កីឡាអន្តរជាតិ
អន្តរជាតិ
Mane និង Salah នឹងខកខាន៨ប្រកួតឱ្យ Liverpool នៅពេលចូលរួមពានរង្វាន់អាហ្វ្រិក AFCON
27, Oct 2021 , 8:29 am        
រូបភាព
Sadio Mane និង Mohamed Salah នឹងខកខានជួយ Liverpool រហូតដល់ទៅ៨ប្រកួត ព្រោះត្រូវទៅជួយជម្រើសជាតិរៀងខ្លួន ក្នុងការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ឆ្នាំ២០២១។



កីឡាករ៣៩រូប មកពី១៦ក្លិបបនៅ Premier League នឹងទៅចូលរួមការប្រកួតពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២១ ដែលរៀបចំនៅប្រទេសកាម៉េរ៉ូន។ ព្រឹត្តិការណ៍អាហ្វ្រិក នឹងមានវត្តមានតារាឆ្នើមកម្រិតកំពូលៗបង្ហាញខ្លួន ជាហេតុបង្កឱ្យមានការព្រួយបារម្ភខ្លាំងពីក្លិបធំៗមួយចំនួន​ ដែលត្រូវបាត់កីឡាករទាំងនោះ ក្នុងចំនួនច្រើនប្រកួត។ 
 
Salah របស់អេហ្ស៊ីប រួមជាមួយ Mane ខ្សែបម្រើក្រុមហ្កាណា និង Edouard Mendy អ្នកចាំទី Chelsea និងជម្រើសជាតិសេណេហ្គាល់ ស្ថិត​ក្នុង​ចំណោម​កីឡាករឆ្នើមៗនៅ Premier League ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍អាហ្វ្រិកនេះ។
 
ខណៈការប្រកួតចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកមរា ដល់៦ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែក្លិបនឹងត្រូវដោះលែងកីឡាកររបស់ពួកគេ បន្ទាប់ពីការប្រកួត Boxing Day នៅរដូវកាល ២០២១-២២នេះ។
 
នេះមានន័យថាកីឡាករមួយចំនួនអាច នឹងខកខានការប្រកួតដល់ទៅ ៨ប្រកួតនៅលីគកំពូលអង់គ្លេស និង FA Cup ប្រសិនបើប្រទេសរបស់ពួកគេណាមួយឈានដល់វគ្គផ្តាច់ព្រ័ត្រ។
Salah និង Mane សមាជិក Liverpool ដែលស្ថិតក្នុងក្រុមជម្រើសជាតិដែលមានសក្តានុពល នឹងធ្វើឱ្យមានការបារម្ភខ្លាំង ដ្បិតក្រុមរហស្សនាមហង្សក្រហម មានភារកិច្ចសំខាន់ក្នុងការប្រជែងពានលីគ និងក្នុងស្រុកមួយចំនួនទៀត។
 
Liverpool ដែលឡើងជើងខ្លាំងរដូវកាលនេះក្រោមការជ្រោមជ្រែងខ្លាំងពី Mane និង Salah ស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុងតារាងលីគកំពូលអង់គ្លេសដោយរកបាន២១ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន១ពិន្ទុ។ ម្ចាស់ជើងឯក Man City នៅលេខ៣មាន២០ពិន្ទុ។ Burnley, Newcastle United និង Norwich City ស្ថិតនៅតំបន់ត្រូវកាត់ចោល៕

Tag:
 Liverpool
  AFCON
© រក្សាសិទ្ធិដោយ thmeythmey.com