ជាតិ
សង្គមជាតិ
EU ផ្តល់ជំនួយជិត១៧លានអឺរ៉ូ គាំទ្រ​សហគមន៍នេសាទនៅ​ជុំវិញបឹងទន្លេសាប និង​តំបន់ឆ្នេរនៅកម្ពុជា
27, Oct 2021 , 8:59 pm        
រូបភាព
ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយថវិកាសរុប ១៦,៩លានអឺរ៉ូ ឬប្រមាណ១៩,៦លានដុល្លារ ដល់អង្គការធំៗចំនួន​៤នៅកម្ពុជា និងដៃគូ ដើម្បីអនុវត្តគម្រោងចំនួន៤ ដែលគាំទ្រដល់កំណើនបៃតង ការបង្កើតការងារ ការផ្ដល់សេវាសង្គម និងការការពារធនធានធម្មជាតិ ឱ្យរឹតតែប្រសើរសម្រាប់សហគមន៍នេសាទក្នុងខេត្តចំនួន១០ ដែលស្ថិតនៅ​បឹងទន្លេសាប និងតំបន់ឆ្នេរ។ អង្គការដែលទទួលបានជំនួយថវិកាពីសហភាពអឺរ៉ុប មាន​អង្គការ​ WCS, Oxfam, Aide et Action, និងអង្គការ Save the Children។

 
ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានប្រកាសពីការចាប់ផ្តើម​អនុវត្ត​គម្រោងទាំង៤ នៅថ្ងៃទី២៧ ខែតុលានេះ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការដែលទទួលបានជំនួយ និងអ្នកពាក់ព័ន្ធដទៃទៀតដែរ។ 
 
ប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា​ លោក Bryan Fornari មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះថា កម្មវិធី CAPFISH គឺជាកម្មវិធីទ្វេភាគីធំជាងគេដំបូងបង្អស់ របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលមានគោលដៅជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ចីរភាព និងធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ សម្រាប់វិស័យជលផល។ 
 
បើតាមលោក Bryan Fornari ​ដដែល ការប្រកាសចាប់ផ្ដើមអនុវត្តគម្រោងទាំង៤នៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់​សម្រាប់ការស្ដារឡើងវិញ ពីជំងឺកូវីដ-១៩ នៅក្នុងតំបន់នេះ តាមរយៈការនាំមកនូវឱកាសសេដ្ឋកិច្ចថ្មីៗ និងការកសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋជាង៥ម៉ឺន គ្រួសារ​។ «ភាពជាដៃគូរបស់យើង ជាមួយនឹងរដ្ឋបាលជលផល នឹងជួយឱ្យយើងអាចសម្រេចគោលដៅនេះបាន»។ នេះជាការបន្ថែមរបស់ប្រធានទទួលបន្ទុកកិច្ចសហប្រតិ បត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា​។ 
 
លោក ពុំ សុថា អគ្គនាយកនៃរដ្ឋបាលជលផល​ ដែលបានចូលរួមក្នុងពិធីប្រកាសអនុវត្តគម្រោងនៅថ្ងៃនេះ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ការឧបត្ថម្ភដល់កម្មវិធីធំបំផុតដែលមិនធ្លាប់មានសម្រាប់អភិវឌ្ឍ វិស័យជលផលនៅកម្ពុជា។ 
 
លោកស្រី Elizabeth Pearce នាយិកា​​អង្គការ​ Save the Children បានមានប្រសាសន៍ថា ​​៖«Save the Children ពិតជា​រីករាយដែលអាចសហការជាមួយនឹងដៃគូនានា សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងសហគមន៍នេសាទងាយរងគ្រោះ នៅភាគខាងកើតនៃតំបន់ទន្លេ​សាប និងជាពិសេស ជំរុញឱ្យមានការអនុវត្តនូវគំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអនុវត្តល្អផ្នែកបរិស្ថាន ហើយក្នុងពេលជាមួយគ្នាជួយឱ្យកុមារ និងគ្រួសារទទួលបានសេវាកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាប័ន្ន សម្រាប់ការ អប់រំ ទឹកស្អាត អនាម័យ និងសេវាគ្រប់គ្រងសំណល់»។
លោក វន សម្ផស្ស នាយកប្រចាំប្រទេសនៃអង្គការ Aide et Action Cambodia មានប្រសាសន៍ថា ​ភាពជាដៃគូ CO-SAVED Cambodia មានការចូលរួមពីតួអង្គពាក់ព័ន្ធចម្រុះ ដូចជាវិស័យ​ឯកជន  រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីជំរុញឲ្យមានវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក វន សម្ផស្ស បន្តដូច្នេះ៖ «យើងប្ដេជ្ញាផ្តល់​សិទ្ធិអំណាច ដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៨២ ៦៥០នាក់ ដែលរស់នៅក្នុងសហគមន៍តាមតំបន់ឆ្នេរ ក្នុងការបង្កើតភាពជាដៃគូយូរអង្វែង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចបៃតង ប្រកបដោយបរិយាប័ន្ន  ការផ្តល់សេវាអប់រំ ទឹកស្អាត និងអនាម័យប្រកបដោយគុណភាព និងការមានជីវភាពរស់នៅប្រកបដោយចីរភាព»។
 
លោក កែន សិរីរដ្ឋា នាយកប្រចាំប្រទេស​នៃអង្គការ​អភិរក្សសត្វ​ព្រៃ (WCS) មានប្រសាសន៍ថា ៖«គម្រោងទន្លេសាបរបស់យើង មានសារៈសំខាន់សម្រាប់ជីវចម្រុះ ធនធានជលផល មុខរបរចិញ្ចឹមជីវិត សុខុមាលភាព និងវប្បធម៌ ប៉ុន្តែបឹងរបស់យើង កំពុងបាត់បង់រូបរាងយ៉ាងឆាប់រហ័ស ដោយសារតែការប្រែប្រួលអាកាសធាតុ ការសាងសង់ទំនប់វារីអគ្គិសនី និងការបង្វែរទឹកពីតាមដៃទន្លេ សម្រាប់ប្រព័ន្ធស្រោចស្រពក្នុងវិស័យកសិកម្ម។ យើងត្រូវចាប់យកឱកាស ដើម្បីកសាងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី សហគមន៍ និងជីវៈចម្រុះ ដើម្បីបញ្ចៀសគ្រោះមន្តរាយមកលើមនុស្ស និងប្រព័ន្ធអេកូឡូស៊ី»។ 
 


សូមជម្រាបថា អង្គការ Save the Children  ទទួលបានការគាំទ្រថវិកា ៤លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងផ្ដល់​ការគាំទ្រដល់សហគមន៍នេសាទក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ដើម្បីលើកកម្ពស់ស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រព័ន្ធគ្រប់គ្រងសំណល់ គំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអប់រំ។ 
 
ចំណែកឯ អង្គការ Oxfam ទទួលបានជំនួយថវិកា ៤លានអឺរ៉ូ ពីសហភាពអឺរ៉ុប​ កំពុងអនុវត្តគម្រោងរយៈពេល ៤ឆ្នាំ (២០២១-២០២៤) ដើម្បីគាំទ្រដល់សហគមន៍នេសាទក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ក្នុងការលើកកម្ពស់លទ្ធភាព ទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត សេវាអប់រំ សេវាអនាម័យ សេវាគ្រប់ គ្រង​សំណល់ ការគ្រប់គ្រងធនធានធម្មជាតិសហគមន៍ប្រកបដោយចីរភាព ក៏ដូចជា លើកកម្ពស់ឱកាសប្រកប​មុខរបរចិញ្ចឹមជីវិត និងឱកាសការងារ។
 
រីឯអង្គការ Aide et Action Association ទទួលបាន​ថវិកា​ចំនួន ៤ លានអឺរ៉ូ ពីសហភាពអឺរ៉ុប ហើយកំពុងអនុវត្តគម្រោងរយៈពេល ៤ឆ្នាំ (២០២១-២០២៤) ដើម្បីគាំទ្រដល់សហគមន៍ក្នុងខេត្តកែប កំពត ក្រុងព្រះសីហនុ និងខេត្តកោះកុង ឱ្យកាន់តែមានភាពធន់ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន ប្រកបដោយចីរភាព ការផ្តល់សេវាកម្មកាន់តែប្រសើរឡើង និងកំណើនបៃតង ដែលរួមចំណែក ដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។
 
សម្រាប់អង្គការ​អភិរក្សសត្វព្រៃ (WCS) ក្រសួងបរិស្ថាន និងដៃគូ គឺបានទទួលជំនួយថវិកា ៤,៩លានអឺរ៉ូ ពីសហភាពអឺរ៉ុប​ កំពុងអនុវត្តគម្រោងរយៈពេល៤ឆ្នាំ (២០២១-២០២៤) នៅក្នុងខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការគ្រប់គ្រង និងការស្ដារដែនជម្រកសំខាន់ៗ សំដៅជួយបង្កើនភាពធន់នឹងការប្រែប្រួលបរិស្ថាន ក៏ដូចជាជួយលើកកម្ពស់អភិបាលកិច្ច និងគោលនយោបាយ សំដៅកាត់បន្ថយកត្តាបង្កឱ្យមានការប្រែប្រួលបរិស្ថាន៕

Tag:
 សហភាពអឺរ៉ុប
  ជំនួយ
  EU
  ទន្លេសាប
  តំបន់ឆ្នេរ
© រក្សាសិទ្ធិដោយ thmeythmey.com