កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool និង Juventus កក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ
04, Nov 2021 , 10:01 am        
រូបភាព
Liverpool បានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ AT-Madrid ២-០ ក្នុងការប្រកួត Champions League វគ្គជម្រុះតាមពូល។ Juventus ដែលយកឈ្នះ Zenit St Petersburg ៤-២ ក៏ឡើងទៅវគ្គបន្តស្វ័យប្រវត្តិដែរ។



ក្នុងជំនួបលើកទី៤ពូល B នៅរាត្រីថ្ងៃទី៣ ខែវិច្ឆិកា ក្រុមហង្សក្រហមនៅតែអាចរកបាន៣ពិន្ទុបន្ថែម ដោយយកឈ្នះក្រុមខ្លាំង AT-Madrid តាមរយៈការរកគ្រាប់របស់ Diogo Jota និង Sadio Mane។ ១គ្រាប់ម្នាក់របស់កីឡាករទាំងពីរបានជួយក្រុមលោក Jurgen Klopp ទទួលបាន១២ពេញ និងនាំមុខដាច់ក្រុមលេខ៣ AT-Madrid ចំនួន៨ពិន្ទុ។ នាំមុខ៨ពិន្ទុ ហើយការប្រកួតនៅសល់២លើក មានន័យថា Liverpool បានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុមតែម្តង។
 
ក្នុងពូល B នេះ ក្រុម FC Porto បានឡើងទៅឈរលេខ២បណ្តោះអាសន្នមាន ៥ពិន្ទុ ក្រោយពួកគេស្មើ AC Milan ១-១។ AC Milan នៅបាតតារាងមាន១ពិន្ទុប៉ុណ្ណោះ ខណៈ AT-Madrid មាន៤ពិន្ទុឈរលេខ៣។ ខណៈសល់២ប្រកួតរៀងខ្លួន Porto, AT-Madrid និង AC Milan នៅមានឱកាសប្រជែងយកមួយកៅអីទៅកាន់វគ្គខ្វែង។



ដោយឡែកនៅពូល H វិញ Juventus ក៏បានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយជាមួយ Liverpool និង Bayern Munich ដែរ ក្រោយពួកគេរកបាន១២ពេញពីការប្រកួត៤លើក។ ក្រុមសេះបង្កង់ឈ្នះប្រកួតលើកទី៤លើក្រុមរុស្ស៊ី Zenit St Petersburg ៤-២។
 
ពូល H នេះ Chelsea ដែលឈ្នះ Malmö FF ១-០ ក៏មានភាគរយខ្ពស់ដើម្បីឡើងទៅវគ្គខ្វែងដែរ ដោយគ្រាន់តែពួកគេស្មើនៅប្រកួតទី៥ប៉ុណ្ណោះ។ ក្រុមតោខៀវស្ថិតនៅចំណាត់ថ្នាក់ទី២ មាន៩ពិន្ទុ តាមពីក្រោយដោយ Zenit មាន៣ពិន្ទុ និង Malmö នៅបាតតារាងគ្មានពិន្ទុរាប់៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com