កីឡាអន្តរជាតិ
អន្តរជាតិ
Conte ទំនងជាអ្នកជំនួស SolsKjaer នៅ Man Utd ឆាប់ៗនេះ
26, Oct 2021 , 4:43 pm        
រូបភាព
លោក Antonio Conte ជាបេក្ខភាពនាំមុខគេដើម្បីក្លាយជាអ្នកចាត់ការទូទៅ Manchester United ប្រសិនបើលោក Ole Gunnar Solskjær ត្រូវបានបញ្ចប់តំណែង។ Solskjær អាចនឹងត្រូវបញ្ចប់តំណែងឆាប់ៗនេះ ក្រោយដឹកនាំ Man Utd ចាញ់ Liverpool ដល់ទៅ ៥-០។



ប្រភពគួរទុកចិត្តជាច្រើនបានប្រាប់កាសែត Guardian ថាបរាជ័យ ៥-០ នៅ Old Trafford ក្នុងការប្រកួត Premier League សប្តាហ៍មុន បានធ្វើឱ្យលោក Solskjær ត្រូវបាត់បង់ការជឿទុកចិត្តពីអ្នកគាំទ្រ និងសមាជិកក្លិប។ អ្នកចាត់ការវ័យ ៤៨ ឆ្នាំរូបនេះត្រូវបានគេវាយតម្លៃថាមិនសូវប្រើយុទ្ធសាស្ត្រដឹកនាំ ខណៈសមាជិកក្រុមសុទ្ធជាកីឡាករមានគុណភាព។
 
បន្ទាប់ពីបរាជ័យនេះ និងការបង្ហាញខ្លួនមិនបានល្អ នៅប៉ុន្មានប្រកួតចុងក្រោយ ម្ចាស់ក្លិបបិសាចក្រហមដែលគេស្គាល់ថាជាគ្រួសារ Glazer គ្រោងបើកកិច្ចប្រជុំធំមួយដើម្បីពិភាក្សាពីអនាគតរបស់ Solskjær។ នាយកគ្រប់គ្រងលោក Richard Arnold បានលុបចោលការណាត់ជួបទាំងអស់នៅថ្ងៃទី២៦ ដើម្បីជួបពិភាក្សាជាមួយលោក Joel Glazer។
 
លោក Conte អតីតអ្នកចាត់ការ Chelsea, Juventus និង Inter Milan អាចនឹងត្រូវជំនួសតំណែងអ្នកចាត់ការថ្មី Man Utd ប្រសិនបើលោក Solskjær ត្រូវបញ្ចប់តំណែងឆាប់ៗនេះ។ 
ស្របពេលគ្នានេះដែរ អ្នកចាត់ការសញ្ជាតិអ៊ីតាលីវ័យ៥២ឆ្នាំ ដែលស្ទាក់ស្ទើរក្នុងការកាន់តំណែងក្រុមណាមួយនៅរដូវកាលនេះ បានប្រាប់សារព័ត៌មានថាលោកលើកលែងសម្រាប់ក្រុម Man Utd ដ្បិតនេះជាឱកាសពិសេស។
 
Conte បានឈប់ពីការងារអ្នកចាត់ការ Inter Milan កាលពីខែឧសភា ឆ្នាំ២០២១ ក្រោយជួយក្រុមអ៊ីតាលីមួយនេះ ឈ្នះជើងឯក Serie A  នៅរដូវកាល ២០២០-២១។ Conte ក៏ធ្លាប់ឈ្នះ Premier League នៅពេលដឹកនាំ Chelsea នៅរដុវកាលដំបូង ២០១៦-១៧ ព្រមទាំង FA Cup នៅឆ្នាំបន្ទាប់។
 
ដោយឡែកលោក Solskjær វិញបានសារភាពក្រោយចាញ់ហង្សក្រហមលើកនេះថាជាបរាជ័យដ៏អាក្រក់បំផុតរបស់លោក និងក្រុម។ យ៉ាងណាលោកអះអាងថានឹងមិនចាកចេញពីក្រុមពេលនេះទេ។ «ខ្ញុំជឿជាក់លើខ្លួនឯង ខ្ញុំជឿថាខ្ញុំខិតទៅជិតអ្វីដែលខ្ញុំចង់បានជាមួយក្លិបហើយ»។ អ្នកចាត់ការវ័យ៤៨ឆ្នាំបន្ថែមដូច្នេះ៕

Tag:
 Ole Gunnar Solskjær
  Antonio Conte
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com