កីឡាជាតិ
ជាតិ
Honda ៖ យើងត្រូវកែតម្រូវទាំងបច្ចេកទេស កលល្បិច និងកាយសម្បទា ហើយគ្រប់គ្នាត្រូវស្រេកឃ្លានការរីកចម្រើន
27, Oct 2021 , 9:35 am        
រូបភាព
ភ្នំពេញ៖ លទ្ធផលក្រុមជម្រើសជាតិកម្ពុជា ចាញ់ជប៉ុន ៤-០ នាការប្រកួតពូល K នៃវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup នៅកីឡដ្ឋាន J-Village នាថ្ងៃទី២៦ ខែតុលា មិនមែនជាការប្រកួតអាក្រក់ទេ។ នេះជាការលើកឡើងរបស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។


 
«ពួកយើងទាំងអស់គ្នា វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ ។ ពួកយើងបានបង្ហាញទៅពួកគេពីការលេងល្អខ្លះ»។ ជាសាររបស់ Honda លើកទឹកចិត្តកីឡាករកម្ពុជា។ តែយ៉ាងណា Honda នៅតែមើលឃើញចំណុចអវិជ្ជមាន ដែលក្រុមជម្រើសជាតិកម្ពុជាត្រូវកែតម្រូវ សម្រាប់ពង្រឹងទម្រង់លេង។
 
តាមរយៈហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានស្រង់សម្តីអ្នកចាត់ការទូទៅក្រុមជម្រើសជាតិរូបនេះ ដូច្នេះថា៖«ប៉ុន្តែយើងត្រូវតែកែតម្រូវការលេងរបស់យើងជាច្រើនទៀត ។ យើងត្រូវលេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣ ។ យើងមានពេលតែមួយឆ្នាំជាងទៀតទេ ។ ដូច្នេះយើងមិនមានពេលច្រើនទេ»។
 


គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ ជំរុញឱ្យកីឡាករទាំងអស់ ត្រូវស្រេកឃ្លានភាពរីកចម្រើន នៃសមត្ថភាពលេងបាល់។ «ទាំងផ្នែកកលល្បិត ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទា អ្នកទាំងអស់គ្នាត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើន នូវសមត្ថភាពនៃផ្នែកទាំងនេះ ជារៀងរាល់ឆ្នាំ»។ លោក Honda បានបន្ថែមបែបនេះ។
 
ក្នុងការប្រកួតពូល K នៃវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup នៅកីឡដ្ឋាន J-Village នេះ ក្រុមជម្រើសជាតិកម្ពុជា ចាញ់ជប៉ុន ៤-០ តែបានយកឈ្នះហុងកុងវិញ ដោយលទ្ធផល ៤-២។

កម្ពុជា ស្ថិតនៅក្នុងពូលK ជាមួយហុងកុង និងជប៉ុន ។ វគ្គជម្រុះនេះ មានប្រទេស៣៩ ចូលរួមប្រកួត ដោយបែងចែកជា១១ពូល គឺពូលA ដល់ K ។ នៅក្នុងចំណោមពូលទាំងនេះ គឺមានតែពូល F I និង K ប៉ុណ្ណោះ ដោយមានតែប្រទេសចំនួន៣ ត្រូវជួបគ្នា ខណៈពូលGមានតែក្រុម២តទល់គ្នា ក្រោយចិន និងព្រុយណេ ដកខ្លួនចេញ ។ ក្រៅពីនោះ គឺមាន៤ប្រទេសក្នុង១ពូល។
 
សម្រាប់ការប្រកួតជម្រុះនេះ គឺត្រូវយក១៥ក្រុម ឡើងទៅលេងនៅទឹកដី អូបេគីស្ថាន។ ក្នុងនោះពូលនីមួយៗ គឺយកអ្នកឈរលេខ១ នៅក្នុងតារាង ទាំង១១ពូល។ ចំណែក៤ក្រុមទៀត គឺត្រូវជ្រើសចេញពីក្រុមដែលទទួលបានចំណាត់លេខ២ល្អជាងគេ។
 
កាលពីឆ្នាំ២០២០ កូរ៉េខាងត្បូង គ្រងតំណែងជើងពានរង្វាន់ AFC U23 ASIAN Cup នេះ ដោយយកឈ្នះអារ៉ាប់ប៊ីសាអូឌីត ដោយលទ្ធផល១-០ នៅម៉ោងបន្ថែមនាទី១១៣ ដោយកីឡាករខ្សែការពារ Jeong Tae-Wook ៕
 

Tag:
 Keisuke Honda
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com