ជាតិ
សង្គមជាតិ
ពលរដ្ឋរងគ្រោះក្នុងខណ្ឌដង្កោ ស្នើឱ្យរដ្ឋាភិបាលដោះស្រាយកុំឲ្យទឹកជន់លិចនៅឆ្នាំក្រោយៗទៀត
30, Oct 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងខណ្ឌដង្កោ ទទូចឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ ធ្វើយ៉ាងណាកុំឲ្យទឹកជន់លិចនៅឆ្នាំក្រោយទៀត។ ពលរដ្ឋរងគ្រោះ បានអះអាងប្រាប់សារព័ត៌មានThmeythmeyថា ទ្រព្យសម្បត្តិក្នុងផ្ទះ និងស្រូវរបស់ខ្លួន ខូចខាតរាល់ឆ្នាំ ហើយរស់នៅទាំងព្រួយបារម្ភ នាអំឡុងពេលទឹកជន់។ ទាក់ទងនឹងដំណោះស្រាយបញ្ហានេះ អ្នកនាំពាក្យក្រសួងធនធានទឹក អះអាងថា រដ្ឋាភិបាលមានផែនការរៀបចំប្រព័ន្ធធារាសាស្រ្តតាមសណ្តរស្ទឹងព្រែកត្នោតឡើងវិញហើយ ដោយគ្រោងចំណាយថវិកាជាង១២៣លានដុល្លារ ពីរដ្ឋាភិបាលចិន។ តាមលោក ចាន់ យុត្ថា គម្រោងរៀបចំប្រព័ន្ធធារាសាស្ត្រឡើងវិញនេះ មានរយៈពេល២ឆ្នាំ និងអាចចាប់ផ្តើមនៅចុងឆ្នាំ២០២១នេះ។

 
អ្នកស្រី សាន់ សុខុន ជាពលរដ្ឋរស់នៅក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ។ ផ្ទះអ្នកស្រី សាន់ សុខុន ក៏ត្រូវទឹកជន់លិចដូចពលរដ្ឋជាច្រើនរយគ្រួសារទៀត នៅក្នុងខណ្ឌដង្កោនេះដែរ។ អង្គុយនៅខាងមុខផ្ទះដែលជន់ជោរពេញប្រៀបដោយទឹក ក្នុងសម្លៀកបំពាក់ទទឹកជោក អ្នកស្រី សាន់ សុខុន បានរៀបរាប់ប្រាប់សារព័ត៌មាន Thmeythmey កាលពីថ្ងៃទី២៨ ខែតុលាថា ថាសមាជិកគ្រួសារផ្សេងទៀត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពហើយ ក្រោយសន្ទះប្រឡាយ ដែលនៅជាប់ផ្ទះក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន បានបាក់ដាច់ដោយកម្លាំងទឹក នៅយប់ថ្ងៃទី២៧ ខែតុលា។ 


អ្នកស្រី សាន់ សុខុន ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ថ្ងៃទី២៨តុលា ឆ្នាំ២០២១។
 
បើទោះធ្លាប់ឆ្លងកាត់ពិសោធន៍ទឹកជន់លិចផ្ទះ កាលពីឆ្នាំទៅមិញម្តងហើយក៏ដោយ ក៏ស្ត្រីវ័យ ៤៤ឆ្នាំរូបនេះ នៅតែតក់ស្លុតចំពោះហេតុការណ៍ទឹកជំនន់នេះដែរ ព្រោះម្យ៉ាងផ្ទះរបស់ខ្លួននៅជាប់ក្បែរនឹងសន្ទះប្រឡាយ  ហើយម្យ៉ាងនៅផ្ទះមានម្តាយចាស់ជរាដែលមានជំងឺខ្សោយបេះដូងផង។ ក្រៅពីបារម្ភពីសុវត្ថិភាពសមាជិកគ្រួសារ អ្នកស្រី ក៏ព្រួយរឿងខូចខាតសម្ភារ និងទ្រព្យសម្បត្តិក្នុងផ្ទះផង ខណៈកំពុងមានបំណុលនៅធនាគារទៀតនោះ។ អ្នកស្រី សុខុន រៀបរាប់ទាំងរលីងរលោងទឹកភ្នែកថា៖ «ផ្ទះខ្ញុំគឺប្រឈមខ្លាំងជាងគេ ព្រោះនៅជាប់ប្រឡាយ។ ហើយពលរដ្ឋនៅបណ្ដោយសណ្ដព្រែកត្នោតនេះ ធ្លាប់ស្នើឲ្យរដ្ឋជួយដែរ ប៉ុន្តែមិនឃើញបានផល។ ដូច្នេះខ្ញុំជាពលរដ្ឋ រងគ្រោះរាល់ឆ្នាំ»។
 
បើតាមអ្នកស្រី សាន សុខុន នៅពេលជន់លិចយ៉ាងគំហុក នៅយប់ថ្ងៃទី២៧ តុលានោះ អ្នកស្រី មិនអាចធ្វើអ្វីបានក្រៅពីជម្លៀសសមាជិកគ្រួសារទៅរកទីទួលនោះទេ ខណៈដែលទឹកបានបុកហូរចូលផ្ទះលិចសម្ភារ និងស្រូវដែលទើបច្រូតរួច ភ្លាមៗ។ ពលរដ្ឋរងគ្រោះរូបនេះ ទទូចឱ្យរដ្ឋាភិបាលរកដំណោះស្រាយបញ្ចៀសទឹកជំនន់ កុំឱ្យជន់លិចផ្ទះពលរដ្ឋ ក្នុងខណ្ឌដង្កោតទៅទៀត។ «ខ្ញុំមិនចង់បានអ្វីឡើយ សុំឲ្យតែរដ្ឋាភិបាល ជួយរៀបចំបណ្ដោយសណ្ដព្រែកត្នោតនេះ កុំឲ្យបាក់ និងទឹកជន់លិចពលរដ្ឋក្នុងភូមិ   ពួកខ្ញុំរស់នៅបានសុខហើយ»។ នេះជាសំណើរបស់អ្នកស្រី សុខុន ជាពលរដ្ឋក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន។
 
ចំណែក អ្នកស្រី ប៉ែន ឈឿន ជាពលរដ្ឋនៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោដែរនោះ ក៏ទទូចឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទឹកជំនន់នេះ កុំបន្តជន់លិច និងកើតមានជារៀងរាល់ឆ្នាំទៀតដែរ។ អ្នកស្រី ប៉ែន ឈឿន ដែលកំពុងរៀបចំចានឆ្នាំងជាច្រើនដែលគរនៅលើគ្រែខាងមុខផ្ទះ ថ្លែងប្រាប់សារព័ត៌មានThmeythmey ថានៅពេលទឹកជន់លិចម្ដងៗ  មិនត្រឹមតែប៉ះពាល់ដល់ជីវភាពនោះទេ នៅមានបញ្ហាសុខភាពទៀតផង។ 


អ្នកស្រី ប៉ែន ឈឿន ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ថ្ងៃទី២៨តុលា ឆ្នាំ២០២១។
 
បើតាមអ្នកស្រី ឈឿន ដែលមានវ័យ ២២ឆ្នាំ អះអាងថាខ្លួនត្រូវខនខានលក់នំអាកោជាច្រើនថ្ងៃ ព្រោះគ្មានអគ្គិសនីសម្រាប់កិនម្សៅធ្វើនំ។ ម្យ៉ាងទៀត ខ្លួនត្រូវបង្ខំចិត្តប្រើប្រាស់ទឹកមិនស្អាតដែលជន់ជោរចូលផ្ទះនោះ លាងចានឆ្នាំង និងសម្ភារប្រើប្រាស់ផ្សេងទៀត អស់ជាច្រើនថ្ងៃថែមទៀត។ ប្ដីអ្នកស្រី ឈឿន បន្ទរពីក្រោយសម្តីភរិយាយ៉ាងដូច្នេះ៖«មិនដឹងធ្វើម៉េចដែរ មានតែលាងចានឆ្នាំងទឹកហ្នឹង(ទឹកជន់លិច)សិន ព្រោះគ្មានភ្លើង(ចរន្តអគ្គិសនី)បូមទឹកពីអណ្ដូង។ បើបានទឹកអណ្ដូងប្រើ គ្រាន់ជាងទឹកនេះដែរ‌! »។ 


ប្ដីអ្នកស្រី ប៉ែន ឈឿន កំពុងលាងចាន និងពែងអាកោ នៅថ្ងៃទី២៨តុលា ឆ្នាំ២០២១។
 
ជុំវិញដំណោះស្រាយបញ្ហាទឹកជន់លិចនេះ  លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា រដ្ឋាភិបាលមានគម្រោងរៀបចំប្រព័ន្ធធារាសាស្រ្តឡើងវិញ បន្ទាប់ពីទឹកស្រក ដោយគ្រោងចំណាយថវិកា ប្រមាណ ១២៣លានដុល្លារ ក្រោមជំនួយរបស់ថវិកាចិន។ គម្រោងនេះ នឹងរៀបចំសណ្ដរស្ទឹងព្រែកត្នោតទាំងសងខាង ដែលអាចនឹងចំណាយពេលប្រមាណ២ឆ្នាំ។ លោក ចាន់ យុត្ថា បញ្ជាក់ដូច្នេះ៖ «គម្រោងនេះ អាចនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២១នេះ ហើយគម្រោងខាងលើជាគម្រោងដោះទឹកជំនន់ និងប្រព័ន្ធស្រោចស្រពស្ទឹងព្រែកត្នោត»។ 
 
លោក យុត្ថា ពន្យល់ថា កត្តាដែលនាំឲ្យមានទឹកជន់លិននៅខណ្ឌដង្កោ គឺដោយសារទឹកពីខេត្តកំពង់ស្ពឺហូរមក ដោយក្នុងមួយវិនាទីមានរហូតដល់១៣៥០ម៉ែត្រគីប។ ប៉ុន្តែបច្ចុប្បន្ន លទ្ធភាពរំដោះទឹករបស់ស្ទឹងព្រែកត្នោត បានប្រមាណតែ៤០០ម៉ែត្រគីបប៉ុណ្ណោះ។ ដូច្នេះ គ្រប់យ៉ាងនឹងត្រូវរៀបចំឡើងវិញ គឺពិនិត្យមើលតាមបណ្ដោយស្ទឹងព្រែកត្នោត ទាំងកន្លែងរាក់ កន្លែងរួមតូច និងទំបន់សណ្ដទាំងសងខាងផងដែរ។
 
សូមជម្រាបថា មានសង្កាត់ចំនួន១០ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវលិចលង់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត និងប៉ះពាល់ដល់ពលរដ្ឋជាង២ ០០០គ្រួសារ។ បើតាម ​អ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មានពលរដ្ឋប្រមាណ៣៥០ គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព៕


សន្ទះប្រឡាយនៅភូមិកន្ទុយទឹក បានបាក់ដោយជំនន់ទឹកភ្លៀង។
 
 
 

Tag:
 ទឹកជំនន់
 ដង្កោ
© រក្សាសិទ្ធិដោយ thmeythmey.com