រថយន្ត
អន្តរជាតិ
រដ្ឋមន្ត្រីឥណ្ឌាគ្រោងស្នើច្បាប់ឲ្យប្តូរសំឡេងស៊ីផ្លេយានយន្តដោយដាក់សំឡងឧបករណ៍តន្ត្រីឥណ្ឌាវិញ
01, Nov 2021 , 6:59 pm        
រូបភាព
ដោយ: ធីតា
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា កំពុងពិចារណាលើសំណើច្បាប់ដើម្បីលុបបំបាត់សំឡេងស៊ីផ្លេដ៏រំខាននៅលើផ្លូវថ្នល់ ហើយជំនួសដោយសំឡេងឧបករណ៍តន្ត្រីឥណ្ឌាវិញ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន AFP ជាមួយនឹងរបាយការណ៍បន្ថែមពីបណ្តាសារព័ត៌មានក្នុងស្រុកនៅប្រទេសឥណ្ឌា។

 
«ខ្ញុំកំពុងសិក្សាពីបញ្ហា ហើយខ្ញុំគ្រោងរៀបចំពង្រាងច្បាប់មួយនាពេលខាងមុខ ដើម្បីលុបបំបាត់សំឡេងស៊ីផ្លេដ៏រំខាន តែជំនួសដោយសំឡេងឧបករណ៍តន្ត្រីឥណ្ឌា ដែលស្តាប់ទៅពីរោះ»។ លោក Nitin Gadkira បានបញ្ជាក់យ៉ាងដូច្នេះ។
 
រដ្ឋមន្ត្រីរូបនេះ ក៏បានពិចារណាផងដែរពីលទ្ធភាពនៃការដាក់ជំនួសសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តប៉ូលិស ដោយបទភ្លេងបែបបន្ធូរអារម្មណ៍ស្រដៀងទៅនឹងភ្លេងដែលចាក់ផ្សាយនៅក្នុងវិទ្យុ All India នាពេលព្រឹកព្រលឹម។


 
សំឡេងដែលលោក Gadkira ចង់ដាក់ឲ្យប្រើប្រាស់ជំនួសស៊ីផ្លេ ឬស៊ីរ៉ែន នោះ មានដូចជា សំឡេងខ្លុយ, ស្គរ Tabla, វីយូឡុង, អាម៉ូនីកា និងសំឡេងឧបករណ៍អាម៉ូនិក (Harmonium) ជាដើម។  
ទីក្រុងជាច្រើននៅប្រទេសឥណ្ឌា ត្រូវបានចាត់ទុកជាទីក្រុងដែលមានសំឡេងរំខានជាងគេបំផុតនៅលើពិភពលោក ដោយរថយន្ត តាក់ស៊ី ម៉ូតូ ទុកទុក និងម៉ូតូកង់បីជាច្រើនប្រភេទ បើកបរពេញផ្លូវ ហើយអ្នកបញ្ជាយានយន្តតែងតែប្រើប្រាស់ស៊ីផ្លេយ៉ាងកងរំពងដើម្បីសុំផ្លូវ នាអំឡុងចរាចរណ៍ដ៏ណែនណាន់តាន់តាប់។
 


ទោះបីជារថយន្តមានស៊ីផ្លេ ដើមរបស់ខ្លួនក៏ដោយ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនបាននាំគ្នាកែច្នៃ ដែលធ្វើឲ្យមានសំឡេងប្លែកៗ ហើយការបង្ករការរំខានខ្លាំងផងដែរ។ រថយន្តខ្លះថែមទាំងសរសេរសារ «Horn OK Please» ឬ «Blow Horn» ជាមួយនឹងពណ៌ប្លែកៗ ដើម្បីបង្ហាញពីចេតនាចង់ជែង ឬចង់សុំផ្លូវទៅមុន។
 
យោងតាមអង្គការសុខភាពពិភពលោក ការបំពុលដោយសំឡេង អាចបង្ករឲ្យមានកំសោយការស្តាប់ បញ្ហាសរសៃឈាមបេះដូង ការចុះខ្សោយបញ្ញា ភាពតានតឹង ជាពិសេសជំងឺធ្លាក់ទឹកចិត្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com