កីឡាអន្តរជាតិ
អន្តរជាតិ
COP26៖ FIFA និង IOC សន្យាចូលរួមកាត់បន្ថយកាបូនដល់កម្រិតសូន្យត្រឹមឆ្នាំ២០៤០
04, Nov 2021 , 6:01 pm        
រូបភាព
ស្ថាប័នកីឡាធំៗមួយចំនួនលើពិភពលោក រួមទាំងសហព័ន្ធកីឡាបាល់ទាត់ (FIFA) និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី៣ ខែវិច្ឆិកា សន្យាកាត់ចូលរួមកាត់បន្ថយការបញ្ចេញកាបូនចាប់ពីពេលនេះ រហូតឈានដល់កម្រិតសូន្យនៅត្រឹមឆ្នាំ ២០៤០។



បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការសន្យារបស់ FIFA និង IOC ជាផ្នែកមួយនៃការព្រមព្រៀងមួយដែលធ្វើឡើងនៅក្នុងក្នុងកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក ស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ (COP26) នៅទីក្រុង Glasgow ប្រទេសស្កុតឡែន។ ក្នុងនោះក៏មានការចូលរួមរបស់អង្គការ Sports for Climate Action Framework (S4CA) ដែលជាអង្គការមួយបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីនាំយកស្ថាប័នកីឡារួមគ្នាដើម្បីសម្រេចគោលដៅបម្រែបម្រួលអាកាសធាតុជាសកល។
អំឡុងសន្និសីទ COP26 នៅថ្ងៃទី១​ ខែវិច្ឆិកា អង្គការនានា រួមជាមួយអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀត បានសន្យារួមគ្នាកាត់បន្ថយការបំភាយឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់អាក្រក់បំផុតឱ្យបាន៥០ភាគរយនៅឆ្នាំ ២០៣០​ ផងដែរ។
 
លោកស្រី Patricia Espinosa លេខាធិការប្រតិបត្តិនៃការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងពិធីនោះថា៖ «បួនឆ្នាំចាប់តាំងពីយើងបានចាប់ផ្តើមក្របខណ្ឌសកម្មភាពកីឡាសម្រាប់អាកាសធាតុ អង្គការកីឡាជាង ២៨០ បានប្តេជ្ញាចិត្តចំពោះគោលបំណងសំខាន់នៃការធ្វើឱ្យកីឡាស្របតាមគោលដៅនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ 
«វិស័យកីឡា ជាពិសេស FIFA និង IOC បានចូលរួមដោះស្រាយបញ្ហាប្រឈមយ៉ាងខ្លាំងក្លា មិនតែប៉ុណ្ណោះពួកគេបានប្រាប់យើងថាពួកគេចង់ធ្វើបន្ថែមលើសពីនេះទៀត និងធ្វើវាឱ្យលឿនជាងមុន»។ នេះជាការបញ្ជាក់របស់អ្នកស្រី Espinosa សញ្ជាតិម៉ិកស៊ិក អង្គការកីឡារទាំងនោះសន្យា និងស្នើឱ្យចូលរួម កាត់បន្ថយការបំភាយឧស្ម័ន ៥០ ភាគរយនៅឆ្នាំ ២០៣០ និងដល់កម្រិតសូន្យនៅឆ្នាំ ២០៤០។
 
ប្រភេទកីឡាមួយចំនួន ត្រូវបានគេមើលឃើញថាងាយរងគ្រោះទៅនឹងការឡើងកំដៅអាកាសធាតុនៅលើផែនដី ជាឧទាហរណ៍ ការកើនឡើងសីតុណ្ហភាពនឹងជះឥទ្ធិពលដល់ព្រឹត្តិការណ៍កីឡាដូចជា កីឡាវាយកូនបាល់ Australian Open, World Cup និងកីឡាអូឡាំពិករដូវរងាជាដើម៕

Tag:
 COP26
  IOC
  FIFA
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com