ជាតិ
ចោរម្នាក់នៅអេហ្ស៊ីប ឆក់ទូរសព្ទ​អ្នកកាសែតពេល​ Live ហើយច្រឡំ​ចុចកាមេរ៉ាបង្ហាញមុខខ្លួន​
26, Oct 2021 , 11:29 pm        
រូបភាព
ដោយ: ធីតា
អ្នក​កាសែត​អាហ្ស៊ីបម្នាក់ បាន​ប្រើ​ប្រាស់ទូរសព្ទ​ដៃ​​ដើម្បី​ផ្សាយ​ផ្ទាល់​នៅ​លើ​ហ្វេសប៊ុក​ពី​គ្រោះមហន្ត​រាយ​រញ្ជួយ​ដី។ ពេល​កំពុង​ Live ដែលមានការ​ទស្សនាជាង​២ម៉ឺន (20K) ស្រាប់តែមាន​ចោរម្នាក់​ឆក់ទូរសព្ទ ប៉ុន្តែ​ក្រោយមក​ចោរនោះត្រូវបាន​ចាប់ខ្លួន ដោយសារសមត្ថកិច្ចអាចកំណត់ភិន​ភាគ​បានយ៉ាងងាយ។

 
លោក Mahmoud Ragheb អ្នក​កាសែត​ប្រចាំសារព័ត៌មាន Youm7 បាន​ទៅផ្សាយផ្ទាល់ពី​ហេតុ​ការណ៍រញ្ជួយ​ដី​ដែល​វាយ​ប្រហារ​លើ​ប្រទេសអេហ្សីប កាលពីពេល​ថ្មី​ៗ​កន្លងមក។ មនុស្ស​ជាង២ម៉ឺននាក់ បាន​តាម​ដាន​ Facebook Live របស់​អ្នក​កាសែតរូបនេះ។ 
 
ហេតុការណ៍​បាន​កើតឡើង​នៅ​លើស្ពាន​មួយក្នុង​ក្រុង Shubra Al-Khaimah។ បុរសម្នាក់បានជិះម៉ូតូ ហើយ​ឆក់យកទូរសព្ទដៃ ប៉ុន្តែជាសំណាងអាក្រក់ សមត្ថកិច្ច​បាន​ដឹង​ភិន​ភាគច្បាស់ ដោយ​សារ​ចោរ បាន​បែរកាមេរ៉ា​ចំមុខ​របស់ខ្លួន ខណៈការ Live នៅ​តែបន្ត​ដំណើរ​ការ។ 
 
យោងតាម​ការផ្សាយ​របស់ The Guardian មនុស្សជាង​២ម៉ឺននាក់ នៅតែ​បន្ត​តាម​មើលការ Live ដោយ​ពួក​គេបាន​ឃើញ​មុខ​ចោរ​យ៉ាងច្បាស់ ដែលកំពុង​ជក់​បារី​។ សកម្មភាពនេះ ត្រូវ​បាន​គេ​ថត​ (Capture) ហើយ​ចែក​រំលែក​តៗគ្នាពេញ​បណ្តាញសង្គម ហើយមាន​ការ​ចែក​រំលែក និងចូលមើល​បន្ត​រាប់លានដង។
 
ពេលឃើញមុខ​ជន​ល្មើស អ្នក​តាមដាន​ជាច្រើន បាន​សរសេរក្នុង​ប្រអប់បញ្ចេញមតិថា «ពិភពលោក​កំពុង​មើល​អ្នក»។ ឈ្មោះរបស់ជន​ល្មើសមិន​ត្រូវបានបង្ហើបឲ្យដឹងនោះឡើយ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com