អន្តរជាតិ
ប្រមុខការទូតចិន​ ជួបឧបនាយករដ្ឋមន្ត្រីស្តីទីរដ្ឋាភិបាលតាលីបង់ ហើយសន្យាផ្ដល់ជំនួយ
26, Oct 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេចិន វ៉ាង យី ជួបជាមួយឧបនាយករដ្ឋមន្រ្តីស្ដីទីរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន Mullah Abdul Ghani Baradar នៅដូហា។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេចិន វ៉ាង យី ជួបជាមួយឧបនាយករដ្ឋមន្រ្តីស្ដីទីរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន Mullah Abdul Ghani Baradar នៅដូហា។ រូបថត Xinhua
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជួបគ្នាផ្ទាល់ជាមួយឧបនាយករដ្ឋមន្ត្រីស្តីទីអាហ្កានីស្ថាន Mullah Abdul Ghani Baradar នៅរដ្ឋធានីដូហា ប្រទេសកាតានៅថ្ងៃទី២៥ ខែតុលា។ នេះជាជំនួបជាន់ខ្ពស់លើកដំបូង រវាងមន្រ្តីចិន និងក្រុមតាលីបង់ជចាប់តាំងពីក្រុមនេះឡើងកាន់អំណាច​នៅ​អាហ្វហ្កានីស្ថាន​ជា​ថ្មី។ ភាគីទាំងពីរ មានជំហរដូចគ្នាក្នុងការដោះស្រាយវិបត្តិដែលកំពុងកើតឡើងនៅអាហ្វហ្កានីស្ថាន។

 
អំឡុងជំនួបថ្ងៃទី២៥ ខែតុលា លោក វ៉ាង យី លើកឡើងថា អាហ្វហ្កានីស្ថានកំពុងប្រឈមមុខនឹងបញ្ហា​បួន​ធំៗដូចជាវិបត្តិមនុស្សធម៌ ភាពវឹកវរសេដ្ឋកិច្ច ការគំរាមកំហែងពីក្រុមភេរវកម្ម និងបញ្ហាអភិបាលកិច្ច។​ លោក វ៉ាង ក៏បានបន្ថែមថា ការយកឈ្នះលើបញ្ហាប្រឈមទាំងនេះ ទាមទារការយោគយល់ និង​ការ​គាំទ្រ​បន្ថែមទៀតពីសហគមន៍អន្តរជាតិ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua ចេញផ្សាយនៅថ្ងៃទី២៦​ ខែ​តុលា។
 
ជុំវិញការដឹកនាំអាហ្វហ្កានីស្ថាន រដ្ឋមន្ត្រីការបរទេសចិនសង្ឃឹមថា ក្រុមតាលីបង់​នឹង​ប្ដេជ្ញាចិត្តបើកចំហ និងបង្រួបបង្រួមក្រុមជនជាតិភាគតិចនិងភាគីទាំងអស់ដើម្បីធ្វើការរួមគ្នា​កសាង​ប្រទេ​សប្រកបដោយ​សន្តិភាព និងការពារសិទ្ធិផលប្រយោជន៍របស់ស្ត្រី និងកុមារដោយ​ប្រសិទ្ធភាព​។ បន្ថែមពីនេះលោក វ៉ាង ទទូចឱ្យក្រុមតាលីបង់ប្រកាន់យកគោលនយោបាយមិត្តភាពចំពោះប្រទេសជិតខាងអាហ្វហ្កានីស្ថាន និង​កសាងប្រទេសទំនើបមួយដែលស្របតាមការចង់បានរបស់ប្រជាជន និងសហគមន៍អន្តរជាតិ។
 
បញ្ហាមនុស្សធម៌ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរនាជំនួបនេះដែរ។ ប្រមុខការទូតចិន ទទូចឱ្យ អាម៉េរិក និងលោកខាងលិចរួមគ្នាដកទណ្ឌកម្មពីអាហ្វហ្កានីស្ថាន និងជួយជ្រោមជ្រែងអាហ្វហ្កានីស្ថាន​ក្នុង​លក្ខណៈសមហេតុសមផលឱ្យដើរលើផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាព។ ចំពោះចិនវិញ លោក វ៉ាង ប្រាប់មេដឹកនាំតាលីបង់ថា ចិននឹងបន្តផ្តល់ ជំនួយមនុស្សធម៌តាមសមត្ថភាពរបស់ខ្លួន និងធ្វើការ​ជាមួយ​សហគមន៍អន្តរជាតិដើម្បីជួយដោះស្រាយចំពោះមុខ។
នៅអាហ្វហ្កានីស្ថាន រឿងដែលចិននិងសហគមន៍អន្តរជាតិបារម្ភជាងគេនោះ ជាក្រុមភេរវកម្ម។​ ក្នុងកិច្ច​ប្រជុំខាងលើដដែលនោះ លោក វ៉ាង ប្រាប់លោក​ Baradar  ថា ក្រុមតាលីបង់ មិនត្រូវពាក់ព័ន្ធជាមួយ ក្រុមសកម្មប្រយុទ្ធដូចជាចលនាឥស្លាមតួកេស្ថានខាងកើត (ETIM)​ ក៏ដូចក្រុមភេរវករផ្សេងៗទៀត ហើយតាលីបង់ត្រូវតែចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបង្ក្រាបពួកគេ។
 
ចំពោះមុខប្រមុខការទូតចិន ឧបនាយករដ្ឋមន្ត្រីស្តីទីតាលីបង់លោក Baradar បានរៀបរាប់ពីស្ថានភាព នៅអាហ្វហ្កានីស្ថានហើយបានអះអាងថា រដ្ឋាភិបាលបណ្ដោះអាសន្នបានគ្រប់គ្រងស្ថាន ភាពបាន​យ៉ាង​មានប្រសិទ្ធភាព។ បន្ថែមពីនេះ រដ្ឋាភិបាលបណ្ដោះអាសន្ន ក៏កំពុងធ្វើការយ៉ាង​សក​ម្ម​ក្នុងការ​បំពេញ​តម្រូវការរបស់ប្រជាជនក៏ដូចជារៀនពីបទពិសោធរបស់ខ្លួនពីមុនដើម្បីអភិវឌ្ឍប្រទេសទៅមុខផងដែរ។
 
លោក Baradar ប្ដេជ្ញាចិត្តថា តាលីបង់នឹងរាប់បញ្ចូលគ្រប់តំណាងភាគីក្នុងជួររដ្ឋាភិបាល ពង្រឹង​ការប្រឹងប្រែងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី និងកុមារ ហើយនឹងមិនដកហូត​សិទ្ធិ​ទទួល​បាន​ការអប់រំ និងការងារនោះទេ។ យ៉ាងណាមិញ​ លោក Baradar លើឡើងថា ស្ត្រីប្រឈម​មុខ​នឹង​ការ​លំបាក​ដូច​ជា​កង្វះ​សម្ភារបរិក្ខារ និង​ថវិកា។ លោកក៏សង្ឃឹមថា ចិន និង​អន្តរជាតិនឹង​បង្កើន​ជំនួយ​ដល់​អាហ្វហ្កានីស្ថាន ដើម្បីជំនះវិបត្តិមនុស្សធម៌ និងត្រឡប់ទៅរកផ្លូវនៃការអភិវឌ្ឍវិញ៕

Tag:
 ចិន​
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com