អន្តរជាតិ
លោក បៃឌិន រិះគន់សកម្មភាពចិនចំពោះតៃវ៉ាន់ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា
28, Oct 2021 , 4:16 pm        
រូបភាព
មេដឹកនាំប្រទេសអាស៊ីបូព៌ាក្នុងកិច្ចប្រជុំកំពូលលើកទី១៦ ។ រូបថត Twitter ASEAN 2021 Brunei Darussalam
មេដឹកនាំប្រទេសអាស៊ីបូព៌ាក្នុងកិច្ចប្រជុំកំពូលលើកទី១៦ ។ រូបថត Twitter ASEAN 2021 Brunei Darussalam
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន  បានប្រាប់មេដឹកនាំអាស៊ីបូព៌ានៅថ្ងៃទី ២៧ ខែ តុលា ថា អាម៉េរិកនឹងជួយការពារសេរីភាពនាវាចរណ៍ និងគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងតំបន់។ លោក បៃឌិន ក៏បានចោទប្រកាន់ចិនចំៗថា សកម្មភាពថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ ជាទង្វើគំរាមគំហែង និងធ្វើឱ្យប៉ះពាល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។



ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ លោក ចូ បៃឌិន បាននិយាយបរិហារសកម្មភាពរបស់ចិនក្នុងតំបន់ចំពោះមុខនាយករដ្ឋមន្រ្តី លី ខឹឈាំង មេដឹកនាំអាស៊ាន និងមេដឹកនាំអូស្រ្តាលី ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង និងរុស្ស៊ី។
 
ក្នុងកិច្ចប្រជុំនេះ លោក បៃឌិន បង្ហាញការព្រួយបារម្ភពីសកម្មភាពចិនក្នុងតំបន់ ជាពិសេសជាមួយតៃវ៉ាន់។ មេដឹកនាំអាម៉េរិករូបនេះបានចោទប្រកាន់ចំៗលើទង្វើចិន ថាជាទង្វើគំរាមគំហែង និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពតំបន់។ បើតាមសេចក្តីថ្លែងការរបស់សេតវិមាន លោក បៃឌិន បញ្ជាក់យ៉ាងច្បាស់ថា អាម៉េរិកនឹងបន្តឈរជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងសេរីភាពធ្វើនាវាចរណ៍ក្នុងតំបន់។
 
លើសពីនេះទៀត​ លោក បៃឌិន លើកឡើងទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយដៃគូនៅឥណ្ឌូប៉ាស៊ីហ្វិក ពីការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់។​
 
កាល​ពី​សប្តាហ៍​មុន លោក បៃឌិន បង្កការភ្ញាក់ផ្អើលដោយប្រកាសថា ​អាម៉េរិក​ នឹងចេញមុខជួយតៃវ៉ាន់​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​វាយ​ប្រហារពី​ចិន។ ចិនបានតបតនឹងការលើកឡើងរបស់អាម៉េរិកថា សកម្មភាពរបស់អាម៉េរិកអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាម៉េរិក ក៏ដូចជាប៉ះពាល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។​ 
 
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានធ្លាក់ចុះដល់កម្រិតទាបមួយ ក្រោយប្រឈមមុខដាក់គ្នាលើបញ្ហាមួយចំនួនដូចជា​បញ្ហាតៃវ៉ាន់ និងកិច្ចព្រមព្រៀង​សាងសង់នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរឱ្យ​អូស្ត្រាលីជាដើម។ តំបន់អាស៊ីអាគ្នេយ៍ ក៏បានក្លាយជាសមរភូមិយុទ្ធសាស្ត្ររវាង មហាអំណាចទាំងពីរផងដែរ។ 
 
ក្នុងកិច្ចប្រជុំកំពូលនេះ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីបារម្ភថា ការប្រឈមមុខនេះ អាចបង្កើនភាពតានតឹង និងបង្កឱ្យមានការប្រកួតប្រជែងអាវុធក្នុង​តំបន់។ បើតាមទីភ្នាក់ងារព័ត៌មាន​ AP ប្រធានាធិបតី ចូកូ វីដូដូ និយាយថា ឥណ្ឌូណេស៊ីមិនចង់ឱ្យតំបន់នេះក្លាយជាការប្រណាំងប្រជែងសព្វាវុធ និងឥទ្ធិពលដែលអាចគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ឡើយ៕

Tag:
 អាម៉េរិក
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com