ជាតិ
ទឹកស្ទឹងព្រែកត្នោតនៅកំពង់ស្ពឺ ស្រកជិត២០សង់ទីមែ៉ត្រវិញហើយ
26, Oct 2021 , 5:02 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពង់ស្ពឺបានស្រកចុះជិត ២០សង់ទីម៉ែត្រ ក្រោយឡើងដល់កម្រិតប្រុងប្រយ័ត្ន។ នេះបើតាមហ្វេសប៊ុករបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

 
 
លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅវេលាម៉ោង២ រសៀលនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត​ស្រកចុះជិត២០សង់ទីម៉ែត្រហើយ។ « យើងអាចសន្និដ្ឋានបានថាប្រសិនបើគ្មានភ្លៀងនៅផ្នែកខាងលើក្នុងចន្លោះពីមួយថ្ងៃ ទៅពីរថ្ងៃទៀតស្ថានភាពទឹកនឹងវិលទៅរកសភាពធម្មតាវិញហើយ»។ នេះជាការអះអាងរបស់​ លោក វ៉ី សំណាង ពីស្ថានភាព ទឹកស្ទឹងព្រែកត្នោត។ 
 
 

គួរជម្រាបថា ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី២៧ ដល់ទី២៨ ខែតុលា កម្ពុជាអាចនឹងទទួលរងសម្ពាធទាប និងចាប់ពី២៩ ដល់ថ្ងៃទី២ ខែវិច្ឆិកា​ នឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ដែលអាចបណ្ដាលឱ្យខេត្តនិងក្រុងចំនួន ១៤ អាចនឹងរងជំនន់ទឹកភ្លៀង។

រូបភាពដោយអភិបាលខេត្តកំពង់ស្ពឺ លោកវីសំណាង
 
ទន្ទឹមនេះ អភិបាលខេត្តកំពង់ស្ពឺ​ ក៏បានអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ជាពិសេសអ្នករស់នៅផ្នែកខាងក្រោម សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀស វាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕   

Tag:
 ស្ទឹងព្រែកត្នោត
  កំពង់ស្ពឺ
  ទឹកស្រកចុះ
© រក្សាសិទ្ធិដោយ thmeythmey.com