ជាតិ
លោក ឃួង ស្រេង និងលោក ស ថេត បង់ប្រាក់៦ម៉ឺនរៀល ក្រោយជិះម៉ូតូមិនពាក់មួកសុវត្ថិភាព
27, Oct 2021 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ​និងលោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង់ប្រាក់ផាកពិន័យ៦ម៉ឺនរៀលហើយ នៅព្រឹកថ្ងៃទី២៧ តុលា ក្រោយជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ។


 
លោក ឃួង ស្រេង បានបើកម៉ូតូដោយផ្ទាល់ ដោយមិនពាក់មួកសុវត្ថិភាពឡើយ ក្នុងការចុះពិនិត្យមើលស្ថានភាពទឹកជំនន់ នៅតាមភូមិសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ តុលា។ ក្រោយបង្ហោះរូបសកម្មភាពជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពនេះ ស្រាប់តែមតិសាធារណជន ចូលទៅអត្ថាធិប្បាយ និងចែករំលែក ដោយភ្ជាប់នឹងសាររិះគន់ថា លោក ឃួង ស្រេង មិនគោរពច្បាប់ចរាចរណ៍ ។
 
ដើម្បីបង្ហាញពីការទទួលខុសត្រូវ ក្នុងនាមជាអ្នកអនុវត្តច្បាប់នោះ លោកអភិបាលរាជធានីភ្នំពេញ បានចូលទៅបង់ប្រាក់ផាកពិន័យជាទឹកប្រាក់៦ម៉ឺនរៀល ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ចរាចរណ៍ នៅអធិការដ្ឋានខណ្ឌដង្កោ ។
 
ក្រៅពីអភិបាលរាជធានីភ្នំពេញ គេក៏សង្កេតឃើញលោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។ លោក ស ថេត អង្គុយលើម៉ូតូពីក្រោយនគរបាលម្នាក់ ដែលជាអ្នកបើក។ លោក ស ថេត ក៏បានបង់ប្រាក់៦ម៉ឺនរៀលដែរ ដោយសារកំហុសឆ្គងនេះ៕

Tag:
 ឃួង ស្រេង
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com