ជាតិ
ដំណាំកសិកម្មជាង ៣៤ម៉ឺនហិកតា រងផលប៉ះពាល់ដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត
26, Oct 2021 , 9:59 pm        
រូបភាព
គ្រោះទឹកជំនន់ កាលពីពេលថ្មីៗនេះ ក្នុងខេត្តបន្ទាយមានជ័យ។រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
គ្រោះទឹកជំនន់ កាលពីពេលថ្មីៗនេះ ក្នុងខេត្តបន្ទាយមានជ័យ។រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងរដូវបង្កបង្កើនផលកសិកម្មរដូវវស្សាឆ្នាំ២០២១នេះ គ្រោះរាំងស្ងួត ទឹកជំនន់ សត្វចង្រៃ និងជំងឺផ្សេងៗ បានធ្វើឱ្យប៉ះពាល់កសិកម្ម លើផ្ទៃដី ៣៤៣ ៨១៦ហិកតា, ខូចខាតដំណាំ ៨០ ១០១ហិកតា។ នេះបើតាម វឌ្ឍនភាពនៃការងារបង្កបង្កើនផលដំណាំកសិកម្មរដូវវស្សា និងផលប៉ះពាល់ដោយគ្រោះធម្មជាតិ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ចេញផ្សាយដោយលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



យោងតាមរបាយការណ៍វឌ្ឍនភាពនៃការងារបង្កបង្កើនផលដំណាំកសិកម្មរដូវវស្សា និងផលប៉ះពាល់ដោយគ្រោះធម្មជាតិ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មាន​ផ្ទៃដី​ជាង ៣៤ម៉ឺន​ហិកតា រង​ផល​ប៉ះពាល់។ ក្នុងចំណោមផ្ទៃដីប៉ះពាល់សរុបជាង ៣៤ម៉ឺនហិកតា ដែលរងការប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងនោះដំណាំលើផ្ទៃដី ២៣ ៨៤២ហិកតា ត្រូវបានស្ដារ ខណៈ ៣ ០៧៤ហិកតា រងការខូចខាតទាំងស្រុង។ ជាមួយគ្នានេះ ដំណាំស្រូវ ៣៤ ៣៧៩ហិកតា រងការខូចខាតដោយសារគ្រោះរាំងស្ងួត ខណៈស្ដារវិញបាន ២៣ ៦២៣ហិកតា និងដំណាំស្រូវ ៤០ ៩៧៩ហិកតា រងគ្រោះដោយទឹកជំនន់ខូចខាតចំនួន និងស្ដារបាន ២០៤ហិកតា។
 
ចំពោះដំណាំសាកវប្បកម្មវិញ រងគ្រោះទឹកជំនន់ខូចខាតចំនួន ២០៣ហិកតា។ រីឯដំណាំឧស្សាហកម្មវិញ រងគ្រោះដោយគ្រោះរាំងស្ងួតខូចខាត ២៧៩ហិកតា, ខូចខាតដោយទឹកជំនន់ ៤ ២៤៩ហិកតា និងខូចខាតដោយសត្វចង្រៃ និងជំងឺ ចំនួន​ ១៧ហិកតា ខណៈស្ដារបាន ១៥ហិកតា។
 
គួររម្លឹកផងដែរថាក្នុងឆ្នាំ២០២១នេះ ក្រសួងកសិកម្មបានត្រៀមពូជស្រូវប្រមាណ ២ពាន់តោន ព្រមទាំងពូជបន្លែ និងពូជដំណាំរួមផ្សំ ១២មុខ ចំនួន២៥តោន សម្រាប់ចែកជូនដល់ពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងប្រទេស៕

Tag:
 ThmeyThmey25
  គ្រោះធម្មជាតិ
  ទឹកជំនន់
  រាំងស្ងួត
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com