កីឡាអន្តរជាតិ
អន្តរជាតិ
Messi ចង់ត្រឡប់ទៅជួយ Barcelona វិញ?
02, Nov 2021 , 8:29 am        
រូបភាព
Lionel Messi តារាឆ្នើមក្រុម Paris Saint-Germain ចង់ត្រឡប់ទៅក្លិបចាស់ Barcelona វិញ នៅពេលរូបគេបញ្ចប់អាជីពជាកីឡាករបាល់ទាត់។ Messi បង្ហាញបំណងចង់ជួយក្លិប Barca ខណៈរូបនេះអាចនឹងទទួលបានតួនាទីជាលេខាធិការបច្ចេកទេសរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ ។



Messi បានចំណាយពេល២ទសវត្សរ៍នៅ Barcelona ដោយក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់កម្មវិធី និងជាអ្នកបង្កើតទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្រុម មុនពេលចូលរួម Paris Saint-Germain នៅរដូវកាល ២០២១-២២។ ក្លិបយក្ស LaLiga មួយនេះ ក៏ចង់រក្សាម្ចាស់ពាន Ballon d'Or ៦ សម័យទុកដែរ ប៉ុន្តែមិនអាចធ្វើទៅបានដោយសារស្ថានភាពហិរញ្ញវត្ថុ។
យ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់កាសែត Marca ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ដែលមិនទាន់រកបានគ្រាប់បាល់នៅ Ligue 1 សម្រាប់ PSG នៅឡើយ បានប្រាប់អ្នកព័ត៌មានថា រូបគេតែងតែចង់ត្រឡប់ទៅជួយក្លិបចាស់វិញ នៅពេលបញ្ចប់អាជីពជាកីឡាករបាល់ទាត់។
 
«ខ្ញុំចង់ក្លាយជាមនុស្សមានប្រយោជន៍ម្នាក់សម្រាប់ Barcelona និងជួយក្លិបដំណើរការបានល្អឡើងវិញ ខ្ញុំចង់ធ្វើជាលេខាធិការបច្ចេកទេស ប៉ុន្តែខ្ញុំមិនដឹងថាតើវានឹងដូចអ្វីដែលខ្ញុំចង់បាន ឬយ៉ាងណានោះទេ»។ នេះជាការអះអាងរបស់ Messi មុនបន្ថែមថា៖ «ខ្ញុំចង់ត្រឡប់ទៅក្លិបចាស់វិញ ដើម្បីរួមចំណែកអ្វីមួយ ដែលខ្ញុំអាចធ្វើបាន ព្រោះខ្ញុំស្រលាញ់ Barcelona ហើយខ្ញុំចង់ឱ្យពួកគេបន្តធ្វើបានល្អ ដើម្បីបន្តរីកចម្រើន និងបន្តក្លាយជាកីឡាករ និងក្លិបល្អបំផុតក្នុងពិភពលោក»។
  


សម្រាប់ Barcelona វិញ ចាប់តាំងពីបាត់វត្តមានរបស់ តារាឆ្នើមរបស់ខ្លួន Messi ពួកគេធ្លាក់ដុនដាបខ្លាំងទាំងការប្រកួតក្នុងលីគ និង Champions League។ ក្រុមរហស្សនាមអ្នមានបុណ្យ បានចារកំណត់ត្រាអាក្រក់ជាច្រើនលើកក្រោមការដឹកនាំរបស់លោក Ronal Keoman មុនអ្នកចាត់ការរូបនេះត្រូវបញ្ចប់តំណែងថ្មីៗនេះ។
Barcelona ស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាង La Liga ដោយរកបាន១៦ពិន្ទុ ពីការប្រកួត១១លើក។ នៅក្របខណ្ឌអឺរ៉ុបវិញពួកគេនៅលេខរៀងទី៣ក្នុងពូល ក្រោយប្រកួតចាញ់ពីរ និងឈ្នះ១។ 
 
បើទោះស្ថិតនៅជាកីឡាកររបស់ក្រុមយក្សបារាំងជាមួយប្រាក់ឈ្នួលខ្ពស់បំផុតលើក Messi នៅតែបង្ហាញពីចំណង់ចំណូលចិត្តត្រឡប់ទៅ Barca ដែលជាកន្លែងរូបគេឈ្នះពានរង្វាន់សរុបចំនួន៣៥ ក្នុងនោះ LaLiga ចំនួន១០ និង Champions League ៤សម័យកាល៕

Tag:
 Lionel Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com