ជាតិ
ផលិតករ​ភាព​យន្ត​​១០​រូប​ ទទួលបានការ ​​បណ្ដុះ​បណ្ដាល​​ពី “អាជីវកម្ម​ភាព​យន្ត​កម្ពុជា ចូល​ក្នុង​ទី​ផ្សារ​សកល”
27, Oct 2021 , 6:59 pm        
រូបភាព
ភ្នំពេញ​៖ ​សិក្ខា​កាម​ជា​ផលិតករ​ភាព​យន្ត​កម្ពុជា​វ័យ​ក្មេង​ ចំនួន​១០​រូប ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល ពី​កម្ម​វិធី​ Cultural Partnership Initiative2021 (CPI2021)​​ របស់​សាធារណរដ្ឋ​កូរ៉េ​ ដែល​មាន​ឈ្មោះ​ថា “A Capacity Building Program for Cambodia’s Film Business in Global Market” ឬ​​កម្ម​វិធី​កសាង​សមត្ថភាព​ សម្រាប់​អាជីវកម្ម​ភាព​យន្ត​កម្ពុជា ចូល​ទី​ផ្សារ​សាកល”​​។ កម្ម​វិធី​នេះ​ នឹង​ជួយ​កសាង​​សមត្ថភាព​របស់​ផលិត​ករ​កម្ពុជាបន្ថែម​ទៀត ដើម្បី​ផលិត​ភាព​យន្ត​ដែល​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​។



សិក្ខា​កាម​​ដែល​ជា​​ផលិត​ករ​ និង​សមិទ្ធិករ​ក្នុង​ស្រុក​ ដែល​ត្រូវ​បាន​ជ្រើស​រើស​​ឱ្យ​ចូល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ​សុទ្ធ​តែ​មាន​ឆន្ទៈ លើ​ការ​បំប៉ន​ចំណេះ​ដឹង​បន្ថែម​ ក្នុង​ការ​សម្រេច​គម្រោង​ភាព​យន្ត​របស់​ខ្លួន​ ទៅ​កាន់​ឆាក​អន្តរជាតិ​។ 
 
តំណាង​ឱ្យ​អ្នក​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល និង​ជា​ប្រធាន​ CFC លោក ជៀប សុវិជ្ជា មាន​ប្រសាសន៍​ថា កន្លង​ទៅ​​​ផលិតករខ្មែរ​​តែង​មាន​ការ​លំបាក​ ក្នុង​ការ​នាំ​ចេញ​ភាព​យន្ត​របស់​ខ្លួ​ន​ ទៅ​ក្រៅ​ប្រទេស​។ ដូច្នេះ​ CPI ​បាន​ជួយ​ឱ្យ​ពួក​គេ​​ស្វែង​យល់​បន្ថែម​ ពី​របៀប​ធ្វើ​គម្រោង​ផលិត​ ឱ្យ​ត្រូវ​នឹង​ទី​ផ្សារ​បរទេស​ ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន​ឡាញ​។
 
លោក សុវិជ្ជា​ បញ្ជាក់​បន្ថែម​ដូច្នេះ​៖«​​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាត​ត្បាត​សកល​នេះ វា​ជា​ឱ​កាស​ល្អ​មួយ​ ដើម្បី​ឱ្យ​យុវផលិត​ករ​ភាព​យន្ត​ បង្កើន​ចំណេះ​ដឹង​ផ្នែក​ភាព​យន្ត​របស់​ខ្លួន​​បន្ថែម​»។
ចំណែក​លោក លៀក លីណា ជា​នាយក​ប្រតិបត្តិ​របស់​ផលិត​កម្ម​ LD Picture បាន​លើក​ឡើង​ថា កន្លង​មក​លោក​កម្រ​មាន​ឱកាស​បាន​ជួប​ផលិត​ករ​ក្នុង​ស្រុក​ឯទៀត​ណាស់​ ដោយ​សារ​ការ​មមាញឹកនឹង​ការ​ផលិត​។ យ៉ាង​ណា​លោក​ថា តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ បាន​ធ្វើ​ឱ្យ​លោក​ស្គាល់​ និង​ធ្វើ​ការ​ជា​ក្រុម​បន្ថែម ដោយ​ស្មារតី​សហការ​គ្នា​ល្អ​។ លោក​ លីណា ពន្យល់​បន្ថែម​៖«ដូច្នេះ​បើ​ CPI មាន​វគ្គ​បណ្ដុះ​បណ្ដាល​លើក​ក្រោយ​ទៀត ខ្ញុំ​នឹង​ដាក់​ពាក្យ​រៀន​បន្ត​ទៀត​»។
 
ជា​លទ្ធផល​ សិក្ខាកាម​ទាំង​១០​រូប​ សម្រេច​បាន​ផែក​ការ​សកម្ម​ភាព​ ៣ និង​សំណើរ​គម្រោង​ផលិត​រឿង​៣ តាម​ក្រុម​នីមួយ​ៗ ដែល​មាន​សមាជិក​ពី​៣ទៅ​៤​នាក់​។ ក្នុង​នោះ​ប្រធាន​បទ​ ដែល​ត្រូវ​បាន​ស្នើ​ដោយ​សិក្ខាកាម​រួម​មាន​៖ ក្រុម​ទី​១​ “យុទ្ធសាស្រ្ត​ប្រើ​ប្រាស់​ការ​ផ្សព្វ​ផ្សាយ​ភាព​យន្ត​ខ្មែរ​ ទៅ​កាន់​ប្រព័ន្ធ​ចាក់​រឿង​អន​ឡាញ​ តាម​រយៈ​ភាព​យន្ត​បែប​រន្ធត់​”។ ករណី​សិក្សា​ “នាឡិកា ជញ្ជាំង​ក្រហម​”​​។ 
 
ក្រុម​ទី​២ “វិធី​ផ្សំ​មរតក​វប្បធម៌​ខ្មែរ ជា​មួយ​រូបារម្មណ៍​ច្នៃ​ប្រឌិត​ សម្រាប់​ភាព​យន្ត​ប្រឌិត​ បែប​វិទ្យា​សាស្ត្រ​ខ្មែរ ទៅ​កាន់​ទស្សនិក​ជន​ជុំ​វិញ​ពិភព​លោក​”។ ករណី​សិក្សា​៖ រឿង​ប្រឌិតបែប​វិទ្យា​សាស្ត្រ​ “រាម ឥសូរ”​។
 
ក្រុម​ទី​៣ “វិធី​ផ្សព្វ​ផ្សាយ​ភាព​យន្ត​ស្ដង់​ដា​ពិភព​លោក​ ទៅ​កាន់​ប្រព័ន្ធ​ចាក់​រឿង​អនឡាញ​ តាម​រយៈ​រឿង​ទើប​ផលិត​ថ្មី​ “​លោក​គ្រូ​ប្រពន្ធ​ល្អ​”​។ ករណី​សិក្សា​៖ រឿង​សង្គម​និង​គ្រួសារ​”​លោក​គ្រូ​ប្រពន្ធ​ល្អ​”​។
 
វគ្គ​បណ្ដុះ​បណ្ដាល​នេះ ក៏​មាន​រៀប​ចំ​រង្វាន់​ សម្រាប់​ក្រុម​ដែល​ធ្វើ​ការ​បាន​ល្អ​ផង​ដែរ​។ ក្រុម​ទី​១ ជា​ក្រុម​ទទួល​ជ័យ​លាភី​ពី​វគ្គ​បណ្ដុះ​បណ្ដាល​ ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ពី​គណៈ​មេប្រយោគ​ ទាំង​ខ្មែរ​និង​កូរ៉េ ដែល​ចាត់​ថា​ជា​ក្រុម​ រៀប​ចំ​ផែន​ការ​សកម្ម​ភាព​ទី​ផ្សារ​ បាន​ល្អ​ជាង​គេ​។ រីឯសិក្ខា​កាម​ឆ្នើម​ប្រចាំ​វគ្គ​ មាន​២​រូប​ដែល​សរុប​ពិន្ទុ​បាន​ខ្ពស់​ជាង​គេ​ តាម​រយៈ​ការ​ប្រឡង​តាម​មេរៀន​ Google Classroom គឺ​លោក​ ហៃ ប៊ុន​ម៉េង ជា​ប្រធាន​តំណាង​ដៃ​គូចែក​ចាយរបស់ Westec Media Limited និង​លោក​ មុនី កណ្ណ ដារង្គ​ ជា​សមិទ្ធករ​ភាព​យន្ត​ឯករាជ្យ​។
 
កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១​ មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ និង​ទទួល​ការ​ថត​ភាព​យន្តនៅ​កម្ពុជា (Cambodia Film Commission) ឬ​ហៅ​កាត់​ថា​ CFC បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ កម្ម​វិធី​ Cultural Partnership Initiative2021 (CPI2021) របស់​សាធារណរដ្ឋ​កូរ៉េ​ ដែល​មាន​ឈ្មោះ​ថា “A Capacity Building Program for Cambodia’s Film Business in Global Market” ឬ “​កម្ម​វិធី​កសាង​សមត្ថភាព​ សម្រាប់​អាជីវកម្ម​ភាព​យន្ត​កម្ពុជា ចូល​ទី​ផ្សារ​សាកល”​។
 
វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ មាន​ការ​គាំ​ទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ Korea Foundation for International Cultural Exchange (KOFICE)  និង​សហការ​រៀប​ចំ​ដោយ​ Busan Foundation for International Cooperation (BFIC) និង Cambodia Film Commission(CFC)។ 
 
ជា​រៀង​រាល់​ឆ្នាំ​ CPI តែង​តែ​ជ្រើស​រើស​បេក្ខ​ជន​ឆ្នើម​ៗ មក​ពី​បណ្ដា​ប្រទេស​អាស៊ី​ ដែល​ធ្លាប់​សហការ​ លើ​វិស័យ​វប្បធម៌​ ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ សម្រាប់​ការ​បណ្ដុះ​បណ្ដាល​នេះ​។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២១​នេះ កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ពី KOFICE សម្រាប់​កម្ម​វិធី​ CPI 2021 ដោយ​យក​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ ”A Capacity Building Program for Cambodia’s Film Business in Global Market” ឬ​កម្ម​វិធី​កសាង​សមត្ថភាព​ សម្រាប់​អាជីវកម្ម​ភាព​យន្ត​កម្ពុជា ចូល​ក្នុង​ទី​ផ្សារ​សកល​”។ កម្ម​វិធី​នេះ​បង្ហាត់​រយៈ​ពេល​៩​សប្ដាហ៍​ ដល់​សិក្ខា​កាម​ជា​ផលិតករ​ភាព​យន្ត​កម្ពុជា​វ័យ​ក្មេង​ ចំនួន​១០​រូប​។ 
 
ក្នុង​ឱកាស​នោះ លោក​ ប៉ុក បូរក្ស ​ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ភាព​យន្ត​ និង​ផ្សព្វ​ផ្សាយ​វប្បធម៌ បាន​ផ្ដាំ​ឱ្យ​សិក្ខា​កាម​ទាំង​អស់​ យក​ចំណេះ​ដឹង​ដែល​សិក្សា​រួច​ ទៅ​អនុវត្ត​​ការ​ងារ​ផលិត​កម្ម​រៀង​ៗ​ខ្លួន​ ដើម្បី​លើក​ស្ទួយ​វិស័យ​ភាព​យន្ត​ខ្មែរ​ ឱ្យ​បាន​ទៅ​ដល់​ឆាក​អន្តរជាតិ​​​កាន់​តែ​ច្រើន​៕​ ​

Tag:
 សិល្បៈ​
  ភាព​យន្ត​
  វគ្គ​បណ្ដុះ​បណ្ដាល​
  ផលិតករ​
© រក្សាសិទ្ធិដោយ thmeythmey.com