ជាតិ
អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ផ្អាកចរាចរណ៍រថយន្តធុនធំនៅផ្លូវលេខ១៤៣ ក្នុងក្រុងច្បាមន ដើម្បីរំដោះទឹក
26, Oct 2021 , 6:19 pm        
រូបភាព
រូបភាពពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
រូបភាពពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
ដោយ:
កាលពីយប់ថ្ងៃទី២៥ តុលា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកចរាចរណ៍​រថយន្តធុនធំនៅកំណាត់ផ្លូវលេខ១៤៣ ក្បែរវត្តម្រុំខាងត្បូង។ ប៉ុន្តែគិតមកត្រឹមព្រឹកថ្ងៃទី២៦នេះ ស្ថានភាពទឹកបានស្រកប្រមាណ៣តឹកហើយ។ បើតាមលោក ស៊ូ ស៊ុន្ទរ៉ា ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ អាជ្ញាធរនឹងអនុញ្ញាតឱ្យមានការចរាចរធម្មតាវិញនៅថ្ងៃនេះ ប្រសិនបើទឹកបន្តស្រក។



មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានផ្អាកចរាចណ៍​ររថយន្តធុនធំឆ្លងកាត់ផ្លូវលេខ១៤៣  ត្រង់ចំណុចកន្លែងសំណង់លូបេតុង នៅជិតវត្តម្រុំខាងត្បូង សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន  ខេត្តកំពង់ស្ពឺ ដើម្បីរំដោះទឹកឱ្យហូរចូលស្ទឹងព្រែក​ត្នោត កុំឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ និងសាលារៀនក្នុងតំបន់នោះ។ បើតាមលោក ស៊ូ ស៊ុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ការផ្អាកចរាចរណ៍ផ្លូវលេខ១៤៣នេះ គឺសម្រាប់តែរថយន្តធុនធំប៉ុណ្ណោះ។ ចំណែកទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តទេសចរណ៍ (ប្រភេទគ្រួសារ) គឺអាចធ្វើដំណើរបានលើលូបេតុង ដែលបានសាងសង់រួច។
  


«លូបេតុង គឺអាចឱ្យរថយន្តធុនតូច និងម៉ូតូឆ្លងកាត់បាន ប៉ុន្តែសម្រាប់រថយន្តដឹកថ្ម ដឹកខ្សាច់ និងរថយន្តធុនធំ យើងមិនអនុញ្ញាតទេ ព្រោះលូបេតុងដែលយើងសាងសង់រួចនេះមិនទាន់គ្រប់អាយុកាល»។ នេះជាការបញ្ជាក់របស់លោក ស៊ូ ស៊ុន្ទរ៉ា ដោយបន្តថាលូបេតុង ត្រង់ចំណុចជិតវត្តម្រុំខាងត្បូងនេះ នឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២១ ដែចអាចជួយរំដោះទឹកបានលឿន។ ដូច្នេះលោករំពឹងថាឆ្នាំក្រោយនឹងមិនមានការជន់លិចខ្លាំងនៅតំបន់នោះទៀតទេ។
 
គិតមកត្រឹមព្រឹកថ្ងៃទី២៦ តុលានេះ ទឹកនៅផ្លូវលេខ១៤៣ ចំណុចវត្តម្រុំខាងត្បូងបានស្រកចុះ ៣តឹកហើយ។ បើសិនភ្លៀងមិនបន្តធ្លាក់ ហើយ​ទឹកបន្តស្រក អាជ្ញាធរ នឹងសម្រេចអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ជាធម្មតាវិញនៅនៅថ្ងៃនេះតែម្ដង។
 
សូមជម្រាបដែរថា ការហក់ឡើងនៃកម្ពស់ទឹកស្ទឹកព្រែកត្នោត បានធ្វើឱ្យជន់លិចផ្ទះពលរដ្ឋ នៅតាមស្ទឹងទាំងសង នៅតាមដីសណ្តស្ទឹងព្រែកត្នោត និងតាមដីទំនាប ក្នុងនោះរួមមាន ក្នុងក្រុងច្បារមន ទាំងផ្នែកខាងជើង និងផ្នែកខាងត្បូង។ ក្រៅពីនេះ ទីតាំងផ្សេងៗនៅជិតទីនោះដូចជា ស្រុកសំរោងទង មានឃុំរលាំងគ្រើល ឃុំរលាំងចក ក៏មានការលិចតិចតួចដែរ។
  


ដោយឡែកនៅយប់ថ្ងៃទី២៥តុលា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចឱ្យផ្អាកចរាចរណ៍រថយន្តធុនធំ លើផ្លូវ ២០អា ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្សារកំពង់កន្ទួត បណ្ដោះអាសន្ន ដោយសារស្ថានភាពទឹកឡើងខ្លាំង។ លើសពីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវទៅដល់ពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និង ២៧ តុលា ព្រោះទឹកអាចឡើងខ្ពស់លិចលង់លំនៅដ្ឋាន។ ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានស្នើក្រសួងធនទឹក និងឧត្តុនិយម បង្វែរទឹកកុំឲ្យជន់លិចរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ៕

Tag:
 ទឹកជំនន់
  កំពង់ស្ពឺ
  ផ្លូវលេខ១៤៣
© រក្សាសិទ្ធិដោយ thmeythmey.com