតិ
កម្ពុជា-កូរ៉េ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការ
26, Oct 2021 , 2:41 pm        
រូបភាព
ដោយ៖ វ៉ា សុភានុត 
 
បន្ទាប់ពីការចរចាចំនួន១២លើក កម្ពុជា-សាធារណកូរ៉េ សម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈប្រព័ន្ធវីឌីអូ។ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន់ សូរសក្តិ និងលោក YEO Han-Koo រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

 
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជកម្ម នាព្រឹកថ្ងៃទី២៦ តុលា បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ មានចំនួន ១០ជំពូក ក្នុងនោះមាន ១៣១មាត្រា និងឧបសម័្ពន្ធចំនួន៩ ដែលគ្របដណ្ដប់ការធ្វើពាណិជ្ជកម្មសេរីនេះ រួមមាន  ស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនិតិវិធីវាយតម្លៃភាពអនុលោម វិធានការអនាម័យ និងភូតគាមអនាម័យ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត និតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទអញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសានប្បញ្ញាតិ។ 
 
ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងហើយ ភាគីទាំងសងខាងត្រូវបំពេញនិតិវិធីផ្ទៃក្នុង ហើយធ្វើសេចក្ដីជូនដំណឹងគ្នាទៅវិញទៅមក រយៈពេលពីរខែទៀត ទើបកិច្ចព្រមព្រៀងនេះ ចូលជាធរមាន។
ប្រភពដដែលបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ឱ្យឆាប់រហ័ស។
 
ក្រៅពីពង្រីកការនាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ កម្ពុជាក៏រំពឹងថា អាចទាញអ្នកវិនិយោគិនកូរ៉េ និងអ្នកវិនិយោគិនដទៃទៀត ឱ្យបោះទុនវិនិយោគក្នុងប្រទេសផងដែរ បន្ទាប់ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន។
 
គូសបញ្ជាក់ថា ប្រទេសកម្ពុជា នាំទំនិញទៅកាន់កូរ៉េខាងត្បូង ភាគច្រើនគឺជាសម្លៀកបំពាក់ ស្បែកជើង និងកាបូប ជាដើម។ ចំណែកទំនិញនាំចូលពីប្រទេសកូរ៉េខាងត្បូងវិញ ដូចជាភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។

© រក្សាសិទ្ធិដោយ thmeythmey.com