អន្តរជាតិ
ភាគិនេយ្យាអធិរាជជប៉ុន រៀបការជាមួយគូស្នេហ៍រាស្រ្តសាមញ្ញ ក្រោយមានរឿងចម្រូងចម្រាស
26, Oct 2021 , 9:29 pm        
រូបភាព
អតីតព្រះនាងជប៉ុន Mako និងស្វាមី Kei Komuro ។ រូបថត AFP
អតីតព្រះនាងជប៉ុន Mako និងស្វាមី Kei Komuro ។ រូបថត AFP
ដោយ៖ ឡាយ ស្រីពេជ្រ

ព្រះនាងម្ចាស់ Mako ដែលជាត្រូវជាភាគិនេយ្យា (ក្មួយស្រី) នៃអធិរាជជប៉ុន ណារុហ៊ីតុ បានរៀបអភិសេកជាមួយគូស្នេហ៍ដែលជាសមញ្ញជនម្នាក់ឈ្មោះ Kei Komuro នៅថ្ងៃទី២៦ ខែតុលា។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធធ្វើឡើងគ្រាន់តែចុះបញ្ជីអាពាហ៍ពិពាហ៍ និងមិនមានការរៀបចំធំដុំឡើយ ស្របពេលមានរឿងរ៉ាវចម្រូងចម្រាសជាច្រើនឆ្នាំ។ តាមច្បាប់ជប៉ុន ព្រះនាង Mako ក្លាយជារាស្រ្តសាមញ្ញហើយ។


ទីបំផុតទៅ ក្រោយឆ្លងកាត់រឿងរ៉ាវជាច្រើន ព្រះនាង Mako អាចរៀបអាពាហ៍ពិពាហ៍ជាមួយគូដណ្ដឹងជារាស្រ្តសាមញ្ញា Kei Komuro ហើយ។ ទីភ្នាក់ងារគ្រប់គ្រងរាជវាំងជប៉ុន ប្រកាសនៅថ្ងៃទី២៦ ខែតុលា ថា ឯកសារអាពាហ៍ពិពាហ៍ ត្រូវបានអនុម័តហើយ។ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្រោមសង្រ្គាម អាពាហ៍ពិពាហ៍នេះ មិនត្រូវបានរៀបចំធំដុំតាមប្រពៃណីឡើយ ហើយព្រះនាង Mako ក៏បដិសេធមិនទទួលយកទឹកប្រាក់ឧបត្ថម្ភសម្រាប់ការចាកចេញពីរាជវង្សដែរ។

ព្រះនាង Mako និងលោក Kei Komuro បានប្រកាសពីការភ្ជាប់ពាក្យនៅឆ្នាំ២០១៧ ។ ក្រោយមក រឿងអាស្រូវទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុរបស់គ្រួសារលោក Kei Komuro ក៏បានលេចឡើងដែលនាំឱ្យមានរឿងចម្រូងចម្រាសជាច្រើនឆ្នាំ។ 

តាមច្បាប់ជប៉ុន សមាជិករាជវង្សស្ត្រី មិនអាចឡើងសោយរាជ្យបានទេ ព្រមទាំងបាត់បង់ឋានៈជាខ្សែរាជ្យវង្សទៀតផងនៅពេលរៀបអភិសេកជាមួយមនុស្សសាមញ្ញ។ ព្រះនាង Mako ដែលជាក្មួយស្រីរបស់អធិរាជ ណារុហ៊ីតុ ក៏មិនមែនជាករណីលើកលែងដែរ។ ព្រះនាងអង្គនេះ ជាបុត្រីច្បងរបស់រជ្ជទាយាទ អាគីស៊ីណុ ដែលជាអនុជរបស់អធិរាជ ណារុហ៊ីតុ ផ្ទាល់។

គួររំលឹកថា​ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនទាក់ទិននឹងព្រះនាង Makoនិងវិបត្តិហិរញ្ញវត្ថុរបស់គ្រួសារលោក Komuro ក្រោយការពាក្យនៅឆ្នាំ២០១៧ ព្រះនាង Mako ចាប់ផ្តើមមានបញ្ហាជំងឺស្ត្រេសដោយសារការប៉ះទង្គិចផ្លូវចិត្ត។ អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ក៏បានពន្យារពេលម្ដង ហើយលោក Komuro បានផ្លាស់ទៅរៀនច្បាប់នៅទីក្រុងញូវយ៉កក្នុងឆ្នាំ ២០១៨ ។ លោកទើបតែប្រឡប់មកជប៉ុនវិញនៅខែកញ្ញានេះទេ។ គូស្វាមីថ្មី គ្រោង​នឹង​ទៅ​រស់នៅ​អាម៉េរិក​បន្ទាប់​ពី​រៀបការ​រួច ៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com