ជាតិ
សង្គមជាតិ
«ម្ហូបពិសេស»ធ្វើដោយប្រើបន្លែ-ផ្លែឈើប្រពៃណីខ្មែរ
30, Oct 2021 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ អាហារបរទេស ដូចជា អាហារអឺរ៉ុប អាស៊ី ដែលមានអាហារជប៉ុននិងអាហារចិន បាន និងកំពុងបង្ហាញវត្តមានយ៉ាងច្រើននៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងសៀមរាប។ ទោះជាយ៉ាងនេះក្តី កញ្ញា Aline Kesarkaul កូនខ្មែរកាត់បារាំង បានបង្ហាញសកម្មភាពរបស់ខ្លួនដើម្បីបង្កើតម្ហូបពិសេសជាច្រើនមុខដោយប្រើប្រាស់ផលិតផលខ្មែរ ជាពិសេស ផលិតផលកម្រ ឬផលិតផលបែបប្រពៃណីរបស់ខ្មែរ។

 
ទោះបីពេលខ្លះ កញ្ញា Aline Kesarkaul ប្រាប់ត្រង់ថា នាងចូលចិត្តម្ហូបបារាំងជាងម្ហូបខ្មែរដោយសារតែនាងបានចំណាយពេលរស់នៅប្រទេសបារាំងច្រើនជាងប្រទេសខ្មែរក៏ដោយ ក៏ កញ្ញា Aline Kesarkaul គិតថា ម្ហូបខ្មែរ គឺជាម្ហូបដែលកញ្ញាចូលចិត្តខ្លាំងផងដែរ ជាពិសេស ម្ហូបអាហារដែលកញ្ញាបង្កើតដោយគំនិតច្នៃប្រឌិតខ្លួនឯង។ រហូតមកដល់ពេលនេះ កញ្ញា Aline Kesarkaul បានបង្កើតមុខម្ហូបពិសេសជាលក្ខណៈម្ហូបខ្មែរកូនកាត់ប្រមាណជា៣០មុខរួចហើយដោយស្នាដៃកញ្ញាផ្ទាល់តែម្តង។ 
 
កើតចេញពីការស្រឡាញ់ការច្នៃប្រឌិត ជាពិសេស ក្នុងសិល្បៈកែច្នៃមុខម្ហូប កញ្ញា Aline Kesarkaul បានចំណាយពេលវេលា ថាមពល និងថវិកាខ្លះ ដើម្បីបង្កើតមុខម្ហូបពិសេសជាលក្ខណៈខ្មែរក្នុងន័យម្យ៉ាងដើម្បីធ្វើ​ជំនួញខ្នាតតូច និងម្យ៉ាងទៀត ក្នុងន័យថែរក្សាបន្លែ-ផ្លែឈើខ្មែរសម្រាប់គ្រឿងផ្សំដើម្បីធ្វើម្ហូប។ កញ្ញា Aline Kesarkaul បានរៀបរាប់ថា ផ្លែទ្រលឹងទឹង ផ្លែអំពិល ត្រយ៉ូងចេក ស្តៅ ក្រូចភ្លា​ មើមឈូក ផ្លែត្នោត។ល។ សុទ្ធសឹងជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ធ្វើម្ហូបពិសេសជាលក្ខណៈខ្មែរ។ «ក្មេងៗជំនាញក្រោយហាក់បីដូចជាភ្លេចគ្រឿងផ្សំពិសេសមួយចំនួនរបស់ខ្មែរហើយ។ ខ្ញុំចង់ថែរក្សាបន្លែ-ផ្លែឈើទាំងអស់នេះ។ ខ្ញុំចូលចិត្តធ្វើម្ហូបដោយច្នៃប្រឌិត»។ នេះ គឺជាការលើកឡើង​របស់ កញ្ញា Aline Kesarkaul ដោយកញ្ញាបានបន្ថែមទៀតថា កញ្ញាបានចំណាយពេលជាច្រើនថ្ងៃដើម្បីស្វែងរកក្រូចភ្លាដើម្បីធ្វើគ្រឿងផ្សំ។ 
 
កញ្ញា Aline Kesarkaul បានបញ្ជាក់បន្ថែមទៀតថា៖«ខ្ញុំចង់ឲ្យបន្លែ-ផ្លែឈើទំាងនេះមានតម្លៃឡើងវិញ»។ ផលិតផលម្ហូបអាហាររបស់កញ្ញា Aline Kesarkaul ត្រូវបានដាក់លក់នៅលើទំព័រហ្វេសប៊ុក La Cuisine d’Aline ឬតាមរយៈលេខទូរសព្ទ 012 340 104។ មុខម្ហូបរបស់កញ្ញា Aline Kesarkaul មានឈ្មោះដូចជា ខ្យល់សមុទ្រ, នឹកឃើញ, ផ្ទះយើង, កញ្រ្ជោល, ខៀវខ្ចី។ល។ 



© រក្សាសិទ្ធិដោយ thmeythmey.com