ជាតិ
ទឹកជំនន់បានធ្វើឱ្យខូចខាតស្រូវជិត៤ម៉ឺនហិកតា នៅបន្ទាយមានជ័យ បាត់ដំបង និងរតនគិរី
30, Oct 2021 , 5:59 pm        
រូបភាព
ដំណាំ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង​។ រូប​ភាព​ពី​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ​ខេត្ត​បាត់ដំបង
ដំណាំ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង​។ រូប​ភាព​ពី​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ​ខេត្ត​បាត់ដំបង
ភ្នំពេញ៖ ស្រូវចំនួន ៣៩ ៨៧៦ហិកតា ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តរតនគិរី ត្រូវបានខូចខាតទាំងស្រុងដោយសារគ្រោះទឹកជំនន់។ នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។ យ៉ាងណាក៏ដោយ ស្រូវនៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង ដែលខូចខាត នឹងត្រូវដាំស្ដារឡើងវិញ ខណៈនៅខេត្តរតនគិរី មិនអាចស្ដារឡើងវិញឡើយ ដោយសារខ្វះប្រភពទឹក។

 
គ្រោះទឹកជំនន់ បានប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ, បាត់ដំបង និងខេត្តរតនគិរី ចំនួន ៧០ ០៥១ហិកតា។ របាយការណ៍លទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ ដោយសារទឹកជំនន់នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តរតនគិរី ចេញផ្សាយលើទំព័រហ្វេសប៊ុកលោក វេង សាខុន នៅថ្ងៃទី២៩ តុលា បង្ហាញថា ដំណាំស្រូវចំនួន ៣៩,៨៧៦ហិកតា ត្រូវបានខូចខាតទាំងស្រុង។
 
ការដាំដុះដំណាំស្រូវឆ្នាំ២០២១នេះ ខេត្តបន្ទាយមានជ័យ សម្រេចបានចំនួន ២៦៤,៩០៥ ហិកតា ស្មើនឹង១០៤.៩៩ភាគរយនៃផែនការ។ ប៉ុន្តែដោយសារឥទ្ធិពលព្យុះ និងទឹកជំនន់ពីប្រទេសថៃ បានប៉ះពាល់ដំណាំស្រូវឡើងទឹក និងស្រូវកណ្ដាលរបស់ពលរដ្ឋនៅស្រុកព្រះនេត្រព្រះ, ស្រុកភ្នំស្រុក និងស្រុកមង្គលបូរី ចំនួន ៣៧,២២៣ហិកតា និងខូចខាតចំនួន ២៤,៦៦១ហិកតា។


រូប​ភាព​ពី​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ​ ខេត្ត​បាត់ដំបង​
 
ដោយឡែកខេត្តបាត់ដំបងវិញ ការដាំដុះដំណាំស្រូវរដូវវស្សា សម្រេចបានលើផ្ទៃដីសរុប ៣៩៧,៦២៨ហិកតា ស្មើនឹង១២០,៤៩ភាគរយនៃផែនការ។ ទន្ទឹមនឹងលទ្ធផលដែលទទួលបានខាងលើ ដំណាំស្រូវក្នុងស្រុកថ្មគោល បវេល មោងឫស្សី ឯកភ្នំ និងស្រុករុក្ខគិរី ចំនួន ២៨,៨៥៧ ហិកតា ត្រូវបានប៉ះពាល់ដោយសារទឹកជំនន់ ខណៈស្រូវចំនួន ១៤ ៧០៤ហិកតា ខូចខាតទាំងស្រុង។ 
ខេត្តរតនគិរីឯណោះវិញ ការដាំដុះដំណាំស្រូវវស្សា ក៏ទទួលបានលទ្ធផលល្អផងដែរ ដោយសម្រេចបានចំនួន ៣០, ៨៤៤ហិកតា ស្មើនឹង ១០២,៨១% នៃផែនការ។ ក្នុងចំណោមផ្ទៃដីដែលបានដាំដុះខាងលើ មានផ្ទៃដីដាំដំណាំស្រូវចំនួន ៣,៩៧១ហិកតា នៅស្រុកលំផាត់ ស្រុកកូនមុំ ស្រុកវ៉ើនសៃ តាវែង និងស្រុកអូរយ៉ាដា ត្រូវបានប៉ះពាល់ដោយសារទឹកជំនន់ និងខូចខាតចំនួន ៥១១ហិកតា។
 
បើតាមរបាយការណ៍ខាងលើ ដំណាំស្រូវដែលខូចខាតនៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង នឹងត្រូវដាំស្ដារឡើងវិញ ខណៈដំណាំស្រូវនៅខេត្តរតនគិរី មិនអាចស្ដារឡើងវិញ ដោយសារខ្វះប្រភពទឹក។ ជាមួយគ្នានេះ ដើម្បីដោះស្រាយជីវភាពកសិករដែលខូចខាតដំណាំស្រូវនៅខេត្តរតនគិរី រាជរដ្ឋាភិបាលនឹងគាំទ្រគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ សម្រាប់ដាំដុះវិញ៕ 


រូប​ភាព​ពី​រដ្ឋ​បាល​ខេត្ត​បន្ទាយមានជ័យ​

 

Tag:
 ស្រូវ
  បន្ទាយមានជ័យ
  បាត់ដំបង
  រតនគិរី
  ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com