ជាតិ
សង្គមជាតិ
សីហា បានការឧបត្ថម្ភជាហូរហែ មានទាំងពីនាយករដ្ឋមន្ត្រី ឧកញ៉ា និងព្រះសង្ឃ
× រូបថត កំពុងផ្លាស់ប្តូរជីវិត កុមារា គង់ សីហា ដែលជាសិស្សក្រីក្រម្នាក់រស់នៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រូបដែលបង្ហោះដំបូងនៅលើទំព័រហ្វេសប៊ុក JCI Chaktomuk បង្ហាញពីទិដ្ឋភាពដែលសីហា ឈរតម្រង់ជួរនៅក្នុងបរិវេណសាលារៀន ដោយគ្មានស្បែកជើង ហើយអ្វីដែលពិសេសនោះ គេបានយកថង់ច្រកបណ្ណចាក់វ៉ាក់សាំង ពាក់នៅពីមុខ។
រូបថតនេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ដែលក្នុងនោះមានទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ «បណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយ និងការពាក់ម៉ាស់បានត្រឹមត្រូវ»។ នេះជាសំណេរនៅលើហ្វេសប៊ុកប្រមុខរដ្ឋាភិបាល ចំពោះសីហា។
តាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានថ្មីៗ ប្រចាំខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ លោក ទៀ សីហា អភិបាលខេត្ត បាននាំយកអំណោយទឹកប្រាក់២០លានរៀលរបស់ សម្តេច ហ៊ុន សែន ប្រគល់ឱ្យក្រុមគ្រួសារកុមារា គង់ សីហា។ បន្ថែមពីប្រមុខរដ្ឋាភិបាល ក៏ជួយសង់ផ្ទះដែលមានតម្លៃជាង៣ពាន់ដុល្លារឱ្យថែមទៀតផង។
មានសប្បុរសជនជាច្រើន បាននាំគ្នាឧបត្ថម្ភអំណោយជាទឹកប្រាក់ សម្ភារសិក្សា គ្រឿងឧបភោគ និងបរិភោគ ដល់សីហា និងក្រុមគ្រួសារ ដែលកំពុងរស់នៅក្នុងកូនផ្ទះប្រក់ស័ង្កសី បាំងដោយជញ្ជាំងស្បូវ និងធាងដូង។ សប្បុរសជនទាំងនោះ មានដូចជាអាជ្ញាធរមូលដ្ឋាន បណ្តា ឧកញ៉ា ក្នុងនោះក៏មានព្រះសង្ឃ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com