ជាតិ
សង្គមជាតិ
លោក ណាក ណយ ​ក្លាយជាជាងគំនូរដ៏ជំនាញ ដោយការរៀន​ពី​ YouTube
31, Oct 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ មិនធ្លាប់ទទួលបានការបណ្ដុះបណ្ដាលពីសាលា លោក ណាក ណយ មានសមត្ថភាពអាចគូរគំនូរយ៉ាងទាក់ទាញ ដែលផ្តោតលើធម្មជាតិ ស្ត្រី និងតថភាពសង្គម។ ដ្បិតចំណេះជំនាញដែលខ្លួនមាន មិនបានចេញពីសាលា ប៉ុន្តែគំនូររបស់យុវជនវ័យ២២ឆ្នាំរូបនេះ​ អាចលក់បានក្នុងតម្លៃ៥ពាន់ដុល្លារ ក្នុង១ផ្ទាំង និងទទួលបានការពេញនិយមពីភ្ញៀវដែលជាជនជាតិបរទេសថែមទៀត។

 
ដើម្បីជ្រាបច្បាស់សូមលោក-អ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 
 
ការស្រលាញ់ផ្នែកគំនូរតាំងពីកុមារភាពមក បានជំរុញលោក ណាក់ ណយ ឱ្យខិតខំប្រឹងប្រែងសង្វាតរៀនសូត្រ និងសិក្សាស្រាវជ្រាវដោយខ្លួនឯង រហូតមានចំណេះជំនាញផ្នែកគំនូរនេះ។ «ចេះគូរគំនូរហ្នឹង ខ្ញុំអត់ដែលបានចូលសាលា! ប៉ុន្តែខ្ញុំមើលគេ មើលតាម YouTube មើលរបៀបគេគូរ មើលរបៀបគេប្រើសម្ភារ នៅតាមបណ្ដាញសង្គម ឬនៅតាមអ៊ិនធឺណិត។ ដល់ពេលយើងចំណាយពេលយូរជាមួយវាអ៊ីចឹងទៅក៏ ចេះតែអភិវឌ្ឍទៅ»។ នេះជាសម្ដីរបស់ លោក ណាក ណយ ជាជាងគំនូរសហសម័យដ៏ជំនាញម្នាក់នៅខេត្តសៀមរាប ដោយប្រាប់ពីការរៀនសូត្រខ្លួនឯងនាពេលកន្លងមក មុនពេលលោកបានអភិវឌ្ឍខ្លួនដូចបច្ចុប្បន្ន។

លោក ណាក ណយ វិចិត្រករ សហសម័យបែប Fantasy

គំនូរ១ផ្ទាំងៗរបស់ខ្លួនដែលបានគូរឡើង លោក ណាក ណយ ហៅគំនូររបស់លោកជាគំនូរសហសម័យបែប Fantasy ដែលតួអង្គក្នុងគំនូរមិនមានពិត ឬជាការចេញពីការស្រមៃរបស់លោក។ លោកពន្យល់បន្ថែម ពីគំនូរនេះដូច្នេះថា៖«Fantasy ហ្នឹង គឺជាប្រភេទគំនូរអត់មាន (នៅក្នុង) ពិភពលោកពិតប្រាកដទេ គឺវាប្លែងជារូបរាងថ្មី ដូចជាមនុស្សអ៊ីចឹងមានដុះស្នែង មានម្កុដធំៗ មានដៃច្រើនជាដើម»។
 
ងាកមកចាប់អារម្មណ៍គំនូររបស់លោក ណាក ណយ វិញ គំនូរដែលលោកគូរឡើង គឺផ្ដោតសំខាន់លើធម្មជាតិ តថភាពសង្គមបច្ចុប្បន្ន ជាពិសេសគឺស្ត្រី ដូចជា គំនិតចាស់បុរាណលើស្ត្រី សិទ្ធិស្មើគ្នារបស់ស្ត្រី និងតួនាទីស្ត្រីជាដើម។ បច្ចុប្បន្នលោក ណក ណាយ បានសហការនឹងវិចិត្រសាលមួយ ដើម្បីដាក់តាំងពិព័រណ៍នូវគំនូរ និងដាក់លក់តាមគេហទំព័រ (Website) របស់លោក។ បើតាមវិចិត្រករវ័យ២២ឆ្នាំរូបនេះ អ្នកជាវរូបគំនូររបស់ខ្លួនភាគច្រើនជាជនបរទេស។ ក្នុងគំនូរ១ផ្ទាំង មានទំហំ២ម៉ែត្រការ៉េ គឺត្រូវចំណាយពេលប្រមាណជាង១ខែ និងលក់បានតម្លៃជាង ៥ពាន់ដុល្លារឯណោះ។ 
 
ជាមួយនឹងស្នាដៃគំនូរប្លែក នឹងទាក់ទាញ គំនូររបស់លោក ណាក ណយ ទទួលបានការចាប់អារម្មណ៍ច្រើនពីជនបរទេស។ វិចិត្រកររូបនេះ និយាយដូច្នេះថា៖«វាមានមូលហេតុមួយចំនួន ធ្វើឱ្យមានតែជនបរទេសជាវគំនូរខ្ញុំ គឺប្រជាជនខ្មែរទូទៅគឺគាត់អត់ទាន់ដឹង អត់ទាន់ស្គាល់គំនូរសហសម័យនៅឡើយទេ។ ហើយមួយទៀតគឺ អ្នកដឹកនាំវិចិត្រសាល របស់ខ្ញុំជាបរទេស។ អ៊ីចឹង ភាគច្រើនគាត់ស្គាល់តែបរទេស ទើបភ្ញៀវភាគច្រើនជាបរទេស ទៅទស្សនា។ ជនជាតិខ្មែរយើងភាគច្រើន អត់សូវចូលចិត្តតាំងគំនូរនៅផ្ទះ»។ 
 
សម្រាប់លោក ណាក ណយ ដុងពីធម្មជាតិ មិនមានឥទ្ធិពល លើការគូររូបរបស់លោកឡើយ។ លោកយល់ឃើញថា ស្នាដៃឬលទ្ធផល ដែលខ្លួនមាននាពេលបច្ចុប្បន្ន គឺកើតចេញពីសេចក្ដីស្រលាញ់ ការខិតខំប្រឹងប្រែង និងអនុវត្តជាប្រចាំ។ ជាមួយគ្នានេះ លោកក៏មានបំណងទៅសិក្សានៅសាលាបន្ថែម ដើម្បីអភិវឌ្ឍចំណេះជំនាញរបស់ខ្លួននាពេលខាងមុខផងដែរ៕
 
 

Tag:
 ThmeyThmey
  BBC
  ណាក ណយ
  គំនូរ
© រក្សាសិទ្ធិដោយ thmeythmey.com