កីឡាអន្តរជាតិ
អន្តរជាតិ
Emery នឹងមិនទៅដឹកនាំ Newcastle ព្រោះម្ចាស់ក្លិបគ្មានចក្ខុវិស័យច្បាស់លាស់
04, Nov 2021 , 9:29 am        
រូបភាព
លោក Unai Emery នឹង​បដិសេធទៅដឹកនាំ​ក្រុម Newcastle United ដែលទើបមានម្ចាស់ថ្មីសម្បូរទ្រព្យហូរហៀ ដើម្បីបន្តរួមរស់​ជាមួយ Villarreal​។ លោក Emery ថាម្ចាស់ថ្មី Newcastle គ្មានគម្រោងច្បាស់លាស់ និងធ្វើអ្វីតាមនឹកឃើញ។



អតីតអ្នកចាត់ការទូទៅ Arsenal រូបនេះបានបញ្ជាក់នៅថ្ងៃទី២ ខែវិច្ឆិកាថា លោកត្រូវបានក្លិបសារិកាព្រៃទាក់ទង ដើម្បីទៅជំនួសតំណែងលោក Steve Bruce ដែលទើបលាលែង។ យ៉ាងណាក៏ដោយលោក Emery មិនយល់ព្រមការផ្តល់ជូនឱកាសត្រឡប់ទៅដឹកនាំក្រុមនៅ Premier League នេះឡើយ។
 
ប្រភពជិតស្និទ្ធនឹងលោក Emery បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះមានអារម្មណ៍ថាម្ចាស់ក្លិប Newcastle ថ្មីខ្វះចក្ខុវិស័យច្បាស់លាស់សម្រាប់ក្លិប ស្របពេលក្លិបដែលមានម្ចាស់ជារជ្ជទាយាទអារ៉ាប៊ីសាអូឌីតមួយនេះ សង្ឃឹម​ថា​នឹង​មាន​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញចូលទៅកាន់តំណែង​​ចុង​សប្តាហ៍​នេះ។
 
«ពួកគេ [Newcastle] បានបង្ហាញពីការចង់បានខ្ញុំ... ប៉ុន្តែចំណាប់អារម្មណ៍ពួកគេ ខ្ញុំបានយកមកគិតពេញមួយថ្ងៃ ហើយជាក់ស្តែងមិនមានព័ត៌មានណាមួយបន្ថែមទៀតថាចំណាប់អារម្មណ៍នោះជាការផ្តល់ជូននោះទេ។ អ្វីៗដែល Newcastle បានធ្វើមិនមែនជាការផ្តល់ជូនទេ។ ខ្ញុំរីករាយ និងផ្តោតអារម្មណ៍ជាមួយ Villarreal បន្តទៀត ខ្ញុំនឹងចាកចេញទេ»។ Emery បានប្រាប់ទូរទស្សន៍អេស្ប៉ាញដូច្នេះ។
Emery គ្រូសញ្ជាតិអេស្ប៉ាញ​វ័យ៥០ឆ្នាំបន្ថែមថា ប្រសិនបើមានការផ្តល់ជូនពី Newcastle ជាក់លាក់មែន ក៏លោកមិនសម្រេចខ្លួនឯងថាទៅ ឬក៏អត់ដែរ គឺពឹងផ្អែកលើម្ចាស់ក្លិប Villarreal ប៉ុណ្ណោះ។
 
ប្រធានក្លិប Villarreal លោក Fernando Roig ក៏បានអះអាងដែលថា មិនបានដឹងព័ត៌មានអំពីការចង់បានលោក Emery ពីសំណាក់ក្លិបអង់គ្លេស Newcastle នោះទេ។ លោក Roig បានប្រាប់កម្មវិធីទូរទស្សន៍ក្នុងស្រុក A Punt ថាលោក Emery សប្បាយចិត្តជា Villarreal ហើយអតីតអ្នកចាត់ការ PSG ក៏ស្ថិតក្នុងកិច្ចសន្យានៅឡើយ។
 Newcastle United ដែលមានអ្នកស្រី Amanda Staveley ជាម្ចាស់ក្លិបថ្មី តំណាងឱ្យរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman បានក្រសោបយកក្លិបនេះពីលោក Mike Ashley ជាមួយការទិញដូរក្នុងតម្លៃ ៤១៥ លានដុល្លារអាមេរិក៕

Tag:
 Newcastle United
  Unai Emery
© រក្សាសិទ្ធិដោយ thmeythmey.com