អន្តរជាតិ
អាម៉េរិក កាណាដា និង១៨ប្រទេសទៀតប្តេជ្ញាលែងឱ្យលុយលើគម្រោងឥន្ធនៈផូស៊ីលនៅបរទេស
05, Nov 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖​​ ឡាយ ស្រីពេជ្រ
 
អាម៉េរិក កាណាដា និង១៨ប្រទេសទៀត នៅថ្ងៃទី៤ ខែវិច្ឆិកា ប្តេជ្ញាបញ្ឈប់ការផ្តល់ហិរញ្ញប្បទានសាធារណៈសម្រាប់គម្រោងឥន្ធនៈផូស៊ីលនៅបរទេសត្រឹមចុងឆ្នាំ២០២២ ។ ប្រទេសទាំងនេះ នឹងបង្វែរលុយទាំងនោះទៅលើថាមពលស្អាតជំនួសវិញ។

 
នៅកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦(COP26) ប្រទេសចំនួន២០ មានអាម៉េរិក កាណាដា ដាណឺម៉ាក អ៊ីតាលី ហ្វាំងឡង់ កូស្តារីកា អេត្យូពី ហ្គាំប៊ី នូវែលសេឡង់ និងកោះម៉ាសាល់ជាដើម បូករួមទាំងស្ថាប័នអភិវឌ្ឍន៍ចំនួន៥ រួមមានធនាគារវិនិយោគអឺរ៉ុប និងធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងកើត បានប្រកាសការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ឈប់ការផ្ដល់លុយដល់គម្រោងឥន្ធនៈផូស៊ីលនៅប្រទេសនានា។
 
«ពួកយើងនឹងបញ្ចប់ការផ្គត់ផ្គង់សាធារណៈដោយផ្ទាល់ត្រឹមចុងឆ្នាំ ២០២២ សម្រាប់វិស័យថាមពលឥន្ធនៈផូស៊ីលអន្តរជាតិ»។ នេះបើយោងតាមការប្រកាសរបស់ប្រទេសទាំង២០នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters កិច្ចព្រមព្រៀងនេះនឹងគ្របដណ្តប់លើគម្រោងឧស្ម័ន ប្រេង និងធ្យូងថ្ម ដែលគម្រោងទាំងនេះមិនមានភាពថមថយសោះលើការបំភាយឧស្ម័នក្នុងពិភពលោក។ ប៉ុន្តែកិច្ចព្រមព្រៀងនេះក៏មានការអនុញ្ញាតឱ្យមានការលើកលែងនៅក្នុងកាលៈទេសៈខ្លះផងដែរ។ យ៉ាងណាមិញ ​​​​​​​ការលើកលែងនោះត្រូវតែស្របជាមួយគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីកាត់បន្ថយការឡើងកម្តៅផែនដីឱ្យបាន១,៥អង្សា។
 
សកម្មជនបរិស្ថាន និងក្រុមយុទ្ធនាការដែលធ្វើការលើការកាត់បន្ថយឥន្ធនៈផូស៊ីល ​​ហៅ​ការ​ប្តេជ្ញា​ចិត្ត​នេះ​ថា​ជា​ជំហាន​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ការ​បិទ​ការ​ផ្តល់​មូលនិធិ​សម្រាប់​គម្រោង​ឥន្ធនៈ​ហ្វូស៊ីល​។ 
 
ប៉ុន្តែបណ្តាប្រទេសអាស៊ីធំៗរួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង​ដែលជាប្រទេសផ្គត់ផ្គង់ធំបំផុតនៅលើគម្រោងឥន្ធនៈហ្វូស៊ីលនៅបរទេសក្នុងចំណោមក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) មិនបានចូលរួមការប្តេជ្ញានៅក្នុងកិច្ចព្រមព្រៀងនេះទេ។ ប៉ុន្តែ កន្លងមក ប្រទេសទាំងនោះបានប្តេជ្ញាបញ្ឈប់ការផ្តល់មូលនិធិនៅបរទេសសម្រាប់គម្រោងធ្យូងថ្មនៅបរទេសផងដែរ៕

Tag:
 អាម៉េរិក
  កាណាដា
  COP26
© រក្សាសិទ្ធិដោយ thmeythmey.com