ជាតិ
សន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា-ការឆ្លុះបញ្ចាំងពីអ្នកសង្កេតការណ៍
27, Oct 2021 , 8:59 am        
រូបភាព
កិច្ចព្រមព្រៀងសន្តិភាព​ក្រុង​ប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១។ រូបថត AFP
កិច្ចព្រមព្រៀងសន្តិភាព​ក្រុង​ប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១។ រូបថត AFP
ដោយ៖​ Christian Berger 
ថ្ងៃ​ទី២៣ ខែតុលា គឺខួប៣០ឆ្នាំនៃការចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ តើនេះគឺជាពេលមួយដែលត្រូវអបអរសាទរ ឬឈ្លោះប្រកែកគ្នា?

 
ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នាទាំងប្រជាជនខ្មែរ និងអ្នកដទៃទៀតមានហេតុផលល្អដើម្បីអបអរសាទរទិវានេះ៖ ដូចទៅនឹង «សន្ធិសញ្ញា២បូក៤» ដែលបានបើកផ្លូវសម្រាប់ការឯកភាពជាតិរបស់អាល្លឺម៉ង់ និងផ្តល់ទស្សនៈវិជ្ជមានថ្មីមួយមកដល់ប្រទេសអាល្លឺម៉ង់ និងប្រទេសជិតខាងអាល្លឺម៉ង់ទាំងអស់​ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសនេះ​បានដឹកនាំកម្ពុជាអោយចាកចេញពីផ្លូវទាល់មួយគឺរបបប៉ុលពត ឯមួយវិញទៀតនោះគឺអំឡុងពេលដែលកម្ពុជានៅចន្លោះភាពតានតឹងរវាងប៉ូលខាងលិច និងប៉ូលខាងកើត។​ 
 
ការចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក៏បានបើកផ្លូវដល់ការចូលរួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិផ្សេងៗដែលមិនធ្លាប់មានពីមុនមក រួមទាំងប្រទេសអាល្លឺម៉ង់ដែលទើបតែរួបរួមផងដែរ។​​ ការចូលរួមនេះគឺដើម្បីជួយកសាងប្រទេសមួយដែលត្រូវបានបំផ្លាញដោយជម្លោះទាំងក្នុងនិងក្រៅប្រទេសជាច្រើនឆ្នាំ។​ 
 
កិច្ចសហប្រតិបត្តិការដែលសកម្ម និងប្រកបដោយលក្ខណៈយកចិត្តទុកដាក់របស់ភាគីជាច្រើនដែលមានភ្នាក់ងារពហុភាគី រដ្ឋាភិបាល និងសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិជាងបីទសវត្សរ៍មកនេះបានធ្វើអោយប្រទេសកម្ពុជាក្លាយទៅជារឿងជោគជ័យសេដ្ឋកិច្ចមួយពិតប្រាកដ៖ ប្រទេសនេះបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ហើយការរីកចំរើននេះបានបំពេញតាមលក្ខណៈវិនិច្ឆ័យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពភាគច្រើន ហើយទទួលបានពិន្ទុល្អជាងប្រទេសជាច្រើនទៀត។
 
កិច្ចសហប្រតិបត្តិការនេះក៏បានបង្ហាញអោយឃើញពីតម្លៃរបស់ខ្លួននៅពេលដែលវិបត្តិកូវីដបានវាយប្រហារ។ ជាពិសេសគម្រោងអត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលផ្អែកលើជំនួយអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ជាមួយតួអង្គផ្សេងៗរួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី និងប្រទេសស៊ុយអែតជាច្រើនឆ្នាំមកនេះដែលបានផ្តល់នូវយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់ជំនួយដល់ជនក្រីក្រ។ 
 
តួលេខបានបង្ហាញពីសារៈសំខាន់ណៃយុទ្ធសាស្ត្រក្នុងការកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩៖ តាមរយៈគម្រោងនេះ ប្រជាជនចំនួន៦១០.០០០ គ្រួសារ ឬ ២.៨ លាននាក់បានទទួលការគាំពារគិតត្រឹមខែកក្កដា ឆ្នាំ២០២១។
 
ចុះបន្ទាប់ពីកូវីដវិញ? ខ្ញុំមិនអះអាងថាខ្ញុំដឹងពីគំនិតផ្តួចផ្តើមទាំងអស់នោះទេ ប៉ុន្តែខ្ញុំលើកយកប្រទេសរបស់ខ្ញុំជាឧទាហរណ៍ដើម្បីបន្តបកស្រាយបន្ថែមទៅលើគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសកម្ពុជា៖ អាល្លឺម៉ង់កំពុងធ្វើការលើគោលនយោបាយតាមវិស័យសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ។​ ក្នុងពេលជាមួយគ្នា ពួកយើង និងមិត្តស្វីសរបស់យើងកំពុងគាំទ្រដល់ក្រសួងមហាផ្ទៃក្នុងកិច្ចការងារវិមជ្ឈការ។ ខ្ញុំចាត់ទុកថាវិស័យទាំងពីរនេះមានសារសំខាន់ខ្ពស់។
 
ច្បាស់ណាស់ កិច្ចសហប្រតិបត្តិការដែលបង្កឡើងដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាឧបករណ៍ដ៏សំខាន់ក្នុងការនាំប្រទេសកម្ពុជាឆ្ពោះទៅមុខ។ ប៉ុន្តែនៅក្នុងភ្នែករបស់ខ្ញុំ ក្រៅពីកិច្ចខិតខំប្រឹងប្រែងនៃសហប្រតិបត្តិការទាំងនេះ ដែលមានការចូលរួមពីសហគមន៍អន្តរជាតិ ភាពជោគជ័យនៃសេដ្ឋកិច្ចនាពេលខាងមុខអាចនឹងកើតចេញបានពីកត្តាសំខាន់ៗយ៉ាងហោចណាស់ចំនួនពីរ៖​ មួយ​គឺ​នយោបាយ​ឈ្នះ​ឈ្នះ​ផ្អែក​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ការអនុវត្ត​របស់​នយោបាយឈ្នះឈ្នះ​នេះបាន​អនុញ្ញាត​ឱ្យសង្គមកម្ពុជាពុះពារភាពលំបាកមួយចំនួន។
 
កត្តាមួយ​ទៀតក៏​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសទៀតនោះ​ ​និង​បទពិសោធន៍អវិជ្ជមានពីអតីតកាល នោះគឺការបង្កើតលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងសង្គមស៊ីវិលដែលសកម្ម សហជីពសេរី និងប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍នូវអ្វីដែលមានតម្លៃ និងគួរអោយឆ្លុះបញ្ចាំង។ ក្នុង​ក្រសែ​ភ្នែក​របស់​ខ្ញុំ ចំណុច​នៃ​ក្របខណ្ឌ​នយោបាយទាំង​នេះ​បាន​ផ្តល់​ឱ្យ​កម្ពុជា​នូវ​អត្ថប្រយោជន៍​ប្រកួតប្រជែង។
 
ទោះជាយ៉ាងនេះក្តីក៏ការវិនិច្ឆ័យថាប្រទេសកម្ពុជានឹងឈរនៅចំណុចណា ៣០ឆ្នាំក្រោយពីកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសនៅតែមានការយល់ឃើញផ្ទុយគ្នា។ សូម្បីតែការពិភាក្សាគ្នាក្នុងលក្ខណៈ «តើទឹកក្នុងកែវនេះពាក់កណ្តាលទទេរ ឬពាក់កណ្តាលពេញ?» ក៏មិនមានផង។ ផ្ទុយទៅវិញមតិដែលបានឃើញសព្វថ្ងៃគឺហាក់ដូចជាមានភាពខុសគ្នាជាមូលដ្ឋាន។
 
ហេតុផលមួយគឺអាចមកពីបុគ្គលផ្សេងៗគ្នាទាញយកចំនុចសំខាន់ផ្សេងគ្នាតាមការយល់ឃើញរបស់មកពិភាក្សាលើកត្តាចាំបាច់ទាំង៣ដែលខ្ញុំបានលើកឡើងខាងលើ។​ ខ្ញុំនឹងមិនលាក់បាំងពីមោទនភាពរបស់ខ្ញុំចំពោះការរួមចំណែកដ៏ជោគជ័យរបស់អាល្លឺម៉ង់ទៅលើការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះនោះទេ។ ដូច្នេះហើយទើបខ្ញុំដឹងថាការរួមចំណែកទាំងនេះមិនអាចជោគជ័យតែឯងបាននោះទេ។ ខ្ញុំយល់ឃើញថាចំណុចទាំងបីខាងលើនេះគឺជាការបំពេញបន្ថែម ហើយភាពជោគជ័យរបស់ប្រទេសកម្ពុជាអាចបកស្រាយបានតែតាមរយៈការបញ្ចូលគ្នានៃចំណុចទាំងបីនេះ។ 
 
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំអំពីភាពស្មុគស្មាញ ភាពលំបាក និងរយៈពេលនៃដំណើរការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ ខ្ញុំសូមធ្វើការប្រៀបធៀបប្រទេសកម្ពុជា និងប្រទេសអាល្លឺម៉ង់ម្តងទៀតក្នុងនាមជាពលរដ្ឋអាល្លឺម៉ង់មួយរូប។ ខណៈពេលដែលបញ្ហានៅក្នុងប្រទេសកម្ពុជាមានលក្ខណៈខុសពីអាល្លឺម៉ង់ ភាពស្មុគស្មាញនៃបញ្ហានេះមានភាពប្រហាក់ប្រហែលគ្នា ហើយយើងក៏មិនគួរមើលស្រាលពេលវេលាចាំបាច់សម្រាប់ការដោះស្រាយភាពស្មុគស្មាញនេះដាច់ខាត។
 
តាមអ្វីដែលខ្ញុំសង្កេតឃើញជាប្រចាំថ្ងៃនៅក្នុងនយោបាយនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សង្គមស៊ីវិលដ៏រឹងមាំ សហជីពសេរី និងការរាយការណ៍ពត៌មានដោយឯករាជ្យហាក់បីដូចជាមិនទទួលបានការទទួលស្គាល់ថាអ្វីជាធាតុពិតនៃចំណុចទាំងនេះ ​ ពោលគឺអត្ថប្រយោជន៍សម្រាប់សង្គមកម្ពុជា។ 
 
ខ្ញុំសូមលើកឧទាហរណ៍មួយដើម្បីពន្យល់ពីអ្វីដែលខ្ញុំចង់មាននិយាយ៖ ការបង្កើតតំបន់ក្រហមដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ គឺពិតជាការចាំបាច់។ ​ការ​អនុវត្តនេះមាន​ចំណុច​ខ្វះខាតកើតមានឡើងនៅក្នុងដំណាក់កាល​ចាប់ផ្តើមដំបូងដូចដែលបានរំពឹងទុកមុន ជាពិសេសក្នុងការអនុវត្តការងារដ៏ស្មុគស្មាញមួយដែលមិនធ្លាប់ធ្វើពីមុនមក។ ប៉ុន្តែនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍អំពីចំណុចខ្វះខាតទាំងនេះ ហើយនៅពេលដែលអ្នកសម្តែងមតិបន្ទាប់ពីត្រូវបានអ្នកយកសារពត៌មានសម្ភាសសម្តែងការមិនពេញចិត្តរបស់ពួកគេ មតិទាំងនេះត្រូវបានគេហៅថាជាមតិ​​ "ប្រឆាំង" ទៅវិញ។
 
ការឆ្លុះបញ្ចាំងមួយអំពីសារសំខាន់នៃសង្គមស៊ីវិល៖ សង្គមស៊ីវិល និងស្ថាប័នរដ្ឋាភិបាលមិនតែងតែជាដៃគូនឹងគ្នានោះទេ។ ប៉ុន្តែ​ភាគី​ទាំងពីរ​គួរតែ​ទទួលស្គាល់​ថា​នៅក្នុង​សង្គម​សតវត្សរ៍​ទី​២១ ពួកគេ​ម្នាក់ៗ​មាន​តួនាទីចាំបាច់រៀងៗខ្លួន​។ វិស័យមួយដែលទទួលបានផ្លែផ្កានោះគឺវិស័យមីក្រូហិរញ្ញវត្ថុ។ ការអំពាវនាវរបស់អង្គការសង្គមស៊ីវិលចំនួន ១០៣ ជាហេតុនាំ ឱ្យអាជ្ញាធរមានសកម្មភាពដោះស្រាយវិបត្តិប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ។ មិនថាក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬវិស័យផ្សេងទៀតទេ ខ្ញុំសង្ឃឹមថា អង្គការសង្គមស៊ីវិលអាចមានសកម្មភាពលើសពីការចង្អុលបង្ហាញកំហុសរបស់ស្ថាប័ន។ 
 
ចំណែកឯស្ថាប័នរដ្ឋាភិបាលវិញគួរតែធ្វើកិច្ចសហប្រតិបត្តិការបែបស្ថាបនាជាមួយសង្គមស៊ីវិល។ ភាគីទាំងអស់សុទ្ធតែមាន​តួនាទី​រៀងៗ​ខ្លួន ទោះបីជាពេលខ្លះពួកគេមានគោលដៅ​ខុសគ្នា​ក៏ដោយ ពួកគេទាំង​អស់គួរតែយល់ថាតួនាទីរបស់ខ្លួនគឺជាការបំពេញបន្ថែមសម្រាប់ដំណើរការនៃសង្គមកម្ពុជា និងគួតែធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិជារួម។
 
ក្នុងបរិបទនេះ មូលដ្ឋានច្បាប់សម្រាប់ដំណើរការប្រកបដោយផលិតភាពនៃសង្គមស៊ីវិលចាំបាច់ត្រូវតែកំណត់អោយច្បាស់លាស់។ ឥឡូវនេះ កូវីដលែងជាឧបសគ្គទៀតហើយ ខ្ញុំទន្ទឹងរង់ចាំការចាប់ផ្តើមឡើងវិញនៃកិច្ចពិភាក្សាលើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ (LANGO)។ ការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពី LANGO នឹងត្រួសត្រាយផ្លូវសម្រាប់ការពិភាក្សាបែបស្ថាបនាលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យមួយ។
 
ខ្ញុំដឹងយ៉ាងច្បាស់ថា ទាំងនេះជាផ្នែកមួយនៃដំណើរការដែលនឹងទាមទារការចូលរួមពីអ្នកជំនាញ និងថវិការជំនួយរាប់ពាន់លានដុល្លារ។ ពោល​គឺដំណើរការនេះ​ទាមទារ​ឆន្ទៈដ៏ម៉ឺងម៉ាត់ក្នុងការធ្វើកំណែទម្រង់​ការ​គិត​គូរ​នយោបាយ​របស់​ប្រទេស។ វាទាមទារឆន្ទៈក្នុងការសហការ រួមទាំងបញ្ហាដែលមានមតិផ្ទុយគ្នា។ វាទាមទារឱ្យមានឆន្ទៈក្នុងការសម្របសម្រួល និងការដាក់ផលប្រយោជន៍ជាតិនៅលើគោលដៅផ្សេងទៀត។
 
ខ្ញុំមើលឃើញថា កំណែទម្រង់វិមជ្ឈការ ដែលមានបំណងផ្លាស់ប្តូរអាកប្បកិរិយារបស់មន្ត្រីការិយាល័យ ក៏ដូចជាប្រជាពលរដ្ឋ គឺជាចំណែកជាក់ស្តែងដ៏សំខាន់មួយសម្រាប់ដំណើរការនេះ។ ខ្ញុំមានមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសប្រទេសអាល្លឺម៉ង់ជាដៃគូមួយរបស់កម្ពុជាក្នុងវិស័យនេះ។
 
ប្រទេសកម្ពុជាបានទទួលការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការអនុវត្តចំណុចមួយចំនួនដូចជាដំណើរការនៃយន្តការពិនិត្យជាសកលតាមកាលកំណត់ក្នុងទីក្រុងហ្សឺណែវ និងការងាររបស់ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (OHCHR) នៅទីក្រុងភ្នំពេញ ដើម្បីដោះស្រាយបញ្ហាជាក់លាក់ដោយសហការជាមួយតួអង្គជាតិ និងអន្តរជាតិដែលមានចំណាប់អារម្មណ៍ទាំងអស់។

សម្រាប់ខ្ញុំ នេះបញ្ជាក់យ៉ាងច្បាស់ថារាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកការប្តេជ្ញាចិត្តរបស់ខ្លួនទាក់ទងនឹងសិទ្ធិមនុស្សគ្រាន់តែជាទម្រង់បែបបទទេ ប៉ុន្តែពិតជាមានឆន្ទៈធ្វើការលើខ្លឹមសារ បើទោះបីជា​ត្រូវពិចារណាទស្សនៈផ្សេងគ្នាក៏ដោយ។ ការប្តេជ្ញាចិត្តនេះក៏ធ្វើឱ្យខ្ញុំមានសង្ឃឹមទៅលើនឹងការបោះឆ្នោតនាពេលខាងមុខផងដែរ ថាការចូលរួមពីគណបក្សប្រឆាំងដែលមានមុខងារជាផ្នែកសំខាន់នៃប្រព័ន្ធពហុបក្សដែលកំពុងរីកចម្រើនគឺនៅតែអាចទៅរួច។ សម្រាប់ខ្ញុំ នេះមិនត្រឹមតែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាធាតុសំខាន់សម្រាប់សម្រេចបាននូវគោលដៅធំនៃការបង្រួបបង្រួមជាតិ។
 
ការពិភាក្សានាពេលនេះអំពីអត្ថន័យរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏មានទំហំទិដ្ឋភាពនយោបាយការបរទេសដែលប្រាកដជាធ្វើឱ្យអ្វីៗកាន់តែស្មុគស្មាញ។ ងាកត្រលប់ទៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាថ្មីម្តងទៀត កិច្ចព្រមព្រៀងនេះអាចមានប្រយោជន៍ក្នុងការស្វែងរកមូលបទរួម៖ ផ្អែកលើមូលដ្ឋាននៃការពិភាក្សាបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមាត្រា ៥៣ ត្រូវបានបញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដោយចែងថា​​ « ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ»។
 
«គ្មានប្រទេសណាមួយគួរត្រូវបង្ខំចិត្តក្នុងការជ្រើសរើសរវាងប៉ូលពីរនោះទេ»។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Maas ក្នុងតួនាទីជាតំណាងរបស់ប្រធានសហភាពអឺរ៉ុប ក្នុងឱកាសនៃសេចក្តីសម្រេចស្តីពីភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហភាពអឺរ៉ុប។​ សេចក្តីថ្លែងការណ៍នេះគឺស្របតាមមាត្រា ៥៣ ទាំងស្រុង។ ហើយនៅក្នុងសុន្ទរកថាស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបានថ្លែងដោយលោកស្រី Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៤ ខែសីហា នៅប្រទេសសិង្ហបុរី បានគូសបញ្ជាក់ដូចគ្នាថា ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់គឺ "មិនមែនធ្វើឡើងដើម្បីឱ្យអ្នកណាម្នាក់ជ្រើសរើសរវាងប្រទេសណាមួយនោះទេ»។ សេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់ទាំងនេះពីតួអង្គអន្តរជាតិសំខាន់ៗ គួរតែផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវមាត្រា ៥៣ ក្នុងគ្រាលំបាក។
 
សរុបមក៖ ក្នុងករណីណាក៏ដោយ សន្តិភាព និងប្រជាធិបតេយ្យគឺចាំបាច់ទាំងពីរ។ មែនហើយ ពេលក្រឡេកមើលក្របខណ្ឌរដ្ឋធម្មនុញ្ញទាក់ទងនឹងគណបក្សនយោបាយ សង្គមស៊ីវិលសកម្ម សហជីពដ៏រស់រវើក និងប្រព័ន្ធផ្សព្វផ្សាយដែលនៅតែមានឆន្ទៈក្នុងការរាយការណ៍ពត៌មាន យើងនៅតែអាចមើលឃើញថាកែវទឹកនៅតែពេញពាក់កណ្តាល។ ចូរយើងទាំងអស់គ្នាបន្តធ្វើការជាមួយគ្នា ដើម្បីបំពេញកែវទឹងនេះបន្ថែមទៀត។
 
អ្នក​ខ្លះ​ប្រហែល​ជា​ចាត់​ទុក​វិធីសាស្ត្រ​របស់​ខ្ញុំ​មាន​លក្ខណៈ​ជាគំនិតមិនអាចទៅរួច។ ខ្ញុំយល់ថាវិធីសាស្រ្តនេះគឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់ប្រទេសកម្ពុជា។ ប៉ុន្តែចុងក្រោយ ទោះខ្ញុំគិតយ៉ាងណា ការសម្រេចចិត្តលើដំណើរអនាគតរបស់កម្ពុជា នឹងត្រូវធ្វើឡើងរវាងខ្មែរ និងខ្មែរ៕

Christian Berger ជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា

© រក្សាសិទ្ធិដោយ thmeythmey.com