ជាតិ
វិនិយោគិន ត្រៀមទិញមូលបត្របំណុលរដ្ឋ ៣០០លានដុល្លារ ដែលគ្រោងបោះផ្សាយលើកដំបូងនាឆ្នាំក្រោយ
26, Oct 2021 , 8:59 pm        
រូបភាព
ដោយ៖ វ៉ា សុភានុត
 
អ្នកវិនិយោគិនកម្ពុជា បានឱ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទិញសញ្ញាបណ្ណបំណុលរដ្ឋ ដែលគ្រោងបោះផ្សាយ​នៅឆ្នាំ២០២២ខាងមុខ។ រដ្ឋគ្រោងបោះផ្សាយមូលបត្របំណុល៣០០លានដុល្លារ។

 
លោកឧកញ៉ា លឹម ហេង ប្រធានក្រុមហ៊ុន លឹម ហេងគ្រុប បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា 
លោកគាំទ្រឱ្យមានការបោះផ្សាយលក់មូលបត្របំណុលរដ្ឋនៅឆ្នាំក្រោយនេះ។ ក្នុងនាមជាវិស័យឯកជនមួយរូប លោកនឹងចូលរួមទិញមូលបត្របំណុលនេះ ដើម្បីឱ្យរដ្ឋមានថវិកាគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍជាតិ។ 
 
ប្រធានក្រុមហ៊ុន លឹម ហេងគ្រុបនេះ បានបញ្ជាក់ថា៖ «ចំពោះការត្រៀមចូលរួមទិញ យើងមានហើយ ប៉ុន្តែចំនួន[លុយ]ប៉ុន្មានខ្ញុំមិនអាចនិយាយបានទេ»។
 
លោកឧកញ៉ា​ ម៉ុង​ ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប ក៏មានចំណាប់អារម្មណ៍លើការបោះផ្សាយមូលបត្របំណុលរដ្ឋនេះដែរ ប៉ុន្តែលោកចង់សិក្សាឱ្យបានច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តថាទិញ​។ «ខ្ញុំចាប់អារម្មដែរប៉ុន្តែមិនហ៊ានឆ្លើយថាទិញឬមិនទិញ ព្រោះអីខ្ញុំមិនចេះ»។ នេះជាការលើកឡើងរបស់លោក ម៉ុង ឫទ្ធី។
 
យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា មានគម្រោងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ចំនួន៣០០លានដុល្លារ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ។
 
លោក ហុង សុខហួរ​ អគ្គនាយក​ផ្សារមូល​បត្រកម្ពុជា​ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា 
ប្រជាពលរដ្ឋទូទៅ ក៏មានសិទ្ធិក្នុងការទិញមូលបត្របំណុលនេះដែរ ខណៈការកំណត់តម្លៃមូលបត្រត្រូវធ្វើឡើង តាមលក្ខខណ្ឌបោះផ្សាយម្ដងៗ។
 
លោក សុខហួរ មានប្រសាសន៍ថា៖ «មូលបត្ររដ្ឋការប្រាក់អាចទាបជាមូលបត្របំណុលឯកជន ដែលក្រុមហ៊ុនបោះផ្សាយមូលបត្របំណុល។  រយៈពេលរបស់រដ្ឋច្រើនតែវែងជាង ប៉ុន្តែគ្រិះស្ថានហិរញ្ញវត្ថុផ្សេងៗ ពួកគាត់និយមមូលបត្ររដ្ឋហ្នឹង ព្រោះមូលបត្ររដ្ឋជាទូទៅមានសុវត្ថិភាពខ្ពស់ជាងគេ រដ្ឋមិនក្ស័យធន់ទៅណាទេ»។
 
អគ្គនាយករូបនេះ បានសង្កត់ធ្ងន់ថា ហានិភ័យលើមូលបត្របំណុលរដ្ឋនេះ មានតិចតួចបំផុត ពោលបានន័យថា ហានិភ័យនោះអាចកើតមានឡើង លុះត្រាតែរដ្ឋពុំមានថវិការបង្វិលសងវិញ និងអតិថិជន សម្រេចលក់ចេញវិញមុនពេលកំណត់ ហើយគ្មានអ្នកទិញ ខណៈអត្រាការប្រាក់ក៏ទាបជាងឯកជន។
 
សេចក្តីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងហរិញ្ញវត្ថុឆ្នាំ២០២២នេះ អនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ពីបរទេស និងដៃគូរអភិវឌ្ឍ ប្រមាណជាង ២ពាន់លានដុល្លារ សម្រាប់ហិរញ្ញវប្បទាន វិនិយោគសាធារណៈចំនួន ៣៥គម្រោង៕

Tag:
 មូលបត្របំណុលរដ្ឋ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com