ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជាទទួលយកទេសចរវ៉ាក់សាំងដំបូង នៅក្រុងព្រះសីហនុ កោះរ៉ុង និងតារាសាគរ នៅចុងខែវិច្ឆិកា
26, Oct 2021 , 4:06 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈក្រសួងទេសចរណ៍ បានប្រកាសឱ្យបើកទទួលទេសចរវ៉ាក់សាំង នៅក្រុងព្រះសីហនុ និងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង  ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ២០២១ទៅ។



ក្រៅពីក្រុងនៅខេត្តទាំងពីរនេះ ក្រសួងទេសចរណ៍ ក៏នឹងអនុញ្ញាតឱ្យខេត្តសៀមរាប ទទួលយកទេសចរវ៉ាក់សាំង នៅក្នុងខែមករា ២០២២ដែរ។ ការអនុញ្ញាតនេះ នៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរវ៉ាក់សាំង ដែលអាចឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។

«បន្ទាប់ពីរងនូវវិបត្តិកូវីដ-១៩ ជាងពីរឆ្នាំមកនេះ ទីបំផុតប្រទេសកម្ពុជា ក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជាទេសចរវ៉ាក់សាំង»។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សម្រាប់ភ្ញៀវទេសចរ ដែលមកក្នុងកម្មវិធីទេសចរវ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរកកូវីដ-១៩ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ ប៉ុណ្ណោះ។ ក្នុងករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរី នៅក្នុងតំបន់ ឬគោលដៅទេសចរដោយសុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សុទ្ធតែត្រូវបានពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្ដង់ដា និងវិធានសុវត្ថិភាពទេសចរជាមុន។ នេះបើតាមក្រសួងទេសចរណ៍។
 



បន្ថែមពីនេះក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ភ្ញៀវទេសចរ ត្រូវអនុវត្តតាមលក្ខខណ្ឌនៃកម្មវិធីបើកទទួលទេសចរវ៉ាក់សាំង ដោយត្រូវស្នើសុំលិខិតអនុញ្ញាតចូលមកកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនីតិវិធី នៃការស្នើសុំទិដ្ឋាការដែលមានស្រាប់ ។ ក្នុងនោះ តម្រូវឱ្យមាន វិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងបង្ការចំងឺកូវីដ-១៩ គ្រប់ដូស, កន្លែងស្នាក់នៅ ដែលបានកក់ទុក និងបង់ប្រាក់នៅក្នុងតំបន់ទេសចរណ៍សុវត្ថិភាព ,លិខិតធានារ៉ាប់រងសុខភាព សម្រាប់ការធ្វើដំណើរមកកម្ពុជា រួមបញ្ចូលទាំងការធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ជាយថាហេតុ និងសំណងលើការលុបចោលការកក់សេវាកម្មទេសចរណ៍នានា នៅកម្ពុជាជាយថាហេតុ, សំបុត្រយន្តហោះ ,វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ចេញក្នុងរយៈពេល៧២ម៉ោងនៃជើងហោះ និង ព័ត៌មានអំពីប្រវត្តិធ្វើដំណើរ១៤ថ្ងៃ មុនពេលចេញមកកម្ពុជា។


 
ក្រសួងទេសចរណ៍ បានបញ្ជាក់ដូច្នេះថា៖«ភ្ញៀវទេសចរអន្តរជាតិ ត្រូវធ្វើតេស្ត PCR នៅមុន១ថ្ងៃ នៃការចាកចេញពីតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីបញ្ជាក់លទ្ធផលអវិជ្ជមាន មុននឹងអនុញ្ញាតឱ្យចេញទៅតំបន់ផ្សេងៗ ឬចាកចេញពីកម្ពុជា»។
 
ចំពោះភ្ញៀវទេសចរ ដែលមកក្នុងកម្មវិធីទេសចរវ៉ាក់សាំង ក៏អាចស្នើសុំប្រភេទទិដ្ឋាការទេសចរណ៍(ប្រទេសT) នៅតាមស្ថានទូត / កុងស៊ុលកម្ពុជាប្រចាំប្រទេសសាមី ឬអាចស្នើទិដ្ឋាការអេឡិចត្រូនិក (E-Visa) ហើយត្រូវមកតាមកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ឬជាទេសចរមកជាលក្ខណៈគ្រួសារ ឬក្រុមតូចៗ ជាទេសចរកម្រិតខ្ពស់ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ នេះបើតាក្រសួងទេសចរណ៍៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com