អន្តរជាតិ
នាយករដ្ឋមន្ត្រីចិន ប្តេជ្ញាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
27, Oct 2021 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ថ្លែងក្នុងកិច្ចប្រជុំអាស៊ាន-ចិន។ រូបថត Xinhua
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ថ្លែងក្នុងកិច្ចប្រជុំអាស៊ាន-ចិន។ រូបថត Xinhua
នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង និងមេដឹកនាំប្រទេសជាសមាជិកអាស៊ាន​ផ្សេងទៀត ​ចូល​រួម​កិច្ចប្រជុំកំពូលអាស៊ាន-ចិន​ លើកទី២៤ នៅថ្ងៃទី២៦ ខែតុលា។ ក្នុងកិច្ចប្រជុំនេះ លោក លី លើកឡើងថា ចិនប្តេជ្ញាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលបម្រើផលប្រយោជន៍ទ្វេភាគី។



​ចំពោះមុខមេដឹកនាំអាស៊ានចំនួន៩ នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង និយាយថា ទំនាក់ទំនងចិន-អាស៊ាន ទទួលបានការអភិវឌ្ឍយ៉ាងរឹងមាំ និងមានស្ថិរភាព ហើយកិច្ចសហប្រតិបត្តិការប្រកប​ដោយប្រសិទ្ធភាពក្នុងវិស័យផ្សេងៗក៏បន្តរីកចម្រើនទៅមុខផងដែរ​។ លោក លី ក៏រំឭកពីបន្តកិច្ចសហប្រតិបត្តិការដែលបម្រើផលប្រយោជន៍ទៅវិញទៅមក គាំទ្រពហុភាគីនិយម រក្សាស្ថិរភាពក្នុងតំបន់ទាំងមូល និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុហរយៈពេល៣០ឆ្នាំនៃភាពជាដៃគូ។ 
 
ប្រមុខរដ្ឋាភិបាលចិន ក៏ប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសទាំងអស់រួមទាំងអាស៊ាន ផងដែរ។ ទាក់ទិនបញ្ហាកូវីដ-១៩ លោក លី និយាយថា ចិនមានឆន្ទៈក្នុងការបង្កើនបន្ថែមទៀតជំនួយវ៉ាក់សាំង និងជំនួយសម្ភារៈដល់បណ្តាប្រទេសអាស៊ាន ហើយ ចិនក៏បានស្នើឱ្យបង្កើតមជ្ឈមណ្ឌល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-អាស៊ាន សម្រាប់គាំទ្រសុខភាពសាធារណៈផងដែរ។
 
ក្នុងកិច្ចប្រជុំដដែល លោក លី ក៏អំពាវនាវឱ្យពន្លឿនដំណើរការដាក់ចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់នៅក្នុងតំបន់ឱ្យបានឆាប់។ លោក លី ក៏បង្ហាញឆន្ទៈចិនចង់ឱ្យមានតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)ផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Xinhua ។
មេដឹកនាំចិនរូបនេះក៏បានអះអាងថា ចិនតែងតែចាត់ទុកអាស៊ានជាអាទិភាពក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយចិនគាំទ្រយ៉ាងមុតមាំក្នុងការកសាងសហគមន៍អាស៊ាន និងគាំទ្រអាស៊ានដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ លោកជឿថាចិន និងអាស៊ាននឹងរួមចំណែកកាន់តែច្រើនដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់អាស៊ី។
 
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន រាយការណ៍ថា មេដឹកនាំ​ប្រទេស​អាស៊ាន​ចាត់ទុកចិន​ជា​ដៃគូ​សន្ទនា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​ ឯទំនាក់ទំនងអាស៊ាន-ចិន ជាទំនាក់ទំនងដ៏ទូលំទូលាយ និងជាយុទ្ធសាស្ត្រមួយក្នុងចំណោមទំនាក់ទំនងផ្សេងទៀត។ បណ្តាមេដឹកនាំប្រទេសអាស៊ាន ក៏ប្រកាសពីការត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយ ចិន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
 
អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន​ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញនេះដែរ ឯកសារបីត្រូវបានអនុម័តរួមមាន សេចក្ដីប្រកាសរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន សេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអាស៊ានស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ និងសេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការបៃតង និងប្រកបដោយចីរភាព៕

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com