ជាតិ
ភ្នំពេញ និង​ខេត្ត​ចំនួន១៤ នឹងរងជំនន់ទឹកភ្លៀង មួយសប្ដាហ៍
27, Oct 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា កម្ពុជា នឹងមានភ្លៀងធ្លាក់កម្រិតបង្គួរ ទៅខ្លាំងតាមតំបន់ និងអាច​ធ្វើ​ឱ្យ​រាជធានីភ្នំពេញ និងខេត្តចំនួន១៤ រងគ្រោះដោយសារ​ជំនន់ទឹក​ភ្លៀង​។ ស្ថានភាពនេះ បណ្ដាលមកពីឥទ្ធិពលពីសម្ពាធទាប និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួងធនធានទឹក និងឧតុនិយម។



ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ព្យាករណ៍ថា កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប ចាប់​ពី​ថ្ងៃទី​២៧-២៩ តុលា និង​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធខ្ពស់​ ពី​ថ្ងៃទី​ ២៩ តុលា ដល់​ថ្ងៃទី​២ វិច្ឆិកា។
 
ស្ថានភាពបែបនេះ នឹងធ្វើ​ឱ្យ​បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាច​មានភ្លៀងធ្លាក់​ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ទ្រាក់ ចាប់ពី​ថ្ងៃទី​២៧- ២៨ ខែតុលា ដែលអាចបង្កជាជំនន់ទឹកភ្លៀង​នៅ​ខេត្ត​ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ ក្រសួងធនធានទឹក​ បន្តថា​ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្ត​ធ្លាក់ក្នុងកម្រិតពីខ្សោយទីមធ្យមតែប៉ុណ្ណោះ។
  

រូបភាពដោយគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយ

ដោយ​ឡែក​ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ នៅថ្ងៃទី២៧-២៨ ខែតុលានេះ អាចនឹងមានភ្លៀងធ្លាក់ក្នុង​កម្រិតបង្គួរទៅខ្លាំង លាយឡំខ្យល់កន្រ្ទាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្បូងឃ្មុំ  និងកំពង់ចាម។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម។
 
ចំណែកឯ តំបន់មាត់សមុទ្រ ក៏​អាចនឹងមានភ្លៀងធ្លាក់​ក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្រ្ទាក់ ហើយអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តកំពត កោះកុង និងខេត្តព្រះសីហនុផងដែរ។ ជាមួយ​គ្នានេះ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់និងរលកសមុទ្រខ្ពស់ៗ។ បើតាម​ក្រសួង​ធនធានទឹកដដែល​ បន្ទាប់​ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិតខ្សោយទៅមធ្យមប៉ុណ្ណោះ។
  

រូបភាពដោយគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយ

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និង​ខេត្តចំនួន១៤ ខាងលើត្រូវប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​ដែលអាចកើតមានជាយថាហេតុ។ លើសពីនេះ ចាស់ជរា ក្មេង ត្រូវការពារ និងប្រយ័ត្នខ្ពស់បំផុត ​ដើម្បីរក្សាសុវត្ថិភាពក្នុងរដូវកាលគ្រោះទឹកជំនន់តាមបណ្ដាខេត្តនិងក្រុងក្នុងប្រទេស៕ 

Tag:
 អាកាសធាតុ
  សម្ពាធទាប
  ភ្លៀង
  ខ្យល់កន្ទ្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com