ជាតិ
អ្នកសះស្បើយ​ពីកូវីដ-១៩ មិន​ចាំ​បាច់បន្ត​​ធ្វើ​ចត្តាឡីស័ក​១៤ថ្ងៃទៀតឡើយ
26, Oct 2021 , 3:46 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និងប្រធានគណៈកម្មការអន្តរ ក្រសួង​ដើម្បី​ប្រយុទ្ធនឹងជំងឺកូវីដ-១៩
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និងប្រធានគណៈកម្មការអន្តរ ក្រសួង​ដើម្បី​ប្រយុទ្ធនឹងជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល បានសម្រេចលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺ ដែលព្យាបាលនៅតាមផ្ទះ។

 
អ្នកជំងឺកូ​វីដ-១៩ ដែលបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះ ពុំតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃទៀតឡើយ។ ប៉ុន្តែសម្រាប់អ្នកជំងឺដែលសម្រាកព្យាបាលនៅតាមផ្ទះ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវតាមដានមើលអាការខ្លួនអំឡុងពេលព្យាបាល ១៤។
 
លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និងប្រធានគណៈកម្មការអន្តរ ក្រសួង​ដើម្បី​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន​បញ្ជាក់ថា​ បើអ្នកជំងឺមិនមានរោគសញ្ញាជំងឺកូវីដ នៅរយៈពេល៣ថ្ងៃ ចុងក្រោយ គឺថ្ងៃទី១១ ១២ និង១៣ នោះមិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ។
 
ចំណែក អ្នកជំងឺកូវីដ-១៩ ដែលបានទទួលការចាក់វ៉ាក់សាំង ត្រូវតាមដានមើលអាការខ្លួនរយៈពេល៣ថ្ងៃ នៅទី៦ ៧ និង៨ និងត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែន ដោយខ្លួនឯងនៅថ្ងៃទី៩។ ចំពោះការធ្វើតេស្តចេញលទ្ធ Ag(-) នឹងអនុញ្ញាតឲ្យបញ្ចប់ការធ្វើចត្តាឡីស័ក ​ប៉ុន្តែបើទទួលបានលទ្ធផល Ag(+) អ្នកជំងឺត្រូវធ្វើតេស្តម្តងទៀត ២ថ្ងៃបន្ទាប់ គឺនៅទី១០ និង១១ រហូតចេញលទ្ធ Ag(-) ។
 
ក្នុងករណីមិនមានលទ្ធភាពធ្វើតេស្តរកអង់ទីហ្សែន អ្នកជាសះស្បើយ ដែលគ្មានរោគសញ្ញាជំងឺកូវីដរយៈពេល៣ថ្ងៃ នៅថ្ងៃទី៩​ ១០ និង ១១ នឹងអនុញ្ញាតឲ្យបញ្ចប់ការធ្វើចត្តាឡីស័ក។ ទោះត្រូវបានលើកលែងកាត្វកិច្ចធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ តែអ្នកជាសះស្បើយ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្លួន៕

Tag:
 កូវីដ-១៩
  ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com