ជាតិ
សង្គមជាតិ
រាជបណ្ឌិត្យសភា គ្រោងបកប្រែភាសាលើទំនិញបរទេសទាំងអស់ «មកជាភាសាខ្មែរ»
01, Nov 2021 , 8:59 pm        
រូបភាព
ទិដ្ឋភាពផលិតផលក្នុងម៉ាត (Mart) មួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង (រូបពី Youtube ឈ្មោះ Chem Vichit ដែលបង្ហោះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១)
ទិដ្ឋភាពផលិតផលក្នុងម៉ាត (Mart) មួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង (រូបពី Youtube ឈ្មោះ Chem Vichit ដែលបង្ហោះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១)
ដោយ: ថ្មីៗ
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងថ្មីមួយ គឺបកប្រែភាសានៅលើទំនិញ និងផលិតផលបរទេសទាំងអស់ ដែលនាំចូលកម្ពុជា មកជាភាសាខ្មែរ។ គម្រោងនេះ ត្រូវបានលោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា ប្រកាសក្នុងសិក្ខាសាលាស្ដីពី​ការផ្សព្វផ្សាយសូហ្វវែរ (Software) សទ្ទានុក្រមអនឡាញ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។



លោក សុខ ទូច ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទបន្ថែមថា កន្លងមក រាជបណ្ឌិត្យសភាកម្ពុជា បានស្នើទៅរដ្ឋាភិបាលរួចហើយ ដើម្បីសុំកញ្ចប់ថវិកា សម្រាប់ដំណើការនៃការបកប្រែភាសានៅលើទំនិញបរទេសមកជាភាសាខ្មែរ ប៉ុន្តែ ដោយសារកូវីដ-១៩ ធ្វើឲ្យថវិការបស់រដ្ឋាភិបាល មានកំណត់ ទើបមិនទាន់អាចផ្តល់ឲ្យរាជបណ្ឌិត្យសភាកម្ពុជាបាន។ លោក ផ្តល់ព័ត៌មានថា នៅឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា នឹងស្នើសុំកញ្ចប់ថវិកាពីរដ្ឋាភិបាលម្តងទៀត ដើម្បីយកទៅធ្វើកិច្ចការនេះ។ លោក មិនទាន់អាចជម្រាបបានឡើយថា កិច្ចការនេះ នឹងត្រូវចំណាយអស់ថវិកាប៉ុន្មាន។ 
 
ប្រធានរាជបណ្ដិត្យសភាកម្ពុជា បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា៖«កាលណាយើងបក យើង បកគ្រប់ផលិតផលទាំងអស់»។ 
 
ក្នុងសិក្ខាសាលាស្ដីពី​ការផ្សព្វផ្សាយសុសវែរសទ្ទានុក្រមអនឡាញ លោក សុខ ទូច បង្ហាញហេតុផលថា ការបកប្រែភាសានៅលើផលិតផលបរទេសមកជាភាសាខ្មែរ គឺដើម្បីឲ្យប្រជាជនខ្មែរ ពិសេសកសិករ ដែលមិនចេះភាសាបរទេស អាចយល់ពីផលិតផលទាំងនោះ។ លោក លើកពីផលិតផលបរទេសមួយ គឺថ្នាំបាញ់ជាតិពុល មកធ្វើជាឧហទាហរណ៍។ លោក បរិយាយថា ដោយសារមិនចេះភាសាបរទេស កសិករខ្មែរ មិនបានយល់ពីរបៀបប្រើផលិតផលថ្នាំបាញ់ជាតិពុល មិនដឹងពីគុណភាពរបស់វា និងថែមទាំងអាចបង្កផលប៉ះពាល់ដល់សុខភាពទៀតផង។ 
 
លោក មានប្រសាសន៍ថា៖«ហេតុអីអត់ចេះប្រើ [ផលិតផលបរទេស]? ព្រោះអត់មាន [អក្សរខ្មែរ] អាន។ មោទនភាពជាតិខ្មែរយ៉ាងម៉េច បើអត់មានទាំងពាក្យ [ខ្មែរ] នៅនឹង [ផលិតផលបរទេស] ផងហ្នឹង។ អ៊ីចឹង យើង ត្រូវរៀបចំអាហ្នឹង»។  
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុខ ទូច ថ្លែងថា ការបកប្រែភាសាបរទេសជាច្រើននៅលើផលិតផលឬទំនិញ គឺទាមទារឲ្យយកបញ្ញវន្តខ្មែរ ដែលចេះភាសាផ្សេងៗពីគ្នាទៅបកប្រែ។ លោក អះអាងថា៖«យើង នឹងប្រមូលបញ្ញវន្ត ដែលរៀនចប់ពីស្រុកគេមក [ដែលមាន] ឯកទេសហ្នឹង ហើយយើង នឹងរៀបចំធ្វើការងារហ្នឹង។ ចិន កូរ៉េ ជប៉ុន រុស្ស៊ី អង់គ្លេស បារាំង យើង មាន [អ្នកចេះ] ភាសាហ្នឹង លើកលែងតែអេស្ប៉ាញ អ៊ីតាលី យើង ពិបាក [រកអ្នកចេះ]»៕  

© រក្សាសិទ្ធិដោយ thmeythmey.com