អន្តរជាតិ
ឥណ្ឌា បារម្ភពីច្បាប់ព្រំដែនថ្មីរបស់ចិន ដែលអាចបង្កើនកម្ដៅជម្លោះព្រំដែនបន្ថែមទៀត
28, Oct 2021 , 2:19 pm        
រូបភាព
មេបញ្ជាការកងទ័ពចិន និងឥណ្ឌាជួបគ្នានៅព្រំដែននាពេលកន្លងមក។ រូបថត Xinhua
មេបញ្ជាការកងទ័ពចិន និងឥណ្ឌាជួបគ្នានៅព្រំដែននាពេលកន្លងមក។ រូបថត Xinhua
ឥណ្ឌា បានបង្ហាញក្ដីបារម្ភចំពោះច្បាប់​ព្រំដែនថ្មីរបស់ចិន ខណៈបញ្ហាប្រឈមមុខរវាងឥណ្ឌា-ចិន​នៅ​តាមព្រំដែននៅតែបន្ត។ អ្នកនាំពា្យក្រសួងការបរទេសឥណ្ឌា Arindam Bagchi នៅថ្ងៃទី២៧ ខែតុលា លើកឡើងថា ចិននឹងធ្វើសកម្មភាពដែលប៉ះពាល់ដល់​ស្ថានភាពព្រំដែន​ប្រទេសទាំងពីរ​ក្រោមលេស​នៃ​ច្បាប់ថ្មីនេះ។

 
នៅថ្ងៃទី២៣ ខែតុលា ចិនបានអនុម័តច្បាប់ថ្មីដែលចែងពីរបៀបចិននឹងគ្រប់គ្រង និងការពារព្រំដែន​ដីគោករបស់ខ្លួនប្រវែងជាងពីរម៉ឺនគីឡូម៉ែត្រដែលជាប់ជាមួយប្រទេសជិតខាងចំនួន១៤ រួមទាំងរុស្ស៊ី កូរ៉េខាងជើង និងឥណ្ឌា។ ច្បាប់ថ្មីនេះចែងថា ចិននឹងបិទព្រំដែនរបស់ខ្លួន​ប្រសិន​បើ​សង្គ្រាម ឬជម្លោះ​ប្រដាប់អាវុធ ផ្សេងទៀតនៅក្បែរនោះគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។
 
ជុំវិញការបង្កើតច្បាប់ថ្មីនេះ ឥណ្ឌាដែលមានរឿងចម្រូងចម្រាសជាមួយចិនក្នុងជម្លោះព្រំដែនតាមជួរភ្នំហិមាល័យ កំពុងតែព្រួយបារម្ភពីស្ថានភាពជម្លោះដែលអាចនឹងតានតឹងជាងមុន។ ក្នុង​សេចក្ដី​ថ្លែងការណ៍មួយ អ្នកនាំពា្យក្រសួងការបរទេសឥណ្ឌា Arindam Bagchi សង្កត់ធ្ងន់ថា៖ «ការ​សម្រេច​ចិត្ត​ជា​ឯកតោភាគីរបស់ចិនក្នុងការអនុម័តច្បាប់ថ្មី អាចនឹងប៉ះពាល់កិច្ចព្រមព្រៀងទ្វេភាគី​ដែលមាន​ស្រាប់​របស់ពួកយើងលើការគ្រប់គ្រងព្រំដែន ហើយនេះក៏ជាកង្វល់សម្រាប់ពួកយើង»។ 
 
អ្នកនាំពាក្យរូបនេះ ក៏សង្ឈឹមថា ចិននឹងចៀសវាងធ្វើ សម្មភាពណាមួយ​ដែល​អាច​នឹង​ផ្លាស់​ប្តូរ​ស្ថានភាព​នៅក្នុងតំបន់ព្រំដែនឥណ្ឌា-ចិនជា ឯកតោភាគីក្រោមលេសនៃច្បាប់ថ្មីនេះ។
 
គួរបញ្ជាក់ថា ព្រំដែន​ប្រវែង៣,៥០០គីឡូម៉ែត្រ​រវាង​ឥណ្ឌា និង​ចិន ​នៅ​មិនទាន់​កំណត់ជាក់លាក់នៅ​ឡើយ​។ ​ប្រទេសទាំងពីរបាន​ទាមទារផ្ទៃដីដែល​ត្រួតស៊ីគ្នា​លើ​តំបន់​ធំៗ​តាមប​ណ្តោយ​ព្រំដែន។ កងទ័ព​ឥណ្ឌានិងចិនរាប់ពាន់នាក់ក៏នៅតែបន្តដាក់ពង្រាយនៅតាមព្រំដែនក្នុងតំបន់ Ladakh បើទោះបីជា​មានការចរចាជាច្រើនដងមកហើយក៏ដោយ៕

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com