ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ការទាមទារសុំដោះលែងលោក រ៉ុង ឈុន នាំឲ្យក្រុមយុវជន និងមន្រ្តីអតីតបក្សប្រឆាំង១៤នាក់ ត្រូវជាប់ទោសពី២០ខែ ដល់២ឆ្នាំ
27, Oct 2021 , 1:05 pm        
រូបភាព
ក្រុមយុវជនវ័យក្មេង និងអតីតមន្រ្តីគណកប្សសង្គ្រោះជាតិ ដែលសរុបទាំងអស់មាន១៤នាក់ ត្រូវបានតុលាការភ្នំពេញ ប្រកាសសាលក្រមក្នុងថ្ងៃតែមួយ គឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ស្តីពីសេចក្តីសម្រេចផ្តន្ទាទោសលើពួកគេ ដោយក្នុងនោះ មាន១០នាក់ ត្រូវជាប់ពន្ធនាគារ២០ខែ និង ៤នាក់ ត្រូវជាប់ពន្ធនាគារ២ឆ្នាំ។



កញ្ញា ឈឿន ដារ៉ាវី និង យុវជន ហ៊ុន វណ្ណៈ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២០ខែ តែពួកគេ ត្រូវជាប់ឃុំក្នុងពន្ធនាគារ១៥ខែ ដោយទោស៥ខែទៀត ត្រូវព្យួរ។ អ្នកទាំង២ ជាប់ឃុំតាំងពីខែសីហា ឆ្នាំ២០២០មក។

កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា អតីតព្រះសង្ឃ កើត សារ៉ាយ យុវជន មាន ព្រហ្មមុនី យុវជន មួង សុភ័ក្រ្ត និង យុវជន ថា ឡាវី ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២០ខែ តែទទួលបានការព្យួរទោស៦ខែ។ អ្នកទាំង៥ ត្រូវចាប់ខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០។

មន្រ្តីថ្នាក់មូលដ្ឋាន២នាក់នៃអតីតគណបក្សសង្គ្រោះជាតិ គឺ លោក ជុំ ពុទ្ធី ហៅ ទុំ វុទ្ធី និង លោក ឈួ ផេង ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២០ខែ តែត្រូវព្យួរទោស៥ខែ។ សមត្ថកិច្ច ចាប់អ្នកទាំង២ កាលពីខែសីហា ឆ្នាំ២០២០។

មន្រ្តីថ្នាក់មូលដ្ឋានម្នាក់ទៀតនៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក គង់ សំអាន ត្រូវកាត់ទោសឲ្យពន្ធនាគារ២០ខែ ដោយទទួលបានការព្យួរទោស៦ខែ។ លោក ត្រូវចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០។

ក្រៅពីជាប់ពន្ធនាគារ ក្រុមយុវជនទាំង៧នាក់ និងមន្រ្តីមូលដ្ឋានទាំង៣នាក់នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវពិន័យប្រាក់២លានរៀលក្នុងម្នាក់ៗ។

ពួកគេ សុទ្ធតែរងពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដូចគ្នា ដោយសារចូលរួមក្នុងការទាមទារឲ្យតុលាការដោះលែងលោក រ៉ុង ឈុន មេសហជីពល្បីឈ្មោះម្នាក់នៅកម្ពុជា។ ក្នុងចំណោមអ្នកទាំង១០នាក់ អតីតព្រះសង្ឃ កើត សារ៉ាយ និង យុវជន មាន ព្រហ្មមុនី មិនទាន់ចេញធ្វើសកម្មភាពជាក់ស្តែងឡើយ ដោយគ្រាន់តែរៀបចំគម្រោងឲ្យមានការចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ក៏ត្រូវសមត្ថកិច្ចដឹងជាមុន ហើយក៏ត្រូវចាប់ខ្លួនតែម្តង។

យុវជន សេង ម៉េងប៊ុនរ៉ុង ជាយុជនអតីតគណបក្សសង្គ្រោះជាតិ រួមទាំងមន្រ្តីជាន់ខ្ពស់៣នាក់នៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក ហូរ វ៉ាន់ លោក អ៊ូ ចាន់ឫទ្ធិ និង លោក គង់ សុភា ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ដោយគ្មានការព្យួរទោសឡើយ ហើយពួកគេទាំង៤នាក់ ត្រូវពិន័យប្រាក់៤លានរៀលក្នុងម្នាក់ៗ។ ប៉ុន្តអ្នកទាំង៤នាក់ សុទ្ធតែកំពុងរស់នៅឯក្រៅប្រទេស។ ពួកគេទាំង៤នាក់ ក៏ត្រូវជាប់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ក្នុងសំណុំរឿងជំរុញឲ្យមានការតវ៉ាសុំឲ្យដោះលែងលោក រ៉ុង ឈុន ដែរ។

អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការផ្តន្ទាទោសលើអ្នកទាំង១៤ខាងលើ ដោយសារចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ថាជាការរំលោភទៅលើសិទ្ធិសេរីភាពជួបជុំ និងសិទ្ធិសេរីភាពបញ្ចេញមតិ ដែលត្រូវធានាក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ សាររបស់អ្នកស្រី ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ 

កាលពីខែសីហា ឆ្នាំ២០២១ តុលាការភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ពីលោក២លានរៀល ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ កាលពីកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន បានចុះទៅពិនិត្យនៅតាមតំបន់ព្រំដែនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ បានបាត់ដីធ្លីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម ថែមទាំងរំកិលចូលមកទឹកដីកម្ពុជាទៀត។ នេះ ជាមូលហេតុ ដែលលោក ត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម និងត្រូវចាប់ខ្លួន។ លោក អះអាងថា អ្វីដែលលើកឡើងក្នុងសេចក្តីថ្លែងការណ៍ គឺលោក ទទួលបានពីការរាយការណ៍របស់ប្រជាពលរដ្ឋ។ 

កន្លងមក មានមន្រ្តីថ្នាក់មូលដ្ឋានម្នាក់នៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវកាត់ទោសរួចមកហើយ ដោយតុលាការ កំណត់ឲ្យជាប់ពន្ធនាគារ២០ខែ និងពិន័យប្រាក់៣លានរៀល ដោយសារពាក់ព័ន្ធនឹងការចូលរួមទាមទារឲ្យដោះលែងរ៉ុង ឈ៉ុន។ 

ចំណែក លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២០ខែ និងត្រូវពិន័យប្រាក់ ដល់ទៅជាងកន្លះដុល្លារឯណោះ។ ក្រោយចាប់លោក រ៉ុង ឈុន លោក សួង សុភ័ណ្ឌ  បានចុះទៅពិនិត្យតំបន់ព្រំដែន ដែលលោក រ៉ុង ឈុន ចុះទៅពិនិត្យ ដើម្បីដឹងឲ្យច្បាស់ថា អ្វីដែលលោក រ៉ុង ឈុន លើកឡើងក្នុងសេចក្តីថ្លែងការណ៍ ជាការពិត ឬខុសពីការពិត។ ចុះទៅពិនិត្យតំបន់ព្រំដែនរួចហើយ លោក សួង សុភ័ណ្ឌ ក៏បាននិយាយជាមួយសារព័ត៌មាន ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ ចុះពិនិត្យព្រំដែន និងធ្វើអត្ថាធិប្បាយជាមួយសារព័ត៌មាន ឌឹ ខែមបូឌា ដេលី ចប់ហើយ លោក សួង សុភ័ណ្ឌ ក៏ត្រូវកម្លាំងសមត្ថកិច្ច ទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ នៅខែសីហា ឆ្នាំ២០២០ ក្រោមបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម៕



Tag:
 រ៉ុង ឈុន
  ក្រុមយុវជន
  ផ្តន្ទាទោស
© រក្សាសិទ្ធិដោយ thmeythmey.com